សុខភាពបុរស

ខ្ញុំ​រលាក​ពងស្វាស​អីចឹង គេ​ព្យាបាល​យ៉ាងម៉េច​ទៅ​?

​ការ​រលាក​ពងស្វាស​ភាគច្រើន​បណ្តាល​មកពី​ការបង្ករោគ​ដោយ​បាក់តេរី ឬ​វីរុស​ជំងឺ​ស្រ​ឡា​ទែន​។ ចំពោះ​ការ​រលាក​ដោយសារ​បាក់តេរី​អាច​បណ្តាលមកពី​ជំងឺ​កាមរោគ ជាពិសេស​ជំងឺ​ប្រមេះ​ទឹកបាយ ឬ​ទឹកថ្លា​តែម្តង​។ ការ​រលាក​ពងស្វាស​បង្ក​ជា​ការឈឺចាប់ និង​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មានកូន​ដែរ​។ ការប្រើ​ថ្នាំ​អាច​ព្យាបាល​មូលហេតុ​នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី និង​លុបបំបាត់​រោគសញ្ញា​នៃ​ការបង្ក​រោគ​ដោយ​វីរុស​។ ប៉ុន្តែ​វា​ត្រូវការ​ពេល​ច្រើន ដើម្បី​ឱ្យ​ភាព​ហើម​របស់​ពងស្វាស​ស្រក​ទៅវិញ​។ ​ចំពោះ​ការព្យាបាល​អាការៈរលាក​ពងស្វាស​គឺ​អាស្រ័យ​ទៅតា​មមូលហេតុ​របស់​វា​ដែរ​។

​ការ​រលាក​ពងស្វាស​ដោ​យ​សារ​បាក់តេរី​
​ថ្នាំ​ផ្សះ​គឺជា​តម្រូវការ​ចំ​បាច់​ក្នុង​ការព្យាបាល​ជំងឺ​រលាក​ពងស្វាស​ដែល​បង្កឡើង​ដោយ​បាក់តេរី​។ បើសិន​ជា​មូលហេតុ​នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី​គឺ​ជំងឺ​កាមរោគ​វិញ​នោះ ដៃគូ​រួមភេទ​ក៏​ត្រូវ​ការព្យាបាល​ដែរ​។

​ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​ថ្នាំ​ផ្សះ​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ឱ្យបាន​គ្រប់គ្រាន់ បើទោះបីជា​បាត់​រោគសញ្ញា​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ​។ ​វា​ប្រហែលជា​ត្រូវការ​ពេល​ច្រើន​សប្តាហ៍​ទើប​បាត់​អាការៈ​ហើម​ពងស្វាស​។ ការ​សម្រាក ការប្រើ​របស់​ទ្រទ្រង់​ថង់​ពងស្វាស ស្អំ​ទឹកកក និង​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​អាចជួយ​បំបាត់​អាការៈ​គ្មា​នផា​សុកភាព​បាន​។

​ការ​រលាក​ពងស្វាស​ដោ​យ​សារ​វីរុស​
​ការព្យាបាល​ក្នុងករណីនេះ​គឺ​ដើម្បី​បំបាត់​រោគសញ្ញា​ទេ ហើយ​គ្រូពេទ្យ​ប្រហែល​ជា​ណែនាំ​ដូចខាងក្រោម​នេះ​៖

  • ​ប្រើ​ថ្នាំ​ប្រភេទ Nonsteroidal Anti-inflammatory Drugs ដូចជា Ibuprofen (Advil, Motrin) ឬ Naproxen (Aleve)
  • ​គេង និង​ធ្វើ​យ៉ាងណា​ឱ្យ​ពងស្វាស​នៅ​ខ្ពស់​
  • ​ស្អំ​ទឹកកក​


​ការ​រលាក​ពងស្វាស​ដោ​យ​មិនដឹង​មូលហេតុ​
​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ផ្សះ និង​ថ្នាំ​ប្រឆាំង​ការ​រលាក​ក្នុងករណី​រក​មិនឃើញ​មូលហេតុ​សោះ​៕

ប្រែសម្រួលដោយ៖ ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  កញ្ញា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play