សុខភាពស្ដ្រី

រឿង ៧ យ៉ាង​ដែល​ស្ត្រី​ត្រូវ​ដឹង នៅពេល​ទៅ​ថត​សុដន់ (Mammography)

​មហារីក​សុដន់ គឺជា​ជំងឺមហារីក ដែល​កើតឡើង​ខ្លាំង​បំផុត​លើ​ស្ត្រី​។ ថ្វីបើ​មាន​ការយល់ដឹង​អំពី​រោគសញ្ញា និង​ការប្រឈមមុខ​របស់​ជំងឺ​នេះ​ក៏ដោយ តែ​ក៏​ស្ត្រី​ខ្មែរ​យើង​ភាគច្រើន មិន​បានដឹង​អំពី របៀប​ធ្វើ​តេស្ត​រក​មើល​ជំងឺ​នេះដែរ​។ ដូច្នេះ បើសិន​ជា​គ្រូពេទ្យ​ណែនាំ ឲ្យធ្វើ​ការថត​សុដន់ មានរឿង ៧ យ៉ាង​ដែល​អ្នក​ត្រូវតែ​ចងចាំ ដូចខាងក្រោម​នេះ ៖

  1. ​ការថត​សុដន់ មិន​ត្រូវ​បាន​ណែនាំ​ឲ្យធ្វើ លើ​ស្ត្រី​អាយុ​ក្រោម ៤០ ឆ្នាំ​ឡើយ​។ យ៉ាងណាមិញ ជំងឺ​នេះ​តែងតែ​ត្រូវបាន​ណែនាំ ឲ្យធ្វើ​ការថត​សុដន់ លើ​ស្ត្រី​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​។
  2. ​បើសិន​ជា​អ្នក​នៅ​ក្មេង ហើយ​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ កើត​ជំងឺ​មហារីក​សុដន់ នោះ​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នកថ​តសុដ​ន់ហើយ​។ បើសិន​ជា​អ្នក​ធ្លាប់​មាន​រោគសញ្ញា​ជំងឺមហារីក​សុដន់​ដូចជា មាន​ដុំ​ក្នុង​សុដន់ មាន​ហៀរ​ទឹក​ចេញ​ពី​ក្បាល​សុដន់ ឬ​ទំហំ និង​រូបរាង​សុដន់​ប្រែប្រួល វា​គួរតែ​ដល់ពេល​ទៅ​ថត​សុដន់​ហើយ ទោះបីជា​អ្នក​អាយុ ២៥ ឆ្នាំ​ចុះ​ក៏ដោយ​។​
  3. ​ការថត​សុដន់​មាន​ពីរ​ប្រភេទ ៖ ការពិនិត្យ និង​ការកំណត់​រោគវិនិច្ឆ័យ​។ ការ​ពិនិត្យ​ដោយ​ថត​សុដន់ (Screening Mammography) គឺជា​ការ​ថតកាំរស្មីអ៊ិច​លើ​សុដន់​ស្ត្រី​ធម្មតា ដោយ​មិន​មាន​ឃើញ​នូវ​រោគសញ្ញា មហារីក​សុដន់​អ្វី​ទាំងអស់​។ ការពិនិត្យ​ភាគច្រើន ធ្វើ​លើ​ស្ត្រី​អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើង​ទៅ​។ ចំពោះ​ការថត​សុដន់ ដើម្បី​កំណត់រោត​រោគវិនិច្ឆ័​យ​វិញ (Diagnostic Mammography) គឺជា​ការ​ថតកាំរស្មីអ៊ិច លើ​កន្លែង​ណាមួយ​នៃ​សុដន់ ដែល​មាន​រោគសញ្ញា​ជំងឺមហារីក ឬ​គ្រូពេទ្យ​សង្ស័យថា មាន​លក្ខណៈ​មិន​ធម្មតា​។
  4. ​មិន​ត្រូវ​ទៅ​ថត​សុដន់​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការណែនាំ​ពី​គ្រូពេទ្យ​ឡើយ​។ រឿង​នេះ​ចង់​មានន័យ​ថា បើសិន​ជា​អ្នក​ធ្លាប់​មាន​រោគសញ្ញា នៃ​ជំងឺមហារីក​សុដន់ ឬ​សុដន់​មាន​លក្ខណៈ​មិន​ធម្មតា អ្នក​គប្បី​ទៅ​ពិគ្រោះ​នឹង​គ្រូពេទ្យ​ធម្មតា​សិន មុន​ពេល​សម្រេច​ចិត្ត​ទៅ​ថត​សុដន់​ដោយ​ខ្លួនឯង​។
  5. ​ការថត​សុដន់ ដើរ​តួនាទី​សំខាន់​មួយ ក្នុង​ការកំណត់​រោគវិនិច្ឆ័យ ជំងឺមហារីក​សុដន់​លើ​ស្ត្រី​វ័យ​ចំណាស់​។ ដំណើរការ​នៃ​ការថត​សុដន់ អាច​នឹង​ស៊ីពេល​ប្រមាណ ៣០ នាទី ហើយ​អ្នកជំងឺ​ក៏​អាច​ត្រឡប់ ទៅ​ធ្វើ​ការងារ​ធម្មតា​វិញ​បានដែរ ក្រោយ​ពី​ថត​រួច​។
  6. ​ពេលវេលា​ថត​សុដន់​ដ៏​ល្អ​បំផុត គឺ​រយៈពេល​ប្រហែល​មួយ​សប្តាហ៍ ក្រោយ​ពី​អ្នក​មក​រដូវ​រួច​។ នេះ​ដោយសារ​តែ​ក្នុង​ពេល​មក​រដូវ សុដន់​អាច​ប្រែ​ទៅជា​តឹង និង​ឈឺ​ជាង​ធម្មតា ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ ជាហេតុ​នាំ​ឲ្យ​ឈឺចាប់​កាន់តែខ្លាំង ក្នុងពេល​ថត​ដោយ​ការ​សង្កត់​សុដន់​។
  7. ​ភាគច្រើន អ្នក​មិន​ត្រូវ​ណែនាំ​ឲ្យ​លាបម្ស៉ៅ ឬ​បាញ់​ទឹកអប់​បំបាត់​ក្លិន​លើ​សុដន់​ឡើយ នៅ​ថ្ងៃ​ដែល​ថត​សុដន់ ព្រោះ​វា​អាច​ធ្វើឲ្យ​ថតទៅ ចេញ​ជា​ចំណុច​សៗ​លើ​រូបភាព​បាន​។ ជាមួយគ្នានេះដែរ ស្ត្រី​មាន​ផ្ទៃពោះ គឺ​មិន​ត្រូវបាន​ណែនាំ​ឲ្យ​ថត​សុដន់​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play