ជំងឺទូទៅ

​តេស្ត​ដែល​គួរ​ធ្វើ​ចំពោះ​អ្នកជំងឺ Parkinson’s Disease

​ជំងឺ Parkinson’s គឺ​ជា​ជំងឺ​នៃ​ការខូចខាត​បន្តិច​ម្តងៗ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​ដែល​វា​ប៉ះពាល់​លើ​ការ​ធ្វើ​ចលនា​។ ជំងឺ​នេះ​ពេលខ្លះ​ចាប់ផ្តើម​ជាមួយនឹង​ការ​ញ័រ​ប្រអប់ដៃ​ដោយ​មិន​ដឹង​ខ្លួន​។ ប៉ុន្តែ​ក្នុង​ពេល​ញ័រ​នោះ​ប្រហែល​ជា​សញ្ញា​ដែល​គេ​ស្គាល់​បំផុត​របស់​ជំងឺ​នេះហើយ ប៉ុន្តែ​វា​ក៏​បង្ក​ជា​បញ្ហា​គាំង​សន្លាក់ ឬ​ធ្វើ​ចលនា​យឺតៗ​ដែរ​។


​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​របស់​ជំងឺ Parkinson’s មុខ​អ្នក​ប្រហែលជា​អាច​ធ្វើ​ចលនា​បាន​តិចតួច ឬ​អត់​តែម្តង ឬ​ដៃ​ប្រហែលជា​មិន​អាច​បង់បោយ បាន​ពេល​ដើរ​។ ការនិយាយ​ប្រហែល​ជា​ទន់ ឬ       ស្លុលៗ​។ រោគសញ្ញា​របស់​ជំងឺ​នេះ​នឹង​ធ្ងន់​ទៅៗ​នៅពេល​ខាងមុខ​។

ទោះបីជា​ជំងឺ​នេះ​មិន​អាច​ព្យាបាល​បាន​ក៏ដោយ ក៏​ការប្រើប្រាស់​ថ្នាំ​អាច​សម្គាល់​ដឹង​ថា​រោគសញ្ញា​មានការ​ស្រាកស្រាន្ត​ដែរ​។ ករណី​ម្តងម្កាល គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឱ្យ​ធ្វើ​ការវះកាត់​ដើម្បី​សម្រួល​ដល់​តំបន់​ជាច្រើន​ក្នុង​ខួរក្បាល និង​បន្ថយ​រោគសញ្ញា​។

រោគសញ្ញា​របស់​ជំងឺ Parkinson’s មាន​ភាពខុសប្លែក​ពី​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ រោគសញ្ញា​ដំបូង​របស់​វា​អាច​មាន​លក្ខណៈ​តិចតួច និង​មិនដឹង​ខ្លួន​។ រោគសញ្ញា​ច្រើនតែ​ចាប់ផ្តើម​នៅ​មួយ​ចំហៀង​ខ្លួន និង​ច្រើន​តែ​ធ្ងន់ធ្ងរ​នៅ​មួយ​ចំហៀង​ខ្លួន​នោះ​។

ចំពោះ​ជំងឺ Parkinson’s ដូចជា​គ្មាន​ការ​ធ្វើ​តេស្ត​អ្វី​ពិសេស​ដើម្បី​កំណត់​ជំងឺ​នេះ​ឱ្យ​កាន់តែ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​គ្រូពេទ្យ​ដែល​ជំនាញ​ខាង​ជំងឺសរសៃប្រសាទ​នឹង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​នេះ​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ រោគសញ្ញា និង​ការពិនិត្យ​លើ​សរសៃប្រសាទ និង​រាងកាយ​។

គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ផ្សេង​ដែរ​ដូចជា តេស្ត​ឈាម​ដើម្បី​ទាត់ចោល​នូវ​ជំងឺ​ណា​ដែល​មាន​រោគសញ្ញា​ស្រដៀង​គ្នា​។

ការថត MRI អេកូ​ខួរក្បាល SPECT និង PET Scans ប្រហែលជា​អាច​ប្រើ​ដើម្បី​ទាត់​ចោល​ជំងី​ផ្សេងៗ​ទៀត​បាន​។ ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​មិន​មាន​ប្រយោជន៍​អ្វី​ជាពិសេស​សម្រាប់​កំណត់​រោគវិនិច្ឆ័យ​ជំងឺ Parkinson ឡើយ​។

ក្រៅពី​ពិនិត្យ គ្រូពេទ្យ​អាច​នឹង​ផ្តល់​ជា​ថ្នាំ Carbidopa-levodopa សម្រាប់​ព្យាបាល​ជំងឺ Parkinson’s តែម្តង​។ អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​នេះ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របស់​វា ព្រោះ​កាលណា​ប្រើ​ក្នុង​កម្រិត​ទាប​វិញ​គឺ​មិន​មាន​ប្រយោជន៍​ឡើយ​។ បើសិនជា​ការប្រើ​ថ្នាំ​នេះ​ទៅ​ធ្វើ​ឱ្យ​រោគសញ្ញា​ធូរស្បើយ​នោះ វា​នឹង​បញ្ជាក់បាន​ថា​អ្នក​ពិតជា​មាន​ជំងឺ Parkinson’s ហើយ​។ ពេលខ្លះ វា​អាច​នឹង​ត្រូវការ​ពេល​យូរ​ដែរ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ Parkinson នេះ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី23  កញ្ញា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play