របកគំហើញសុខភាពថ្មីៗ

ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ប៉ះពាល់​ដល់​ចង្វាក់​បេះដូង​

​តើ​អ្នក​ពិតជា​មាន​បំណង ចង់ឲ្យ​មាន​កម្លាំង​ឡើងវិញ តាមរយៈ​ការ​ញ៉ាំ ភេសជ្ជៈ​ប៉ូវ​កម្លាំង​មែន​ទេ​? អ្នក​គួរតែ​គិត​រក វិធី​អ្វីមួយ​ផ្សេង​វិញ​ទៅ ព្រោះ​វា ជាតិ​កាហ្វេ​អ៊ី​ន​ដ៏​ខ្ពស់ របស់​ភេសជ្ជៈ​មួយ​នេះ អាច​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ខុស​ចង្វា​ក់បាន​។ មាន​សេចក្តីរាយការណ៍​មួយ ដែល​ទាក់ទង​នឹង​ផល​រំខាន នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ថា​វា​អាច​បណ្តាលឲ្យមាន​បញ្ហា ដល់​ចង្វាក់បេះដូង​។ អ្នកជំងឺ​ត្រូវបាន​បញ្ជូន ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយពី​កើត​អាការៈ​ក្អួត​ឈាម​។ តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​រកឃើញថា អ្វី​ដែល​មិន​ធម្មតា​នោះ គឺ​ចង្វាក់បេះដូង​លោត​លឿន​បំផុត រហូតដល់ ១៣០ ដង​ក្នុង​មួយ​នាទី​។ តាម​ការថត​ចង្វាក់​បេះដូង ECG ឃើញថា មាន​បញ្ហា​បេះដូង​ញាក់​ជាប់ ឬ​ហៅ​ថា Atrial Fibrillation ដែល​វា​អាច​បណ្តាលឲ្យមាន ផលវិបាក​ធ្ងន់ធ្ងរ​បាន បើសិនជា​មិន​ស្វែង រក​ការព្យាបាល​។

​អ្នកជំងឺ​បាន​និយាយថា គាត់​បាន​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប្រភេទ Monster ចំនួន​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​សរុប​ចំនួន ៣២០ មី​លី​ក្រាម ជាមួយនឹង​ស្រា​បៀរ​ពីរ​ទៅ​បី​កំប៉ុង​ថែមទៀត​។ ក្រោយ​ពី​ប្រើ​ថ្នាំ​ព្យាបាល​ហើយ អាការៈ​ជំងឺ Atrial Fibrillation ក៏​ធូរស្រាល​មក​វិញ​ក្នុង​រយៈពេល ៤៨ ម៉ោង​ក្រោយ​។ ចំពោះ​ការឆ្លុះ​ក្រពះ​វិញ​ឃើញថា មូលហេតុ​នាំ​ឲ្យ​ក្អួត​ឈាម គឺ​បណ្តាលមកពី ការ​ខំប្រឹង​ក្អួត​ពេក ទើប​ធ្វើឲ្យ​រហែកក រហូតដល់​ចេញ​ឈាម​។ ក្រោយ​ពី​អ្នកជំងឺ​ស្រួលបួល​វិញ​ហើយ ក៏​គ្រូពេទ្យ​ឲ្យចេញ​ទៅផ្ទះ ព្រមទាំង​តាមដាន​បន្ត​ទៀត​ផងដែរ ប៉ុន្តែ​គាត់​ក៏​លែង​មាន រោគសញ្ញា​ជំងឺ​បេះដូង ដើរ​ខុស​ចង្វា​ក់ទៀត​ដែរ​។ ថ្វីបើ​មាន​កត្តា​ជាច្រើន នាំ​ឲ្យ​អ្នកជំងឺ​កើត​បញ្ហា Atriall Fibrillation ក៏ដោយ ក៏​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើរ​តួនាទី​សំខាន់​ចំពោះ​រឿង​នេះ​ដែរ​។ ជាតិ​កាហ្វេ​អ៊ី​ន​រហូតដល់ ១៦០ មី​លី​ក្រាម​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង Monster មាន​ចំនួន​ខ្ពស់​ជាង​ភេសជ្ជៈ​ធម្មតាៗ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរនោះ រហូតដល់ ៤​ដង​ឯណោះ​។ ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Journal of Addiction Medicine​។

ក្រោយ​ពី​បងប្អូន​អាន​អំពី​រឿង​នេះ​រួច​ហើយ សូម​ចាំ​ថា ការសិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ភេសជ្ជៈ​នេះ ក៏​មិន​មាន​ក្នុង​ស្រុក​យើង​ដែរ ប៉ុន្តែ អ្វី​ដែល​ត្រូវ​យល់​ដឹង​នោះ​គឺថា ឲ្យតែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​ដូច​គ្នា​ទាំងអស់ ដូច្នេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ផង រាល់​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នានា ដែល​មាន​ក្នុង​ស្រុក​យើង​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play