ជំងឺទូទៅ
៣ ដំណាក់កាលនៃអាការៈជំងឺអេដស៍ ដែលអាចកើតឡើងដោយមិនដឹងខ្លួន
.jpg)
ដោយយោងទៅតាមគេហទំព័រ AIDS.gov បានឲ្យដឹងថា ប្រហែលជាមានមនុស្សប្រមាណ ៣៦,៧លានាក់ទូទាំងពិភពលោកកំពុងតែរស់នៅជាមួយនឹងជំងឺអេដស៍ និង ១,៨លាននាក់ទៀត គឺជាកុមារដែលឆ្លងជំងឺនេះពីម្តាយរបស់ពួកគេ។
ដូច្នេះ ដើម្បីបង្កើនការយល់ដឹងកាន់តែច្បាស់ និងជួយអ្នករកឃើញជំងឺនេះកាន់តែលឿននោះ យកល្អគួរតែស្វែងរយល់អំពីរោគសញ្ញាទៅតាមដំណាក់កាលរបស់វាដូចខាងក្រោមនេះ៖
ដំណាក់កាលទី១
រោគសញ្ញានៃការបង្ករោគអេដស៍ប្រហែលជាមិនកើតឡើងភ្លាមៗរយៈពេលច្រើនឆ្នាំឯណោះ ប៉ុន្តែអ្នកជំងឺភាគច្រើននឹងមានអាការៈដូចជំងឺផ្តាសាយរយៈពេល ២ ទៅ៤សប្តាហ៍ ក្រោយពីឆ្លងជំងឺនេះរួច។
ការឈឺក្បាល ក្តៅខ្លួន អស់កម្លាំង ហើមកូនកណ្តុរ ឈឺសន្លាក់ និងឡើងកន្ទួលរមាស់លើស្បែកសុទ្ធតែជាសញ្ញារបស់ជំងឺអេដស៍ហើយ។ ប៉ុន្តែវាក៏អាចជាអាការៈញឹកញាប់នៃជំងឺផ្តាសាយធម្មតាៗដែរ ដូច្នេះ បើសិនជាអ្នកមានអាការៈទាំងឡាយណាដែលធ្វើឲ្យសង្ស័យថាមានជំងឺអេដស៍ហើយ យកល្អគួរតែធ្វើតេស្តរកជំងឺនេះឲ្យបានលឿនបំផុតតាមតែអាចធ្វើបាន។
ដំណាក់កាលទី២
ក្រោយពីចាប់ផ្តើមចេញរោគសញ្ញាជំងឺផ្តាសាយ វាប្រហែលជាមានរយៈពេលច្រើនសប្តាហ៍ឯណោះ ហើយក៏ជាពេលវេលាដែលវីរុសស្ថិតក្នុងដំណាក់កាលសម្ងំដែលមិនអាចបង្ហាញអំពីរោគសញ្ញារបស់វាឲ្យយើងដឹងទេ។ ស្ថិតក្នុងដំណាក់កាលនេះដែរ អាការៈផ្តាសាយនឹងមានរយៈពេលយូររហូតបើសិនជាមិនមានការព្យាបាលដោយថ្នាំជំងឺអេដស៍ទេនោះ។
ដំណាក់កាលទី៣
ស្ថិតក្នុងដំណាក់កាលទី ៣នេះហើយ មានន័យថា អ្នកជំងឺចេញជារោគសញ្ញាពេញលេញជាអ្នកជំងឺអេដស៍ហើយ។ ជាធម្មតា វាច្រើនតែធ្វើឲ្យអ្នកជំងឺស្លាប់បានក្នុងរយៈពេល ២ ទៅ៣ឆ្នាំក្រោយ។ ករណីជំងឺអេដស៍ធ្ងន់ធញងរ ភាគច្រើនអាចសម្គាល់ដឹងតាមរយៈ ឧស្សាហ៍អស់កម្លាំងខ្លាំង និងស្រកទម្ងន់ខ្លាំង។ អ្នកជំងឺអេដស៍ក៏ប្រហែលជាមានអាការៈរាករូសរយៈពេលយូរ (ច្រើនជាងពីរសប្តាហ៍ឯណោះ) រលាកសួត អស់កម្លាំងខ្លាំង ចេញជាជំងឺប៉េស (ពងបែកនៅមាត់ និងប្រដាប់ភេទ) ក្អកជាប់រហូត បែកញើសពេលយប់ធ្ងន់ធ្ងរ ភ្លេចភ្លាំង លើកស្នាមអ៊ុចៗ ឬកន្ទួលលើស្បែកពណ៌ក្រហម ត្នោត ក្រហម ឬស្វាយ។ ប៉ុន្តែមិនមែនមានន័យថា រាល់អ្នកជំងឺអេដស៍ទាំងអស់សុទ្ធតែមានអាការៈទាំងអស់ដូចខាងក្រោមនេះទេ តែភាគច្រើននឹងមាននៅថ្ងៃណាមួយ។
បើសិនជារកឃើញជំងឺអេដស៍ទាន់ពេលវេលា មេរោគរបស់វានឹងមិនអាចវិវឌ្ឈន៍ទៅក្លាយទៅជាជំងឺបានលឿនឡើយ ព្រោះតែមានការព្យាបាលបានទាន់ពេលវេលាដើម្បីពន្យា។ យ៉ាងណាមិញ អ្នកជំងឺអេដស៍ត្រូវការលេបថ្នាំពន្យាជំងឺនេះអស់មួយជីវិតតែម្តងទើបអាចមានជីវិតរស់នៅធម្មតាដូចគេដូចឯងបាន។ អ្វីដែលត្រូវចងចាំនោះ កាលណាមនុស្សម្នាក់ឆ្លងជំងឺអេដស៍ហើយ គឺមិនអាចមានថ្នាំណាព្យាបាលឲ្យជានៅឡើយទេ ប៉ុន្តែថ្នាំអាចជួយឲ្យពួកគេរស់បានយូរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ familyshare
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034
ថ្ងៃទី16 ធ្នូ ឆ្នាំ 2016







រាល់ការបញ្ចេញមតិយោបល់មិនឆ្លុះបញ្ចាំងពីទស្សនៈ និងការទទួលខុសត្រូវរបស់វេបសាយwww.health.com.khឡើយ។