សុខភាពស្ដ្រី

អាការៈ ៤ យ៉ាង​នៃ​ការ​រលូត​កូន ដែល​ស្ត្រី​ត្រូវ​ប្រុងប្រយ័ត្ន​


​វា​ពិតជា​រឿង​មួយ​ពិបាក​ណាស់​ដើម្បី​និយាយថា អ្នក​មាន​ការ​ប្រឈម​នឹង​ការ​រលូត​កូន ឬ​អត់​នោះ​។ ក្រៅ​ពិ​នេះ អាការៈ​របស់​វា​ជា​ច្រើន​អាច​នឹង​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ ប៉ុន្តែ​បើ​យោង​ទៅតាម​អ្នកជំនាញ​ខាង​សម្ភព និង​រោគ​ស្ត្រី​បានឲ្យដឹងថា អា​ការៈនៃ​ការរ​លូតកូន​ដែល​កើត​មាន​ញឹកញាប់​មួយចំនួន​គឺ​មាន​លក្ខណៈ​ដូចខាងក្រោម ហើយ​ក៏​វា​រឿង​ដែល​អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ធ្វើ​តេស្ត និង​ពិនិត្យ​បន្ថែម​ដែរ​។


​ធ្លាក់ឈាម​

​ការធ្លាក់​ឈាម​គឺ​ជា​សញ្ញា​ព្រមាន​ដំបូង​គេ​មួយ​នៃ​ការ​រលូត​កូន​។ វា​អាច​ប្រែប្រួល​ពី​ការ​ធ្លាក់ឈា​មរឹមៗ រហូត​ដល់​ហូរ​ឈាម​ខ្លាំង ដូច​ការ​មក​រដូវ​ដែរ ប៉ុន្តែ​ឈាម​នោះ​គឺ​ក្រហម​ស្រស់​។ យ៉ាងណាមិញ ការ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា ប៉ុន្តែ​អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​ដែរ​នៅពេល​រឿងនេះ​កើត​។​


​ឈឺពោះ​ផ្នែក​ខាងក្រោម​
​រោគសញ្ញា​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​អាច​បញ្ជាក់​ថា រលូត​កូន​ដែរ​នោះ​គឺ​ការឈឺ​ពោះ​ផ្នែក​ខាងក្រោម​ធ្ងន់ធ្ងរ ហើយ​មិន​ស្រាកស្រាន្ត​ទៅវិញ​។ ជាមួយគ្នានេះដែរ បើសិន​ជា​ភាព​ធ្ងន់ធ្ងរ​នៃ​ការឈឺចាប់​កើនឡើង​បន្តិច​ម្តងៗ ជាមួយនឹង​ការឡើង​កន្ទួល​លើ​ស្បែក​ទៀត​នោះ វា​អាច​ជា​សញ្ញា​នៃ​ការ​រលូត​កូន​ហើយ​។ ដូច្នេះ​អ្នក​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​លឿន​បំផុត​។


​ហូរ​ទឹករំអិល​តាម​ទ្វា​មាស​
​ការហូរ​ទឹករំអិល​មិនធម្មតា​តាម​ទ្វារមាស​ក្នុងពេល​មាន​ផ្ទៃពោះ អាច​ជា​សញ្ញា​មួយ​នៃ​ការ​រលូត​កូន​ដែរ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញ​មាន​កំណក​ឈាម ឬ​ជាលិកា​ពណ៌​ប្រផេះ​ដោយមាន ឬ​គ្មាន​ក្លិនស្អុយ ហើយ​រមាស់​ទ្វារមាស​ទៀត វា​អាច​បញ្ជាក់បាន​ថា​កំពុងតែ​រលូត​កូន​ហើយ​។


​ស្បូន​កន្ត្រាក់​
​ករណីខ្លះ ការ​កន្ត្រាក់​ស្បូន​ខ្លាំងក្លា​ក្នុង​ពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អាច​ជា​អាការៈ​មួយ​នៃ​ការរ​លូតកូន​ដែរ​។ ដូច្នេះ​បើ​សិន​ជា​ការ​កន្ត្រាក់​នេះ​ទៅ​ជា​ខ្លាំង​ទៅៗ វា​គួរតែ​ដល់​ពេល​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ហើយ​៕

 


​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី23  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play