ជំងឺទូទៅ

​ជំងឺ​ទាំង ៥ ដែល​នាំ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​

​ការឈឺ​ទ្រូ​វ​មិនមែន​តែងតែ​បញ្ជាក់ថា​មាន​ជំងឺ​គាំងបេះដូង​ទាំងអស់​នោះ​ទេ​។ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ ឬ​ការ​រលាក​នៅ​សួត ឆ្អឹងខ្នង ឬ​បញ្ហា​ចំណីអាហា​រដែរ​។ យ៉ាងណាមិញ ការបង្ក​រោគ​លើ​រចនាសម្ព័ន្ធ ឬ​ការ​រលាក​លើ​ជាលិកា​បេះដូង​ក៏​អាច​នាំឲ្យ​មាន​ជំងឺ​ឈឺទ្រូង​ធ្ងន់ធ្ងរ​បានដែរ​។ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​ឈឺទ្រូង ប៉ុន្តែ​មិនមែន​ជា​ជំងឺ​គាំងបេះដូង​ឡើយ​។​

ការ​រលាក ឬ​ការបង្ក​រោគ​របស់​បេះដូង​
អាការៈ​នេះ​ស្តាប់​ទៅ​ដូច​គាំងបេះដូង​ដែរ ប៉ុន្តែ​មិនមែន​ទេ គឺ​អ្នកជំងឺ​មាន​អារម្មណ៍​ឈឺ​ខ្ទកៗ​នៅ​ទ្រូង​ខាងឆ្វេង ហើយ​ឈឺ​ចាក់​ទៅ​ដៃ​ខាងឆ្វេង​។ ការ​រលាក​នៅ​សាច់ដុំ​បេះដូង​អាច​បណ្តាល​ឲ្យ​ឈឺ​តិចតួច​នៅ​ចំ​កណ្តាល​ទ្រូង​តែម្តង​។ មាន​ជំងឺ​ច្រើនណាស់​ដែល​មាន​លក្ខណៈ​នៃ​ការឈឺ​ដូច​គាំងបេះដូង ប៉ុន្តែ​មិន​បញ្ជាក់ថា​ជា​ការស្ទះ​បេះដូង​ទេ ដូចជា ការ​រលាក​សាច់ដុំ​បេះដូង ឬ​រលាក​ស្រោម​បេះដូង​ជាដើម​។

រចនាសម្ព័ន្ធ​មិន​ធម្មតា​របស់​បេះដូង​
ថ្វី​ត្បិត​តែ​រឿង​នេះ​មិន​កើត​មាន​ជា​ញឹកញាប់​ក៏ដោយ តែ​រចនាសម្ព័ន្ធ​បេះដូង​មិន​ធម្មតា អាច​បណ្តាល​ឲ្យ​ឈឺទ្រូង​ដែរ​។ បើសិន​ជា​អ្នក​ឈឺ​ទ្រូង និង​ពិបាក​ដកដង្ហើម​ក្រោយ​ពី​ហាត់ប្រាណ​រួច នោះ​វា​អាច​បញ្ជាក់​ថា​ជា ជំងឺ​សាច់ដុំ​បេះដូង​រីក​ធំ (Hypertrophic Cardiomyopathy) ទៅវិញ​ទេ​។ វា​គឺជា​ជំងឺ​ហ្សែ​ន ដែល​សាច់ដុំ​បេះដូង​មាន​លក្ខណៈ​ក្រាស់​ខុសធម្មតា​។ ចំពោះ​ជំងឺ​ទាក់ទង​នឹង​ប្រើស​បេះដូង​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​។

បញ្ហា​សួត​
មូលហេតុ​មួយ​ដែល​ចំបង​ជាង​គេ​នៃ​ការឈឺ​ក្នុង​ទ្រូង​ទាក់ទង​នឹង​សួត​នោះ​គឺ ការ​រលាក​ស្រោម​សួត​តែម្តង​។ វា​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ទ្រូង​នៅពេល​ដកដង្ហើម ក្អក ឬ​កណ្តាស​។ ជំងឺ​សួត​ដូចជា រលាក​សួត ដែល​អាច​បណ្តាល​ឲ្យ​រលាក​ស្រោម​សួត ឬ​ជំងឺហឺត ក៏​ធ្វើឲ្យ​ឈឺទ្រូង​ដែរ​។ ករណីខ្លះ ទោះបីជា​មាន​កំណក​ឈាម​ក្នុង​ស្រោម​សួត​ក៏​អាច​នាំ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​បានដែរ​។

បញ្ហា​ឆ្អឹង ឬ​សរសៃប្រសាទ​
ករណីខ្លះ ការ​មាន​របួស​នៅ​ទ្រូង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​រលាក​សរសៃប្រសាទ​សុទ្ធ​តែ​អាច​ធ្វើឲ្យ​ឈឺទ្រូង​បាន​ទាំងអស់​។ ការ​រលាក​នៅ​ឆ្អឹងជំនី ឬ​ឈឺ​ចេញពី​ឆ្អឹងជំនី​ដែល​បាក់​អាច​ធ្វើឲ្យ​ឈឺទ្រូង​ដែរ​។ ម្យ៉ាងវិញទៀត ការ​រលាក​សរសៃប្រសាទ​ដោយសារ​តែ​ជំងឺ​ប៉េស ឬ​ជំងឺរើម​អាច​ធ្វើឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​មុនពេល​ចេញ​រោគសញ្ញា​លើ​ស្បែក​។

បញ្ហា​ក្រពះ​ពោះវៀន​
ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ច្រើន​តែ​មាន​ការច្រឡំ​នឹង​ជំងឺ​គាំងបេះដូង ព្រោះ​វា​ធ្វើឲ្យ​ឈឺ និង​មិន​ស្រួល​ក្នុង​ទ្រូង​ដូចគ្នា​។ ករណីខ្លះ ការ​ក្អែល​អាហារ ឬ​ជំងឺ​ដំបៅ​ក្រពះ​ក៏​ប្រហែលជា​ចេញ​អា​ការៈឈឺ​ទ្រូង ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play