កាន់តែ​លម្អិត​អំពី​ថ្នាំ​ផ្សះ ដែល​កម្រ​មាន​គ្រូពេទ្យ​ណា ប្រាប់​បែប​នេះ​ណាស់​

​ថ្នាំ​ផ្សះ​គឺជា​ថ្នាំ​សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​។ សព្វថ្ងៃនេះ មាន​មនុស្ស​ជាច្រើន​បាន​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ក្នុង​ការព្យាបាល​ជំងឺ ហើយក៏​ជា​ហេតុផល​មួយ​ធ្វើឲ្យ​មេរោ​គ​ជាច្រើនស៊ាំ​ថ្នាំ​ទាំងអស់​នេះ​ដែរ មានន័យ​ថា ទោះបីជា​យើង​ប្រើ​ថ្នាំ​នេះ​ក៏​វា​មិន​អាច​ព្យាបាល​ជំងឺ ឬ​សម្លាប់​មេរោគ​ក្នុង​រាងកាយ​បានដែរ​។ ដើម្បី​បញ្ឈប់​ទង្វើរ​ទាំងអស់នេះ​កុំឲ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នោះ យើង​ល្អ​យើង​គួរតែ​យល់​ដឹង​ឲ្យ​ច្បាស់​សិន​ថា តើ​វា​ប្រើប្រាស់​របៀប​ណា​ទើប​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។

​ថ្នាំ​ផ្សះ​គឺជា​ម៉ូលេគុល​តូចៗ (​តូច​ជាង​មូលេ​គុ​លទឹក​រហូតដល់ ១០០​ដង​ឯណោះ​) ដែល​អាច​មាន​សមត្ថភាព​រំខាន​ដល់​ដំណើ​ការធម្មតា​របស់​បាក់តេរី​បាន​។ វា​ត្រូវ​បាន​ចែកចេញ​ជា​ក្រុម​ផ្សេងៗ​ពី​គ្នា​ដើម្បី​ងាយស្រួល​ក្នុង​ការព្យាបាល​ជំងឺ​ដូចជា ជំងឺរ​បេះដូង រលាក​សួត​ដោយសារ​បាក់តេរី រលាក​បំពង់ក ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ និង​ការបង្ក​រោគ​ផ្សេងៗ​ទៀត​ដែល​បង្កឡើង​ដោយ​បាក់តេរី​។ សរុបសេចក្តី​មក ថ្នាំ​ផ្សះ ឬ​ហៅ​ថា​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទាំងឡាយណា​ដែល​បង្កឡើង​ដោយ​បាក់តេរី​តែប៉ុណ្ណោះ​។ របៀប​នៃ​ថ្នាំ​ផ្សះ​សម្លាប់​បាក់តេរី​មាន​ពីរ​ប្រភេទ គឺ​សម្លាប់​ដោយផ្ទាល់ (Bactericidal) និង សម្លាប់​ដោយ​ការទប់ស្កាត់​ការលូតលាស់​របស់​វា (Bacteriostatic)​។​

តើ​ថ្នាំ​ផ្សះ​មាន​ប៉ុន្មាន​ប្រភេទ​ទៅ​?
ថ្នាំ​ផ្សះ​បើ​យើង​គិត​ទៅ គឺ​មាន​ច្រើន​ជាង ១០០​ប្រភេទ​ខុសៗ​គ្នា​ឯណោះ ប៉ុន្តែ​ថ្នាំ​ទាំងនោះ​ត្រូវបាន​គេ​ចែកចេញជា​ក្រុម​ធំៗ​ចំនួន ៦​ក្រុម (​អាស្រ័យ​ទៅតាម​ប្រសិទ្ធភាព​របស់​វា​ទៅ​លើ​បាក់តេរី​នីមួយៗ​) ដូចជា​៖

Aminoglycosides
ថ្នាំ​ផ្សះ​ក្រុម​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​សំយោគ​ប្រូតេអ៊ីន​ក្នុង​កោសិកា​បាក់តេរី ដូច្នេះ​វា​ក៏​អាច​សម្លាប់​បាក់តេរី​បានដែរ​។ ថ្នាំ​នេះ​ត្រូវបាន​គេ​និយម​ប្រើ​ជា​ញឹកញាប់​សម្រាប់​ព្យាបាល​លើ​ការបង្ក​រោគ​ដូចជា ជំងឺ​អា​សន្ត​រោគ និង​ការបង្ក​រោគ​ផ្សេងៗ​ទៀត​នៅ​ផ្លុវដង្ហើម​។​

Cephalosporins
ថ្នាំ​ផ្សះ​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រភេទ Broad Spectrum Antibiotics ដែល​មាន​ប្រសិទ្ធភាព​អាច​សម្លាប់​បាក់តេរី​បាន​ភាគច្រើនបំផុត ហើយ​ក៏​គេ​អាច​ប្រើ​សម្រាប់​ព្យាបាល​លើ​ជំងឺ​កាមរោគ និង​ជំងឺ​ទាក់ទង​នឹង​ផ្លូវដង្ហើម​ដែរ​។

Fluoroquinolones
នេះ​ជា​ប្រភេទ​ថ្នាំ​ផ្សះ Broad Spectrum Antibiotics មួយ​ប្រភេទ​ទៀត ដែល​គេ​មិនឲ្យ​ប្រើ​ចំពោះ​ការបង្ករោគ​លើ​កូន​ក្មេង​ទេ​។ ថ្នាំ​នេះ​ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​ចំពោះ​ការបង្ក​រោគ Streptococcus ជាពិសេស​ផ្លូវដង្ហើម និង​ផ្លូវទឹក​ម៉ូ​ត្រ​។​

Macrolides
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ការបង្ក​រោគ​ដោយសារតែ​បាក់តេរី Streptococci, Pneumococci, Staphylococci, និង Enterococci​។

Penicillins
វា​ជា​ថ្នាំ​ផ្សះ​ដែល​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ដំបូង​គេ​បង្អោះ សម្រាប់​ព្យាបាល​លើ​ជំងឺ​ជាច្រើន​មុខ​ដូចជា ជំងឺ​នៅ​ផ្លូវដង្ហើម ការបង្ក​រោគ​នៅ​ត្រចៀក និង​បំពង់​ក​ជាដើម​។

Tetracyclines
ថ្នាំ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​លើ​ការបង្ក​រោគ​មួយចំនួន ជាពិសេស​ជំងឺ​មុន និង​ជំងឺ​ស្បែក​ប្រភេទ Rosacea តែម្តង​។
​ដោយ​យោង​ទៅតាម​សមត្ថភាព​របស់​ថ្នាំ​ផ្សះ​ក្នុង​ការព្យាបាល​ការបង្ក​រោគ ដូច្នេះ​ថ្នាំ​ទាំងនេះ​ត្រូវបាន​ចាត់​ជា​ចំណាត់ថ្នាក់​ជា​ប្រភេទ Broad Spectrum និង Narrow Spectrum ដែរ​៖

Broad Spectrum Antibiotics:
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការសម្លាប់​បាក់តេរី និង​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ការបង្ក​រោគ​ច្រើន​ក្នុង​ពេល​តែមួយ​។ ឧទាហរណ៍ Cephalosporins ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សួត រលាក​ស្រោម​ខួរក្បាល និង​ការបង្ក​រោគ​ក្នុង​ឈាម​ទៀត​។

Narrow Spectrum Antibiotics:
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែលមាន​ប្រសិទ្ធ​ផាព​ប្រឆាំង​នឹង​បាក់តេរី​ពិសេស​ណាមួយ ឬ​បាក់តេរី​តែ​មួយ​ដែល​មាន​បង្ក​រោគ​ច្រើន​។ ឧទាហរណ៍ ថ្នាំ Azithromycin ជា​ថ្នាំ​ក្រុម Macrolide ដែល​មាន​ប្រសិទ្ធភាព​ពិសេស​ក្នុង​ការសម្លាប់​បាក់តេរី​បង្ក​រោគ​នៅ​បំពង់ក រលាក​បំពង់​សម្លេង រលាក​ក្រពេញ​អា​មី​ដាស​ជាដើម​។​

ពេល​ណា​ខ្ញុំ​គួរប្រើ​ថ្នាំ​ផ្សះ ហើយ​ប្រើ​របៀប​ម៉េច​ទៅ​?
រឿង​មួយ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺថា ថ្នាំ​ផ្សះ​គ្រាន់តែ​អាច​ជួយ​ព្យាបាល​ជំងឺ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ប៉ុណ្ណោះ តែ​វា​មិន​មាន​ប្រសិទ្ធភាព​សម្លាប់​វីរុស​បង្ក​ជំងឺ​ឡើយ​។ ដូច្នេះ​បើ​សិន​វា​អ្នក​មិន​ទាន់​ច្បាស់​ថា អ្នក​មាន​ជំងឺ​បង្កឡើង​ដោយ​បាក់តេរី​ទែ យក​ល្អ​គួរតែ​កុំអាល​គិតគូរ​អំពី​ការប្រើ​ថ្នាំ​ផ្សះ​អី​។ ក្រៅពីនេះ មាន​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ផង​ក្នុង​ពេល​ប្រើ​ថ្នាំ​ផ្សះ​ម្តងៗ​។​

  • ​ថ្នាំ​ផ្សះ​គួរតែ​ញ៉ាំ​ជាមួយ​ទឹក​ធម្មតា​
  • ​ចូឬ​ចៀសវាង​ការប្រើ​ភេសជ្ជៈ​ផ្សេងៗ​ជាពិសេស​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ឬ​ទឹក​ផ្លែឈើ​។ ថ្នាំ​ផ្សះ​មិនគួរ​ញ៉ាំ​ជាមួយ​ទឹកតែ ទឹក​ផ្លែឈើ​ក្រឡុក ទឹកដោះគោ ឬ​ទឹក​ផ្លែឈើ​ច្របាច់​ផ្សេងៗ​ឡើយ ព្រោះ​ភេសជ្ជៈ​ទាំងនេះ​សម្បូរ​ជាតិ​ដែក និង​កាលស្យូម​ដែល​រំខាន​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ​
  • ​បើសិនជា​ធ្វើ​ទឹក​ផ្លែឈើ​នោះ​រួច​ហើយ ចូរ​ប្រាកដថា អ្នក​បាន​លេបថ្នាំ​ផ្សះ​យ៉ាងហោចណាស់ ២​ម៉ោង​មុន​
  • ​ថ្នាំ​ផ្សះ​ពិសេសៗ​មួយចំនួន​ដូចជា Ampicillin, Ciprofloxacin, Doxycycline និង Tetracycline មិនគួរណា​ញ៉ាំ​ជាមួយ​អាហារ​ឡើយ​។ យក​ល្អ​គួរតែ​រងចាំ​យ៉ាងហោចណាស់ ២ ទៅ​៤​ម៉ោង​ដែរ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​។​

​ចំពោះ​កម្រិត​នៃ​ការប្រើប្រាស់​វិញ អ្នក​គួរតែ​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ថា​ពេលណា​គួរប្រើ និង​ប្រើ​យូរ​ប៉ុណ្ណា​។

​ថ្នាំ​ផ្សះ​ជាធម្មតា​គឺ​គ្រូពេទ្យ​ចេញ​ឲ្យប្រើ​ប្រាស់​ចាប់ពី ៧ ទៅ​១០​ថ្ងៃ​។ បើសិនជា​បញ្ឈប់​ការប្រើ​មុន​កំណត់ វា​នឹង​ធ្វើឲ្យ​បាក់តេរីស៊ាំ​ថ្នាំ​ផ្សះ​បាន​។

នេះ​គឺជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត ព្រោះថា​នៅពេល​បាក់តេរី​ស៊ាំ​ថ្នាំ ថ្នាំ​ផ្សះ​នោះ​នឹង​លែង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដដែល​នោះ​ទៀតហើយ​។

ជាមួយគ្នានេះដែរ ចូរ​ចាំ​ថា អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​ក្នុង​ពេលវេលា​ពិសេសៗ​ណាមួយ​ដែល​គ្រូពេទ្យ​បាន​ប្រាប់ ឧទាហរណ៍​ជា​រៀងរាល់ ៤ ទៅ​៦​ម៉ោង​ម្តង​។ បើសិន​ជា​អ្នក​ភ្លេច​លេប ឱកាស​នៃ​ការ​ស៊ាំ​ថ្នាំ​នឹង​អាច​កើនឡើង​ខ្ពស់​។​

ផល​រំខាន​ដែល​អាច​កើតមាន នៅពេល​ប្រើ​ថ្នាំ​ផ្សះ​
គ្រូពេទ្យ​ខាង​ជំនាញ​ជំងឺ​ទូទៅ​បាន​និយាយថា ក្រោយ​ពី​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ អ្នកជំងឺ​ច្រើន​តែ​មាន​បញ្ហា​រំលាយ​អាហារ​ច្រើន​ជា​ពិសេស​ទល់លាមក ឬ​រាករូស​តែម្តង​។ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​ត្រូវ​ឈប់​លេបថ្នាំ​ឡើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ប្រាប់​ពួកគាត់​អំពី​រឿង​នេះ​ទៅ ពេលនោះ​គាត់​នឹង​ផ្លាស់ប្តូរ​ថ្នាំ​ផ្សេង​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ឲ្យ​អ្នកប្រើ​វិញ​ហើយ​។

​ផល​រំខាន​នៃ​ថ្នាំ​ផ្សះ​ដែល​កើតមាន​ជា​ញឹកញាប់​មួយចំនួន​មានដូចជា​៖
•​    ​រាក​រូស​
•​    ​ឈឺក្រពះ​តិចតួច​
•​    ​ច​ង្អោ​
•​    ​មិន​ឃ្លាន​អាហារ​
•​    ​ហើម​ពោះ និង​ក្រពះ​មិន​កិន​អាហារ​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​ដូចជា កណ្តា​ស ក្អក និង​បេះដូង​ដើរ​កាន់តែ​លឿន​

អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ ឬ​ផល​រំខាន​នៃ​ថ្នាំ​ផ្សះ​ដូចខាងក្រោម​នេះ​៖
•​    ​ឈឺ​ក្រពះ និង​រាករូស​ខ្លាំងក្លា​
•​    ​ពិបាក​ដកដង្ហើម​
•​    ​ក្អួត​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ (​ហើម​មុខ ភ្នែក ឬ​អណ្តាត​)
•​    ​រមាស់​នៅ​ទ្វារមាស​

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​មុន​ពេល​អ្នក​សម្រេចចិត្ត​ប្រើ​ថ្នាំ​ផ្សះ​បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ដូចខាងក្រោម​នេះ​៖
•​    ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​
•​    ​ថ្នាំ​រំលាយ​កំណក​ឈាម​
•​    ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ដូចជា អាំង​ស៊ុយ​លីន​
•​    ​ថ្នាំបន្សាប​អាស៊ីត​ក្រពះ​
•​    ​ថ្នាំ​បំបាត់​ការឈឺ​ក្បាល​បែប​ប្រកាំ​ង​
•​    ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
•​    ​ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​
•​    ​ថ្នាំ​បំប៉ន​វីតាមីន​

អ្វី​ដេល​គួរ​ប្រុងប្រយ័ត្ន​ខណៈពេ​លកំ​ពុង​តែ​ប្រើ​ថ្នាំ​ផ្សះ​៖
•​    ​មិន​ត្រូវ​ទុក​ថ្នាំ​ផ្សះ​ប្រើ​នៅ​ថ្ងៃក្រោយ​ឡើយ​
•​    ​ការប្រើ​ថ្នាំ​ផ្សះ​មិន​គ្រប់​ចំនួន​តាម​ការណែនាំ​ពី​គ្រូពេទ្យ អាច​នាំ​ឲ្យ​រេស៊ី​ស្តង់​ថ្នាំ​ផ្សះ​បាន​
•​    ​ចូរ​ប្រាប់​គ្រូពេទ្យ​ផង​បើសិនជា​អ្នក​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ថ្នាំ​ផ្សះ​កាលពីមុន​
•​    ​អ្នក​ក៏​គួរតែ​ប្រាប់​គ្រូពេទ្យ​ផង​បើសិនជា​កំពុងតែ​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះកូន ដូច្នេះ​គាត់​នឹង​ជ្រើសរើស​ថ្នាំ​ផ្សះ​ណាមួយ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ជាងគេ​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play