សុខភាពស្ដ្រី

វា​គឺជា​រឿង​ធម្មតា​ទេ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​សុដន់​មាន​ដុំ​អ្វីមួយ​?

​ការ​ដែល​មាន​អារម្មណ៍​ថា ក្នុង​សុដន់​ដូចជា​មាន​ដុំ​អ្វីមួយ គឺ​គ្រប់គ្រាន់​នឹង​បង្ក​ជាការ​ភ័យខ្លាច​បាន​។ ប៉ុន្តែ​ក្រៅពី​ជំងឺមហារីក វា​ក៏​មាន​ហេតុផល​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​បញ្ជាក់ថា សុដន់​អ្នក​អាច​មាន​អារម្មណ៍​ថា​មាន​ដុំ​អ្វី​នៅក្នុង​នោះ​ដែរ​។ សំណាង​ដែរ អ្នកជំនាញ​ខាង​រោគ​ស្ត្រី បាន​និយាយថា ហេតុផល​ខាង​ក្រោម​នេះ​ក៏​ជា​អ្នក​ធ្វើឲ្យ​មាន​អារម្មណ៍​ថា សុដន់​មាន​ដុំ​សាច់ ប៉ុន្តែ​វា​គឺជា​រឿង​ធម្មតា​ទៅ​វិញ​។

កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន​
ទោះបីជា​វា​គឺជា​រឿង​កម្រ​ក៏ដោយ ក៏​ជំងឺ Mondor អាច​បណ្តាល​ឲ្យ​កើត​ជាដុំសាច់​ក្នុង​សុដន់​អ្នក​បាន​ដែរ​។ អាការៈ​ជំងឺ​នេះ​កើតឡើង​ដោយសារ​តែ​កំណ​ក​ឈាមកក​នៅក្រោម​ស្បេក​ក្នុង​សរសៃ​វ៉ៃន​របស់​សុដន់​តែម្ត​ង​។ ខណៈពេល​ដែល​ជំងឺ​នេះ​អាច​កើតឡើង​នៅ​ផ្នែក​ណាមួយ​នៃ​សុដន់ តែ​វា​ភាគច្រើន​ឃើញថា​ស្ថិតនៅ​ផ្នែក​ខាងក្រៅ​នៃ​ក្បាល​សុដន់​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​ដុំ​រឹង​មួយ​នៅក្នុង​សុដន់​ដែល​អាច​ជា​ការឈឺចាប់​ខ្លាំង​។ ការ​ហាត់ប្រាណ​ខ្លាំងក្លា ឬ​ការពាក់​អាវទ្រនាប់​ដែល​តឹងៗ​អាច​នឹង​បង្ក​ជា​ជំងឺ​នេះ​បាន​។ យ៉ាងណាមិញ វា​មិនមែន​ជា​អ្វី​ដែល​គ្រោះថ្នាក់​ទេ ហើយ​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​។

ដុំ Fibrosis
Fibrosis អាច​បណ្តាលឲ្យ​មាន​ការប្រែប្រួ​ល​ក្នុង​សុដន់​មនុស្ស​យើង​បាន​។ វា​គឺជា​ការប្រមូលផ្តុំ​នៃ​ជាលិកា​រឹងៗ​ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា ដុំ​នោះ​មាន​លក្ខណៈ​ដូច​ជា​កៅស៊ូ និង​រឹង ដែល​អាច​មាន​អារម្មណ៍​ថា​តឹងៗ​នៅ​ពេល​ជិត​មក​រដូវ​។ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​នីកូទីន ព្រោះ​វា​នឹង​ធ្វើឲ្យ​ដុំ​ប្រភេទ​នេះ​កាន់តែ​ធំ​ទៅៗ​។

មក​រដូវ​
ពេលខ្លះ ការ​មក​រដូវ​អាច​បណ្តាល​ឲ្យ​សុដ​ន់ទៅ​ជា​ហើម និង​មាន​អារម្មណ៍​ខុសប្លែក​បាន​។ ការប្រែប្រួល​អ័រម៉ូន​ក្នុង​ពេល​មក​រដូវ​អាច​ធ្វើឲ្យ​មាន​ការប្រែប្រួ​ល​ខ្លាំង​ក្នុង​ជាលិកា​សុដន់​។ ដូច្នេះ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​ក្នុង​ការ​មាន​អារម្មណ៍​ថា ក្នុង​សុដន់​មាន​ដុំ​សាច់​ក្នុង​ពេល​មក​រដូវ​។

ដុំ​សាច់ Fibroadenoma
ដុំ​សាច់​ប្រភេទ​នេះ​គឺជា​ដុំ​សាច់​សុដន់​ដែល​កើតមាន​ជា​ញឹកញាប់​ជាង​គេ​បំផុត​។ វា​មិនមែន​ជា​ដុំ​សាច់​មហារីក​ទេ តែ​ជា​ការបង្កើតឡើង​ដោយ​ជាលិកា​សុដន់ និង​ក្រពេញ​ក្នុង​សុដន់ ដែល​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​វ័យ ២០ និង ៣០​ឆ្នាំ​។ ខណៈពេល​ដែល​វា អាច​មាន​ទំហំ​ចាប់​តូច​មើលមិនឃើញ រហូត​ដល់​ប៉ុន​ផ្លែ​អា​ប្រ៊ី​កូដ តែ​វា​ច្រើន​តែ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​ដុំ​នោះ​រឹង និង​មាន​លក្ខណៈ​ដូច​កៅស៊ូ​។ យ៉ាងណាមិញ វា​មិន​បង្ក​ជាការ​គ្រោះថ្នាក់​អ្វី​ឡើយ តែ​អាច​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​របស់​ដុន់​បាន​បើសិនជា​វា​បន្ត​លូតលាស់​ទៀត​។ ដូច្នេះ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​យក​វា​ចេញ​។

សុដន់​តឹង​
ស្ត្រី​ខ្លះ​មាន​សុដន់​ដែល​តឹង ហើយ​អាច​នឹង​ធ្វើឲ្យ​គេ​យល់​ថា​សុដ​ន់មាន​ដុំ​អ្វីមួយ​ក្នុង​នោះ​ផង​។ សុដន់​ត្រូវបាន​បង្កើតឡើង​ដោយសារ​ការ​ផ្សំ​ចូល​គ្នា​នៃ​ជាលិកា​ត​ភ្ជាប់ និង​ជាលិកា​ខ្លាញ់​។ ស្ត្រី​ដែល​មាន​សុដន់​តឹង ឬ​ណែន​ជាងគេ មានន័យ​ថា សុដន់​នាង​មាន​ជាតិ​ខ្លាញ់​តិច តែ​មាន​ជាលិកា​ត​ភ្ជាប់​ច្រើន​ទៅវិញ​។ សម្រាប់​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ និង​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ ទំនងជា​មាន​សុដន់​តឹង​ណែន​ជាង​ស្ត្រី​វ័យក្មេង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play