សុខភាពស្ដ្រី

អា​ការៈមិន​ធម្មតា​នៃ​ការ​រ៉ាំ​ង​រដូវ ដែល​មិនសូវមាន​អ្នក​ដឹង​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា អាការៈ​ភ្លាមៗ​នៃ​ការ​រ៉ាំ​ង​រដូវ​ដូចជា ក្តៅ​ពេញខ្លួន ស្ងួត​ទ្វារមាស អារម្មណ៍​មិន​ល្អ និង​ខ្សោយ​ចំណង់​ផ្លូវភេទ សុទ្ធ​តែ​កើតមាន​ជា​ញឹកញាប់​ខ្លាំងណាស់​។ យ៉ាងណាមិញ មាន​ស្ត្រី​រ៉ាំ​ង​រដូវ​ច្រើនណាស់​ដែល​មាន​អាការៈ​លើសលុប និង​ច្រើន​ជាង​អ្វី​ដែល​និយាយ​ខាងលើ​នេះ​ទៅទៀត​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អា​ការៈមិន​ធម្មតា​មួយ​ចំនួន​នៃ​ការ​រ៉ាំ​ង​រដូវ​របស់​ស្ត្រី ដែល​វា​កើត​ឡើង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ឯណោះ​។

ស្បែក និង​សក់​ប្រែប្រួល​
ក្នុងពេល​រ៉ាំ​ង​រដូវ ស្ត្រី​ភាគច្រើន​នឹង​ត្អូញត្អែរ​អំពី​សក់​ដែល​កាន់តែ​ស្តើង​ទៅៗ និង​ស្ងួត​ស្បែកក្បាល ដែល​ករណី​ទាំងនេះ​បង្កឡើង​ដោយ​ការថយចុះ​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​ប្រូជេ​ស្តេ​រ៉ូន​តែម្តង​។ ជាមួយគ្នានេះដែរ ការថយចុះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ស្បែក​ក៏​អាច​ធ្វើឲ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក​កាន់តែ​ខ្លាំង​ដែរ​។ ដោយសារ​តែ​អ័រម៉ូន​ភេទ​ស្រី​ថយ និង​អ័រម៉ូន​ភេទ​ប្រុស​កើន​ឡើង​ក្នុង​ពេល​រ៉ាំ​ង​រដូវ ដូច្នេះ​ពួកគាត់​អាច​នឹង​មាន​ការ​ដុះ​រោម​ច្រើន​ដែរ ជាពិសេស​ពុកមាត់ ពុក​ចង្កា និង​ថ្ពាល​ជាដើម​។

ឈឺ​សន្លាក់ និង​សាច់ដុំ​
អា​ការៈធម្មតា​មួយ​នៃ​ការ​រ៉ាំ​ង​រដូវ​គឺ​ការ​ហើម គាំង និង​ឈឺសន្លាក់​។ ជាធម្មតា ការឈឺចាប់​នឹង​កាន់តែ​ធ្ងន់​ទៅៗ​នៅ​ពេល​ព្រឹក​។ ការ​ឈឺសន្លាក់​ក្នុងពេល​រ៉ាំ​ង​រដូវ​បែប​នេះ​ក៏​មាន​ប៉ះពាល់​ដល់​ខ្នង សន្លាក់​ត្រគាក និង​ជង្គង់​ដែឬ​។ ថ្វី​បើ​អ័រម៉ូន​អេ​ស្ត្រូជែន​ដើរតួនាទីដ៏​សំខាន់​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ​ក៏​ដោយ តែ​យន្តការ​ពិតប្រាកដ​រប​ស់វា​គឺ​មិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​។

ញ័រ​បេះដូង​
ការ​ដែល​បេះដូង​ដើរ​ញ៉ាប់ (​បេះដូង​លោង​រហូតដល់ ២០០​ដង​ក្នុង​មួយ​នាទី​) គឺជា​អាការៈ​មួយ​នៃ​ការត្រៀម​រ៉ាំង​រដូវ និង​រ៉ាំ​ង​រដូវ​។ វា​គឺជា​ហេតុផល​មួយ​ដែល​នាំឥ្យ​មាន​ការ​ឡើងចុះៗ​នៃ​អ័រម៉ូន​ដ៏​ធ្ងន់ធ្ងរ​មួយ​។ សម្រាប់​ស្ត្រី​ភាគច្រើន ការ​ញ័រ​បេះដូង​ត្រូវ​បាន​ឃើញ​ក្នុង​ពេល ឬ​ក្រោយ​ពី​ម​អាការៈ​ក្តៅ​ពេញខ្លួន​។

ឈឺក្បាល​
បើសិន​ជា​អ្នក​ឈឺ​ក្បាល​ដោយសារ​តែ​អ័រម៉ូន អ្នក​ប្រហែលជា​អាច​បាត់​ទៅ​វិញ​ក្នុងពេល​រ៉ាំ​ង​រដូវ​។ យ៉ាងណាមិញ សម្រាប់​ស្ត្រី​ខ្លះ ការឈឺ​ក្បាល​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​នៅ​ពេល​ពួកគេ​រ៉ាំ​ង​រដូវ​។ នេះ​ដោយសារ​តែ​ការធ្លាក់​ចុះ​ខ្លាំង​នឹង​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​បង្ក​ជា​ការឈឺ​ក្បាល​បែបនេះ​តែម្តង​។

គេង​មិន​លក់​
ក្នុងពេល​រ៉ាំ​ង​រដូវ ក្រពេញ​អូវ៉ែ​នឹង​បន្ថយ​ការផលិត​អ័រម៉ូន​ភេទ​ស្ត្រី​បន្តិច​ម្តងៗ ដូច្នេះ​វា​នឹង​បន្ថយ​សកម្មភាព​ជំរុញ​ដល់​ការ​ងងុយ​គេ រហូត​ដល់​គេង​មិន​លក់​តែ​ម្តង​។ ក្រៅពីនេះ ការ​ក្តៅ​ពេញ​ខ្លួន​នឹង​ធ្វើឲ្យ​បែកញើស​ខ្លាំង និង​ឡើង​សីតុណ្ហភាព​ក្នុង​ខ្លួន ដែល​គ្រប់គ្រាន់​នឹង​រំខាន​ដល់​ការ​គេង​ហើយ​។

ឡើង​ទម្ងន់​
មែន​ហើយ ការ​រ៉ាំ​ង​រដូវ​ក៏​នាំ​ឲ្យ​ឡើង​ទម្ងន់​ដែរ ជាពិសេស​ការ​ធាត់​នៅ​ជុំវិញ​ចង្កេះ និង​ពោះ​តែម្តង​។ នេះ​ដោយសារ​តែ ការថយចុះ​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែន ការបាត់បង់​សាច់ដុំ និង​កត្តា​របៀប​រស់នៅ​ដូចជា​របប​អាហារ និង​ការ​ហាត់ប្រាណ​។ បើសិនជា​មិន​ខ្វល់ខ្វាយ​អំពី​រឿង​នេះ​ទៀត វា​នឹង​កាន់តែ​ពិបាក​គ្រប់គ្រង​ទម្ងន់​ថែម​ទៀត​។

នោម​ដោយ​មិនដឹង​ខ្លួន​
នៅ​ពេល​អ្នក​ឈាន​ដល់​វ័យ​រ៉ាំ​ង​រដូវ​ហើយ កម្រិត​អ័រម៉ូន​អេ​ស្ត្រូជែន​ក្នុង​រាងកាយ​នឹង​ថយ​ចុះ​បន្តិច​ម្តងៗ ជាហេតុ​នាំ​ឲ្យ​សាច់ដុំ​នៅ​អាង​ត្រគាក​កាន់តែ​ខ្សោយ​។ ដូច្នេះ​អ្នក​ពិតជា​ពិបាក​ក្នុង​ការគ្រប់គ្រង​ប្លោកនោម និង​ការ​នោម​ខ្លាំងណាស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play