សុខភាពបុរស

ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ គេ​ធ្វើ​តេស្ត​អ្វី​ខ្លះ​ទៅ​?

​ដើម្បី​ចង់​ដឹង​ថា អ្នក​ច្បាស់​ជា​មាន​បញ្ហា​នៃ​ការ​នោម ដោយសារតែ ជំងឺ​រីក​ក្រពេញប្រូ​ស្តាត​មែននោះ គ្រូពេទ្យ​អាច​នឹង ត្រូវ​ធ្វើ​តេស្ត​មួយចំនួន​។ រឿងនេះ ច្រើន​តែ​កំណត់​ដឹង តាមរយៈ​ការសាកសួរ​ប្រវត្តិ​ជំងឺ ពិនិត្យ​រាងកាយ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផ្លូវ​ទឹកនោម ការវិភាគ​ទឹកនោម និង​ធ្វើតេស្ត​ឈាម​។ ការពិនិត្យ​លើ សរសៃប្រសាទ ក៏​គួរតែ​ធ្វើ​ដែរ ដើម្បី​កំណត់​ថា រោគសញ្ញា​អ្នក មាន​ទាក់ទង​នឹង សរសៃប្រសាទ​ប្លោកនោម ឬ​អត់​។

​តេស្ត​ដែល​គេ​ធ្វើ​ជា​ញឹកញាប់​
•​    ​ការ​លូក​រន្ធ​គូ​ថ ដោយ​ប្រើ​ម្រាមដៃ អាច​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ដឹង អំពី​ទំហំ និង​ភាព​រឹង​របស់​ក្រពេញប្រូ​ស្តា​តបាន​។ ប៉ុន្តែ ទំហំ​របស់​ក្រពេញប្រូ​ស្តាត មិនមែន​តែងតែ​កំណត់​ដឹង អំពី​ភាព​ធ្ងន់ធ្ងរ របស់​រោគសញ្ញា​នោះទេ​។
•​    ​ការវិភាគ​ទឹកនោម និង​បណ្តុះ​មេរោគ​ក្នុង​ទឹកនោម អាច​ឲ្យ​យើង​ដឹង​ថា មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​អត់​។

•​    ​តេស្ត​រកមើល​កម្រិត Prostate-specific Antigen (PSA) អាច​ពិនិត្យ​ដឹងថា មាន​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាតឬ​អត់ ហើយ​វា​ក៏​អាច​មាន​រោគសញ្ញា ដូច​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​ដែរ​។
​តេស្ត​ដែល​ត្រូវធ្វើ​
​បើសិនជា​រោគសញ្ញា មាន​កម្រិត​ពី​មធ្យម​ទៅ​ធ្ងន់ធ្ងរ ការ​ធ្វើ​តេស្ត​បន្ថែម ប្រហែលជា​ត្រូវ​ធ្វើ ដូចជា ៖

•​    ​តេស្ត Blood Creatinine អាច​ឲ្យ​យើង​ដឹង​ថា​តើ តម្រងនោម​ធ្វើការ​ល្អ​ប៉ុណ្ណា​
•​    ​តេស្ត Post-void Residual Urine Test (PVR) ដើម្បី​កំណត់​ដឹង​អំពី ចំនួន​នៃ​ទឹកនោម ដែល​នៅសល់​ក្នុង​ប្លោកនោម ក្រោយ​ពី​នោម​រួច​។ តេស្ត​នេះ អាចធ្វើ​បាន ដោយ​ការថត​អេកូ ឬ​ប្រើការ​សុង​ទឹកនោម​។
•​    ​ការសិក្សា​ពី​សម្ពាធ លំហូរ​ទឹកនោម​ក្នុង​ប្លោកនោម ខណៈពេល​កំពុង​នោម​។ ការធ្វើ​បែប​នេះ អាច​ជួយ​បញ្ជាក់​អំពី​ភាពខុស​គ្នា រវាង​រោគសញ្ញា​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ដែល​បង្កឡើង​ដោយ​ការស្ទះ​ដូចជា BPH និង​សញ្ញា​ដែល​បង្កឡើង​ដោយ ឥទ្ធិពល​របស់​សរសៃ​ប្រសាទ ឬ​សាច់ដុំ​របស់​ប្លោកនោម​។

•​    ​តេស្ត Cytometrogram គេ​ប្រើ​ដើម្បី​វាស់​អំពី សម្ពាធ​ប្លោកនោម ការ​ធន់​របស់​ប្លោកនោម និង​សមត្ថភាព​ក្នុងពេល​ស្តុក​ទឹកនោម​។

​តេស្ត​ដែល​អាច​ធ្វើ​បន្ថែម​
​តេស្ត​ខាងក្រោម​នេះ ប្រហែលជា​ត្រូវ​ធ្វើ​ទៀត បើសិន​ជា​អ្នក​មាន​ផលវិបាក នៃ​ជំងឺ​រីក​ក្រពេញប្រូ​ស្តាត ឬ​ត្រូវការ​រកមើល មូលហេតុ​របស់​រោគសញ្ញា​ទាំងនោះ​។

•​    ​ការថត​អេកូ អាច​ឲ្យ​យើង​ដឹង​អំពី​មូលហេតុ និង​រចនាសម្ព័ន្ធ​របស់​តម្រងនោម ប្លោកនោម និង​ក្រពេញប្រូ​ស្តាត​។
•​    ​ការឆ្លុះ​ប្លោកនោម អាច​ឲ្យ​គ្រូពេទ្យ​មើលឃើញ ទិដ្ឋភាព​ខាងក្នុង​របស់​បង្ហួរនោម និង​ប្លោកនោម​បាន ជាពិសេស ចង់ដឹងថា​តើ ក្រពេញប្រូ​ស្តាត​នោះ ធ្វើ​ឲ្យ​ស្ទះ​បង្ហួរនោម​ខ្លាំងក្លា​ប៉ុណ្ណា​។​
•​    ​តេស្ត Intravenous Pyelogram (IVP) ជា​ការប្រើ​កាំរស្មី ដើម្បី​បង្ហាញ​មុខងារ របស់​តម្រងនោម និង​លំហូរ​របស់​ទឹកនោម ចេញពី​តម្រងនោម​ទៅ​ប្លោកនោម​។
•​    ​តេស្ត​ដោយ​ការថត ស៊ី​ធី​ស្គេ​ន អាច​ឲ្យ​យើង​មើលឃើញ នូវ​រូបភាព​នៃ​រចនាសម្ព័ន្ធ​ក្នុង​រាងកាយ បាន​យ៉ាង​ច្បាស់ ព្រមទាំង​ភាព​ស្ទះ​របស់​ក្រពេញប្រូ​ស្តាត ដែល​កំពុង​តែ​រីក​ធំ និង​លំហូរ​ទឹកនោម​ចេញពី​តម្រង​នោម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  មិថុនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play