​ប្រយោជន៍​ដែល​មិនសូវ មាន​អ្នកណា​ដឹង របស់​វីតាមីន E

​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​អំពី​គុណប្រយោជន៍ ដ៏​សំខាន់​របស់​វីតាមីន E ចំពោះ​សុខភាព​។ វីតាមីន E មិន​មាន​អត្ថប្រយោជន៍​ដូចគ្នា នឹង​វីតាមីន C, D កាល់ស្យូម និង Folate ឡើយ​។ ដើម្បី​ដឹង​អំពី​អត្ថប្រយោជន៍ ពេញលេញ​របស់​វីតាមីន E សូម​តាមដាន​ដូចខាងក្រោម​នេះ ៖

អង់​ទី​អុកស៊ី​ដង់​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី
អ្វី​ដែល​អង់​ទី​អុកស៊ី​ដង់​ធ្វើ គឺ​ទៅ​តោង​ជាមួយនឹង​អុកស៊ីសែន​ក្នុង​រាងកាយ និង​ការពារ​វីតាមីន​ផ្សេងៗ​ទៀត​ដូចជា វីតាមីន A ពី​ការខូចខាត ដូច្នេះ វា​ក៏​អាច​ត្រូវបាន​បឺត​ស្រូប ចូលទៅ​ក្នុង​ខ្លួន​កាន់តែ​ស្រួល​ដែរ​។ អង់​ទី​អុក​ស៊ីដង់ ក៏​មាន​សារៈសំខាន់ សម្រាប់​ភ្នាស​របស់​កោសិកា​ដែរ​។ ការសិក្ស​ជា​ច្រើន​បង្ហាញ​ថា វីតាមីន E អាច​ជួយ​បង្ការ​បញ្ហា​បេះដូង ដែល​ទាក់ទង​នឹង​ភាព​ចាស់​ទៅ​តាម​អាយុ​បាន​។

រំលាយ​កំណក​ឈាម​
រឿង​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការរំលាយ​កំណក​ឈាម ដែល​ខុស​ប្រក្រតី ចេញពី​សរសៃឈាម ជាពិសេស សរសៃឈាម​អាកទែ​តែម្តង ដូច្នេះ វា​ក៏​មាន​ប្រយោជន៍ ក្នុង​ការបង្ការ​ជំងឺ​បេះដូង​ច្រើន​ប្រភេទ​ដែរ​។

ការពារ DNA និង​កោសិកា​
វីតាមីន E ត្រូវបាន​គេ​ស្គាល់​ថា មាន​ប្រយោជន៍​ដល់​ការការពារ DNA និង​កោសិកា​ពី​សារធាតុបង្កមហារីក​។ វា​នឹង​ទៅ​បញ្ឈប់​ដុំ​សាច់​មហារីក កុំឲ្យ​លូតលាស់​ផង និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ប្រឆាំង​នឹង​បាក់តេរី ដែល​អាច​កើត​ជា​ភ្នាក់ងារ​មហារីក​ផង​។ ការសិក្សា​បាន​បង្ហាញថា វីតាមីន E អាច​បញ្ឈប់​ជំងឺមហារីក​ស្បែក​បាន នៅពេល​លាប​លើ​ស្បែក​ទៀងទាត់ ជាពិសេស អ្នក​ដែល​ចេញ​ទៅ​ក្រៅ​ផ្ទះ ហាលថ្ងៃ​ច្រើន​តែ​ម្តង​។

ជួយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​
ជំងឺ​ទឹកនោម​ផ្អែម ច្រើន​តែ​មាន​បញ្ហា​ទៅ​លើ អាំង​ស៊ុយ​លីន​ធ្វើការ​មិន​បាន​ល្អ ប៉ុន្តែ ជាមួយ​នឹង​ជំនួយ​របស់​វីតាមីន E ការផលិត​អាំង​ស៊ុយ​លីន នឹង​អាច​មាន​លក្ខណៈ​ស្រួលបួល​ឡើងវិញ​។ ក្រៅពី​នេះ​ការរំលាយ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ល្អ​វិញ នៅ​ពេល​អ្នក​ញ៉ាំ​វីតាមីន E គ្រប់គ្រាន់​។

បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​
អត្ថប្រយោជន៍​ផ្សេង​មួយទៀត នៃ​ការ​ញ៉ាំ​វីតាមីន E គឺថា វា​អាច​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។ កូ​ឡេ​ស្តេ​រ៉ុល​ទាប មានន័យ​ថា អ្នក​ក៏​មិន​ងាយ​មាន​បញ្ហា​បេះដូង ដូចជា ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ដែរ​។

ពង្រឹង​ដល់​សុខភាព​ស្បែក​
រឿង​នេះ​គួរតែ​អរគុណ ដល់​អង់​ទី​អុកស៊ី​ដង់​របស់​វីតា​មីន E ហើយ ដែល​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត​។ សក់​អ្នក​ក៏​នឹង​ទទួលបាន ប្រយោជន៍​ពី​វីតាមីន E ដែរ ព្រោះ​វា​នឹង​ជំរុញ​ដល់រ​បត់​ឈាម​រត់ ទៅក្នុង​ស្បែកក្បាល ដើម្បី​ជួយ​ឲ្យ​សក់​នោះ លូតលាស់​កាន់តែ​មាន​សុខភាព​ល្អ​។ វីតាមីន E ត្រូវបាន​គេ​រកឃើញ​ថា អាច​ព្យាបាល​បញ្ហា​ស្បែក​ច្រើន​ប្រភេទ​ដូចជា ជំងឺ​មុន ស្នាម​ស្បែក និង​ស្បែក​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។

ទប់ស្កាត់​ភាព​អស់កម្លាំង​
សព្វថ្ងៃនេះ មនុស្ស​យើង​មាន​ការងារ​ធ្វើ​ច្រើនណាស់ ក្នុងពេល​តែមួយ ហើយ​វា​ក៏​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ដែរ ដែល​ពេល​ខ្លះ អាច​នឹង​មាន​អារម្មណ៍​អស់កម្លាំង​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា វីតាមីន E អាច​ជួយ​ប្រឆាំង នឹង​ភាព​អស់កម្លាំង​អ្នក​បាន​។

សរុបសេចក្តី​មក វីតាមីន E ដើរតួ​នាទ​ដ៏​សំខាន់​មួយ ចាប់ពី​លុបបំបាត់​ការឡើង​ខ្ពស់ របស់កូ​ឡេ​ស្តេ​រ៉ុល រហូត​ដល់​ជួយ​ដល់​សុខភាព​សក់ និង​ស្បែក​។ ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន E ខ្ពស់​ក៏​អាច​ផ្តល់​នូវ​សុខភាព​បានដែរ ដូច្នេះហើយ ចូរ​ប្រាកដថា អ្នក​បាន​ជ្រើសរើស​ម្ហូប​បាន​ត្រឹមត្រូវ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖ 1mhealthtips


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កក្កដា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play