សុខភាពស្ដ្រី

​អ្វី​ទៅជា​ជំងឺ​សុក​បាំង​មាត់ស្បូន​? តើ​គួរឲ្យខ្លាច​ដែរទេ​?

​មុន​នឹង​យើង​និយាយ​អំពី​ជំងឺ​សុក​បាំង​មាត់ស្បូន យើង​គួរតែ​យល់​ថា​អ្វី​ទៅ​ជា​សុក​សិន​។ សុក​នឹង​ត្រូវបាន​បង្កើតឡើង​ក្នុងពេល​ជាមួយគ្នា​នឹង​ទារក​ក្នុងផ្ទះ ហើយ​វា​ក៏​ភ្ជាប់​ខ្លួន​ទៅ​នឹង​ស្បូន​ស្ត្រី​ក្នុងពេល​មាន​ផ្ទៃពោះ​។ វា​មាន​នាទី​ផ្គត់ផ្គង់​អុកស៊ីសែន និង​ជីវជាតិ​ពី​ម្តាយ​ទៅ​ឲ្យ​កូន ព្រមទាំង​អ័រម៉ូន​សម្រាប់​ទ្រទ្រង់​ដល់​ការ​មាន​ផ្ទៃពោះ​ផងដែរ​។

​នៅពេល​ការ​មាន​ផ្ទៃពោះ​ចេះ​តែ​វិវឌ្ឈន៍​ទៅមុខ កូន និង​សុក​ក៏​រីក​ធំៗ​ធាត់​ខ្លាំង​ទៅៗ​ផងដែរ​។ កន្លែង​ដែល​សុក​តាំង​នឹង​ច្រើនតែ​លូត​ឡើង​ទៅលើ ហើយក៏​មិន​ងាយ​នឹង​លូត​ចុះមក​ក្រោម​រហូត​ដល់​បាំង​មាត់ស្បូន​ដែរ​។ ប៉ុន្តែ​បើសិនជា​សុក​តាំងនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ឬ​ក្បែរ​មាត់ស្បូន វា​អាច​នឹង​លូតលាស់​បាំង​មាត់ស្បូន​បាន​។ នេះ​ហើយ​ទើប​គេ​ហៅថា សុក​បាំង​មាត់ស្បូន​។

ទីតាំង​របស់​សុក​នឹង​ត្រូវបាន​គ្រូពេទ្យ​កត់ត្រា​ទុក​ក្នុង​ពេល​ថត​អេកូ​នៅ​សប្តាហ៍​ទី ១៨ ទៅ​២១​។ បើសិនជា​សុក​នៅក្រោម​ពេក អ្នក​ទំនងជា​ត្រូវ​ការថត​អេកូ​បន្ថែម​ច្រើនដង​បន្តិច (​ជាពិសេស​សប្តាហ៍​ទី​៣២) ដើម្បី​ពិនិត្យ​ទៅ​លើ​ទីតាំង​របស់​វា​ឡើងវិញ​។ សម្រាប់​ស្ត្រី​ភាគច្រើន សុក​នឹង​ដុស​លូត​ឡើង​ទៅលើ​។

ចំពោះ​មូលហេតុ​នាំ​ឲ្យ​សុក​បាំង​មាត់ស្បូន​ក្នុងពេល​មាន​ផ្ទៃពោះ​គឺ​មិន​មាន​ការយល់ដឹង​ច្បាស់លាស់​នោះ​ទេ​។ រឿង​នេះ​អាច​និយាយថា សុក​នោះ​ដុះ​លូតលាស់​ធំ​ខុសធម្មតា (​ដូច​ក្នុង​ករណី​កូនភ្លោះ​) ឬ​ជា​មាន​ជាលិកា​សម្លាក​ពី​ការ​សម្រាលកូន​ដោយ​វះកាត់​កាលពី​លើក​មុន ឬ​កៀរ​ស្បូន​។

ជំងឺ​សុក​បាត់​មាត់ស្បូន​នេះ​គ្មាន​អ្វី​ដែល​អាច​បង្ការ​បាន​ឡើយ​។

សុក​បាំង​មាត់ស្បូន​គឺ​គ្មាន​អ្វី​ជា​ការឈឺចាប់​ឡើយ តែ​វា​អាច​មាន​ការធ្លាក់​ឈាមក្រហម​ស្រស់​ចេញពី​ទ្វារមាស​ក្នុង​រយៈពេល​ណាមួយ​នៃ​បី​ខែ​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​។ ក្រៅពីនេះ អ្នក​ក៏​អាច​មាន​អា​ការៈបន្ថែម​ដូចជា​៖

  • ​ការធ្លាក់​ឈាម​ពី​ទ្វារមាស​ដោយ​គ្មាន​ការឈឺចាប់​ក្រោយពី​រួមភេទ​រួច​
  • ឈឺចាប់​បែប​រមួលៗ​ក្នុង​ស្បូន ហើយ​ធ្លាក់ឈាម​ទៀត​
  • ​ការ​ហូរ​ឈាម​ក្នុងពេល​សម្រាល​

​បើសិន​ជា​អ្នក​ធ្លាប់​មាន​ការ​ធ្លាក់ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ទាក់ទង​ទៅ​ឆ្មប ឬ​គ្រូពេទ្យ​ភ្លាមៗ​ដើម្បី​ពិគ្រោះ និង​ស្វែងរក​ដំណោះស្រាយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play