សុខភាពស្ដ្រី

ចម្ងល់​៖ ក្រោយ​ពី​សម្រាលកូន​រួច ដឹង​តែ​ពិបាក​គ្រប់គ្រង​ការ​នោម ឬ​យ៉ាងណា​?

​នាង​ខ្ញុំ​មាន​ផ្ទៃពោះ ៨​ខែ​ហើយ​។ ធ្លាប់​ធ្លាប់​លឺ​គេ​និយាយថា ក្រោយ​សម្រាលកូន​តា​មធម្ម​ជាតិ​រួច ស្ត្រី​នឹង​មាន​បញ្ហា​លើ​ការគ្រប់គ្រង​ការ​នោម​។ តើ​វា​ពិត​ឬ​អត់​?

​ការ​លេច​ទឹកនោម​ដោយ​ចៃដន្យ​ម្តងៗ​នៅពេល​សើច យំ ក្អក ឬ​ហាត់ប្រាណ ជា​ពិសេស​ក្រោយ​ពី​សម្រាលកូន​ដោយ​ធម្មជាតិ​រួច ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការ​លេច​នោម​បែប Stress Incontinence ហើយ វា​ក៏​ជា​បញ្ហា​មួយ​ដែល​អ្នក​ម្តាយ​ថ្មីថ្មោង​ត្រូវ​ប្រឈមមុខ​ដែរ​។ ការគ្រប់គ្រង​ប្លោកនោម​ក្រោយ​ពី​សម្រាលកូន​រួច​អាច​នឹង​ថយចុះ​ជាង​មុន តែ​វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​បើសិនជា​រឿង​នេះ​កើតឡើង​ក្នុង​រយៈពេល​ពិរ​បី​ថ្ងៃ​ក្រោយ​ពី​សម្រាលកូន​រួច​នោះ​។ ការ​លេច​នោម​ដោយ​ខ្លួនឯង​បែប Stress Incontinence បែប​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​សម្រាលកូន​ដោយ​ធម្មជាតិ ឬ​មាន​ការប៉ះទង្គិច​ខ្លះ​ក្នុង​ពេល​សម្រាល​។ យ៉ាងណាមិញ រឿង​នេះ​មិនមែន​មានន័យថា ស្ត្រី​សម្រាលកូន​ដោយ​វះកាត់​បន្ទាន់​មិនមែន​ចៀសផុត​ពី​ការប្រឈមមុខ​មួយ​នេះឡើយ​។ ពួកគេ​ក៏​អាច​នឹង​ជួប​បញ្ហា​នេះ​បាន​ដែរ បើសិន​ជា​ពួកគេ​ប្រើ​វិធី​ចាក់​ថ្នាំស្ពឹក Epidural ដែល​អាច​គ្រោះថ្នាក់​ដល់​សរសៃប្រសាទ​គ្រប់គ្រង​អារម្មណ៍​របស់​ប្លោកនោម​ដោយ​ចៃដន្យ​។ ដូច្នេះ សម្រាប​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​ក្រោយ​ពី​សម្រាលកូន​រួច អ្នក​ប្រហែលជា​មិន​អាច​ដឹង​ថា​ខ្លួនឯង​ត្រូវការ​នោម​ឬ​អត់​នោះតេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រយៈពេល ៦​សប្តាហ៍​ទៅ ៣​ខែក្រោយ​សម្រាល​រួច អ្នក​នឹង​មាន​អារម្មណ៍​ចង់​នោម​ឡើងវិញ​ស្រួលបួល​ហើយ​។ ពេលខ្លះ​រឿងនេះ​ក៏​អាច​បន្ត​រយៈពេល​យូរ​ជាង​នេះ​ផង​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដោះ​ដំណោះស្រាយ​។

ដំណោះស្រាយ​សម្រាប់​អា​ការៈលេចនោ​ម​ដោយ​មិន​ដឹង​ខ្លួន​បែប Stress Incontinence
ដើម្បី​អាច​គ្រប់គ្រង​ប្លោកនោម​ឡើងវិញ​បាន ការ​ហាត់ប្រាណ​នៅ​តំបន់​កម្រាល​អាង​ត្រគាក​អាច​ជួយ​បាន​។ ការពង្រឹង​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគាក​នឹង​ជួយ​បង្កើន​អារម្មណ៍​នៃ​ការគ្រប់គ្រង​លើ​ប្លោកនោម​កាន់តែ​ល្អ​ជាង​មុន ដូច្នេះ​ចូរ​ប្រាកដ​ថា​អ្នក​បាន​អនុវត្ត​វា​រាល់ថ្ងៃ​។ លំ​ហាត់ប្រាណ​ដ៏​សម្រួល​បំផុត និង​អាច​ធ្វើបាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​នោះ​គឺ ព្យាយាម​ប្រើ​កម្លាំង​បង្ហួរនោម​ខ្ជឹប​ពន្លាៗ ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។ ជាមួយគ្នានេះដែរ ចូរ​ចូលក្នុង​បន្ទាប់​ទឹក​ជានិច្ច​គ្រប់ពេល​មាន​អារម្មណ៍​ចង់​នោម​។ ករណី​ធ្ងន់ធ្ងរ ការវះកាត់​អាច​នឹង​ត្រូវ​ធ្វើ​ដើម្បី​បំបាត់​បញ្ហា​នេះ​។ ចូរ​ចាំ​ថា ថ្វី​បើ​ការវះកាត់​អាច​ដោះស្រាយ​បញ្ហា​បាន​ក៏ដោយ ក៏​វា​អាចជា​កំហុស​បច្ចេកទេស​បានដែរ ដូច្នេះ​យក​ល្អ​គួរតែ​កំណត់​រោគវិនិច្ឆ័យ​ឲ្យ​ច្បាស់លា​ស់​សិន​មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​វិធី​វះកាត់​គ្រប់យ៉ាង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play