សុខភាពស្ដ្រី

គន្លឹះ​ក្នុង​ការបង្ការ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុងពេល​មាន​ផ្ទៃពោះ​

​តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​អ្នក​ញ៉ាំ​ទឹកដោះគោ និង​បន្លែ​ពណ៌​បៃតង​ឲ្យបាន​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​ទេ​? នេះ​ដោយសារ​តែ អ្នក និង​កូន​ក្នុង​ផ្ទៃ​អាច​នឹង​មាន​ជំងឺ​ដោយសារ​តែ​ផល​រំខាន​ធ្ងន់ធ្ងរ​ជាច្រើន​បើសិនជា​មិន​បង្កើន​ការ​ទទួលទាន​ជីវជាតិ​ឲ្យ​ច្រើន​ដើម្បី​ទប់ស្កាត់​ទេ​។ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ បាន​ផ្តល់​នូវ​ការណែនាំ​មួយចំនួន​ដើម្បី​បង្ការ​នូវ​ការ​កង្វះ​អាហា​រូត្ថ​ម្ភ​មួយចំនួន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូចខាងក្រោម​នេះ​៖

កង្វះ​ជាតិ​កាលស្យូម​
ទាំង​ម្តាយ និង​កូន​សុទ្ធតែ​ត្រូវការ​ជាតិ​កាលស្យូម​ដើម្បី​ឆ្អឹង និង​ធ្មេញ​មាន​សុខភាព​ល្អ​។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា យ៉ា​អួ និង​ទឹកដោះគោ​គឺជា​ប្រភព​ជាតិ​កាលស្យូម​ដ៏​ល្អ​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​។ បើសិន​ជា​អ្នក​មិន​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ទេ អ្នក​ក៏​អាច​ទទួលបាន​ជាតិ​កាលស្យូម​ពី​ប្រភព​ផ្សេង​បានដែរ ដូចជា បន្លែ​ពណ៌​បៃតង ឬ​ប្រូ​ខូលី​តែម្តង​។​

កង្វះ​វីតាមីន D
វីតាមីន D ក៏​ជួយ​ក្នុង​ការបង្កើត​ជា​ឆ្អឹង និង​ធ្មេញ​របស់​ទារក​ដែរ​។ ដូច្នេះ​ចូរ​បង្កើន​ការទទួល​បាន​វីតាមីន D តាមរយៈ​ការ​ការ​ញ៉ាំ​ផ្សិត និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ឲ្យបាន​ច្រើន​។ យ៉ាងណាមិញ សម្រាប់​ប្រជាជន​ខ្មែរ​យើង​វិញ គឺ​អាច​ទទួលបាន​វីតាមីន D យ៉ាង​ងាយ តាមរយៈ​ការ​ហាលថ្ងៃ​។

កង្វះ​ជាតិ​ដែក​
តម្រូវការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កាន់តែ​ខ្ពស់​ក្នុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​នានា​ក្នុង​រាងកាយ និង​ជួយ​ទារក​លូតលាស់​បាន​គ្រប់គ្រាន់​។ បន្លែ​ពណ៌​បៃតង​ដូចជា ត្រកួន និង​ស្ពៃ​ពណ៌​បៃតង​ផ្សេង​ទៀត​គឺជា​ប្រភព​ដ៏​អស្ចារ្យ​ណាស់​នៃ​ជាតិ​ដែក​។

កង្វះ​ជាតិ Folate
Folate មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្ការ​ភាព​មិន​ធម្មតា​របស់​ខួរក្បាល និង​ការ​ខូច​បំពង់​សរសៃប្រសាទ​របស់​ទារក​។ ចូរ​បង្កើន​ការទទួលបាន​វីតាមីន​មួយ​នេះ​ពី បន្លែ​ពណ៌​បៃតង ផ្លែឈើ​ជូរៗ សណ្តែក​ជាដើម​។​

កង្វះ​ជាតិ​ស័ង្គសី​
ស័ង្គសី​គឺ​ជាជាតិ​រ៉ែដ៏​សំខាន់​មួយ​ក្នុង​ពេល​មាន​ផ្ទៃពោះ វា​ជួយ​ដល់​ការលូតលាស់​របស់​កោសិកា​ទារក និង​បំបែក​ខ្លួន​បាន​យ៉ាង​ល្អ​។ ការ​កង្វះ​ជាតិ​ស័ង្គសីក៏​អាច​បណ្តាលឲ្យ​រ​លូតកូន​ក្នុងដំណាក់កា​ល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។ សាច់​សុទ្ធ ផ្សិត គ្រាប់​ល្ពៅ និង​គ្រាប់ស្វាយចន្ទី គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស័ង្គសី​ហើយ​។

កង្វះ​ជាតិ​ប្រូតេអ៊ីន​
ខណៈពេល​ដែល​អ្នកត្រូវកា​រ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​មាន​សុខ​ភាព​កាន់តែ​ល្អ ប្រូតេអ៊ីន​ក៏​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់​ការលូតលាស់​របស់​ទារ​ក​ដែរ​។ ដូច្នេះ​ចូរ​ទទួលទាន​ប្រូតេអ៊ីន​ឲ្យបាន​គ្រប់គ្រាន់​តាម​រយៈ​ការញ៉ាំ សាច់​សុទ្ធ សាច់មាន់ ស៊ុត ត្រី សណ្តែក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​។

កង្វះ​ជាតិ​អ៊ីយ៉ូត​
ការ​កង្វះ​ជាតិ​អ៊ីយ៉ូត​ច្រើនតែ​នាំ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ហើក៏​នាំឲ្យ​មានអ​តុល្យភាព​នៃ​ការផលិត​អ័រ​ម៉ូន​ទី​រ៉ូ​អ៊ីត​ផងដែរ​។ រឿង​ដែល​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​បង់​បញ្ចូល​នូវ​អំបិល​អ៊ីយ៉ូត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី29  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play