សុខភាពស្ដ្រី

ហេតុផល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​រំលូត​កូន នៅពេល​ដឹងថា​ខ្លួន​មាន​ជំងឺ​ស្អូច​

​ជំងឺ​ស្អូច ឬ​ហៅ​ម្យ៉ាងទៀត​ថា កញ្ជ្រឹល​អាឡឺម៉ង់ គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ឈ្មោះថា Rubella Virus  ដែល​កើតមាន​ជា​ញឹកញាប់​លើ​កុមារ តែ​វា​ច្រើនតែ​ជា​ជំងឺ​ស្រាល​ទេ​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ​មាន​ដូចជា មាន​ឡើង​កន្ទួលរ​មាស់​ពណ៌​ក្រហម​ព្រឿងៗ​លើ​ស្បែក ហើម​កូនកណ្តុរ និង​មាន​អាការៈ​ដូចផ្តា​សាយ​៖ ឈឺក្បាល និង​ហៀរ​សំបោ​។
​ជំងឺ​នេះ​ក្រោយ​ពី​ឆ្លង​រួច វា​នឹង​ចេញ​រោគសញ្ញា​នៅ​ចន្លោះ ១៥ ទៅ​២០​ថ្ងៃក្រោយ ហើយ​ពេល​វេលា​ចម្លង​ទៅ​អ្នកដទៃ​ខ្លាំង​បំផុត​នោះ​គឺ​រយៈពេល​មួយ​សប្តាហ៍​មុន​ចេញ​កន្ទួល​រមាស់ រហូត​ដល់​យ៉ាងហោចណាស់ ៥​ថ្ងៃ​ទៀត ក្រោយ​ពី​បាត់​កន្ទួល​រមាស់​នោះ​។ យ៉ាងណាមិញ ជំងឺ​នេះ​អាច​បង្ការ​បាន​តាមរយៈ​ការចាក់​វ៉ាក់សាំង​។

​បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ឬ​មិន​ធ្លាប់​កើត​ជំងឺ​នេះ​ពីមុន​មក​ទេ ហើយ​ស្រាប់តែ​ឆ្លង​ជំងឺ​នេះ វីរុស​នឹង​អាច​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ​បាន​។ ផលវិបាក​បាន​ធ្ងន់​ដែល​នឹង​កើតមាន គឺ​ធ្វើឲ្យ​កូនកើត​មកខូច​អវៈយវៈ​បាន​។ ការ​ខូច​អវៈយវៈ​នេះ កើតឡើង​ច្រើន​ឬ​តិច​អាស្រ័យ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លង​ជំងឺ​នេះ​យូរ​ប៉ុណ្ណា​ដែរ​។ កាលណា​ឆ្លង​ជំងឺ​នេះ​កាន់តែ​លឿន ការប្រឈមមុខ​នឹង​កាន់តែ​ខ្ពស់​។

បើសិន​ជា​ស្ត្រី​ឆ្លង​ជំងឺ​ស្អូច​ក្នុង​រយៈពេល ១០​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ការប្រឈមមុខ​នឹង​កូន​កើត​មក​ខូច​អវៈយវៈ​ច្រើន​មាន​ខ្ពស់​រហូតដល់ ៩០​ភាគរយ​ឯណោះ​។

បើសិន​ជា​ស្ត្រី​ឆ្លង​ជំងឺ​នេះ​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ទៅ​ទី ១៦ ការ​ប្រឈម​នឹង​ថយ​ចុះ​មក ១០ ទៅ​២០​ភាគរយ ដែល​អាច​មាន​ការ​ខូច​អវៈយវៈ​តែមួយ​មុខ​ប៉ុណ្ណោះ​។

ការ​ខូច​អវៈយវៈ​កម្រ​នឹង​កើត​មាន​ណាស់​បើសិនជា​មាន​ការបង្ក​រោគ​ក្រោយពី​មាន​ផ្ទៃពោះ​បាន ១៦​សប្តាហ៍​ឡើយ​ទៅ​។ ប៉ុន្តែ​សេចក្តីរាយការណ៍​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៅពេល​ឆ្លង​ជំងឺ​ស្អូច​ក្នុងពេល​មាន​ផ្ទៃពោះ​នោះ យ៉ាងហោចណាស់​ក៏​បណ្តាល​ឲ្យ​ថ្លង់​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី12  ធ្នូ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play