សុខភាពបុរស

​​កាន់​តែ​គ្រោះថ្នាក់ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ដាក់​ទូរសព្ទ​​ក្នុង​ហោប៉ៅ​ ​ធ្វើ​ឲ្យ​មេ​ជីវិត​​ឆ្អិន​

ក្រុម​អ្នក​ជំនាញ​​ខាង​ផ្នែក​បន្ត​ពូជ​បាន​ព្រមាន​ដល់​ បុរស​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​ប្រមាណ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​ពួក​គេ​អាច​​ប្រឈម​នឹង​បញ្ហា​មេ​ជីវិត​ឆ្អិន​ និង​អាច​ធ្វើ​ឲ្យ​បរិមាណ​មេ​ជីវិត​ថយ​ចុះ។
 
ការ​សិក្សា​ថ្មី​ពី​ក្រុម​អ្នក​ជំនាញ​នេះ​​ក៏​បាន​បង្ហាញ​ដែរ​ថា​ការ​ទុក​ទូរសព្ទ​នៅ​ក្បែរ​ពង​ស្វាស​ ឬ​ទុក​ទូរសព្ទ​ចម្ងាយ​ ៣០​ស.ម​ទៅ​៦០​ស.ម​ ពី​ខ្លួន​ប្រាណ​ អាច​បន្ថយ​បរិមាណ​មេ​ជីវិត​យ៉ាង​ច្រើន រហូត​ធ្វើ​ឲ្យ​ពិបាក​បង្ក​កំណើត។
 
លោក​​ Martha Dirnfeld សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ Technion University ​នា​ប្រទេស​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​ ៖ “​យើង​បាន​វិភាគ​លើ​បរិមាណ​មេ​ជីវិត​ដែល​នៅ​រស់​ និង​គុណភាព​របស់​វា​ ហើយ​បាន​រក​ឃើញ​ថា​ទាំង​បរិមាណ​និង​គុណភាព​គឺ​បាន​កាត់​បន្ថយ”។ លោក​បាន​បន្ត​ថា​ មូលហេតុ​គឺ​​បណ្ដាល​មក​ពី​ទូរសព្ទ​និង​គ្រឿង​អេឡិចត្រូ​ម៉ាញេទិច​ដទៃ​ទៀត​បាន​​បញ្ចេញ​កម្ដៅ​ដែល វា​ប្រៀប​ដូច​ជា​ការ​ចម្អិន​មេ​ជីវិត។ ​​​​​​​
 
ក្រុម​​សិក្សា​ដែល​ដឹក​នាំ​ដោយ​លោក​ Martha បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​បុរស​ច្រើន​ជាង​១០០​នាក់​ ដែល​បាន​មក​កាន់​គ្លីនិក​បន្ត​ពូជ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ពួក​គេ​បាន​រក​ឃើញ​ថា​ផល​ប៉ះពាល់​ដល់​មេ​ជីវិត​​​ក្រៅ​ពី​​​​កើត​មាន​លើ​បុរស​ដែល​ទុក​ទូរសព្ទ​ក្បែរ​ពង​ស្វាស​ ហើយ​វា​​​ក៏​កើត​មាន​លើ​បុរស​ដែល​និយាយ​ទូរសព្ទ​ពេល​កំពុង​សាក​ថ្ម​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ​​សូម្បី​តែ​ការ​​ទុក​ទូរសព្ទ​នៅ​លើ​តុ​ក្បែរ​គ្រែ​គេង​ក៏​អាច​កាត់​បន្ថយ​បរិមាណ​មេ​ជីវិត​ដែរ។​
 
​សាស្ត្រាចារ្យ​ Gedis Grudzinskas អ្នក​ប្រឹក្សា​បញ្ហា​​បន្ត​ពូជ​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​ St George នា​ទី​ក្រុង​ឡុងដុង​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​​ បុរសៗ​គួរ​បញ្ឈប់​ទង្វើ​ដែល​ញៀន​នឹង​ទូរសព្ទ​ខ្លាំង។ ​លោក​បាន​បន្ត​ថា​ “ប្រសិន​បើ​អ្នក​ពាក់​អាវ​ធំ​ទៅ​ធ្វើ​ការ​គួរ​ទុក​ទូរសព្ទ​នៅ​ក្នុង​ហោប៉ៅ​អាវ​ជា​ជាង​ការ​ទុក​ក្បែរ​ពង​ស្វាស។ វា​នឹង​អាច​ជួយ​បង្ការ​កុំ​ឲ្យ​បរិមាណ​មេ​ជីវិត​ធ្លាក់​ចុះ​ ឬ​ធ្លាក់​ចុះ​ខ្លាំង”។
 
ជា​ចុង​ក្រោយ​លោក​សាស្ត្រាចារ្យ​ Martha បាន​រំលឹក​ថា​ចំពោះ​អ្នក​ដែល​ចង់​មាន​កូន​ប៉ុន្តែ​មិន​​មាន​​ដូច​បំណង​ក្នុង​រយៈ​មួយ​ឆ្នាំ​​នោះ​គួរ​បន្ទោស​លើ​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​របស់​ខ្លួន៕​​​​​​​​
 
ប្រភព៖ ​sabay.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play