សុខភាពកុមារ

ជួយកុមារដែលប្រតិកម្មចំណីអាហារ ឲ្យទទួលបានកាល់ស្យូមគ្រប់គ្រាន់

បញ្ហាចោទឡើងចំពោះកុមារដែលពិបាកញ៉ាំអាហារ ប្រហែលជាកិច្ចការមួយដែលលំបាកនៅពេលផ្ដល់នូវរបបអាហារសុខភាពចម្រុះដល់គេ។ មិនថាដោយសារតែកូនលោកអ្នកជួបបញ្ហាប្រតិកម្មចំណីអាហារ ឬមានបញ្ហាអាល្លែកហ្ស៊ី ឬដោយសារតែជាទម្លាប់រស់នៅរបស់គេ​ក្ដី ដោយហេតុនេះលោកអ្នកអាចជួបប្រទះ បញ្ហាមួយចំនួននៅពេលដែលត្រូវបំពេញនូវតម្រូវការរបបអាហារប្រចាំថ្ងៃ (RDAs)​ របស់ពួកគាត់មាន​​ ដូចជាវីតាមីន សារធាតុរ៉ែខនិក ជាពិសេសកាល់ស្យូម។

កុមារលូតលាស់ឆ្អឹងជារៀងរាល់ថ្ងៃ​ ដូច្នេះហើយពួកគេទាមទារសារធាតុកាល់ស្យូមដើម្បីពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំនាពេលអនាគត។ កាល់ស្យូមមានតួនាទីទប់ស្កាត់ជំងឺពុកឆ្អឹងដែលបណ្ដាលមកពីឆ្អឹងស្រួយ និងចុះខ្សោយដែលបណ្តាលឲ្យឆ្អឹងងាយបាក់។​ កាល់ស្យូមគឺជាផ្នែកមួយជួយជំរុញឲ្យប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំមានដំណើរការល្អ ជួយនូវដំណើរការ ឈាមកក និងជំរុញអង់ស៊ីមដែលបំប្លែងអាហារទៅជាថាមពល។ សារធាតុរ៉ែខនិកដ៏អស្ចារ្យនេះ ក៏ជួយបង្ការជំងឺក្រិសដែលបណ្ដាលឲ្យឆ្អឹងកុមារទន់នឹងងាយបាក់។​

ស្វែងយល់ពីកម្រិតរបបអាហារប្រចាំថ្ងៃរបស់កូនលោកអ្នក

ប្រសិនបើលោកអ្នកមិនច្បាស់អំពីកម្រិតរបបអាហារប្រចាំថ្ងៃរបស់បុត្រធីតារបស់លោកអ្នកនោះទេ លោកអ្នកនឹងពិបាកក្នុងការកំណត់បរិមាណកាល់ស្យូមត្រឹមត្រូវដើម្បីបំប៉នកូនលោកអ្នក។ កម្រិតរបបអាហារូបត្ថម្ភប្រចាំថ្ងៃសំខាន់ណាស់ ព្រោះវាបង្ហាញលោកអ្នកនូវបរិមាណកាល់ស្យូមគ្រប់គ្រាន់មួយដែលកូនលោកអ្នកត្រូវការប្រចាំថ្ងៃ។ ចាំបាច់ត្រូវជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬពេទ្យជំនាញផ្នែកកុមារ​ ដើម្បីបានយល់ដឹងអំពីបរិមាណអាហារូបត្ថម្ភ​ប្រចាំថ្ងៃរបស់កូនលោកអ្នក ព្រមទាំងស្វែងយល់អំពី​មធ្យោបាយធ្វើឲ្យកូនលោកអ្នកទទួលបាននូវអាហារូបត្ថម្ភបានគ្រប់គ្រាន់តាមការកំណត់ជាពិសេសកាល់ស្យូម។

ប្រភពកាល់ស្យូមច្រើនទៀតក្រៅពីអាហារផលិតពីទឹកដោះ

អាហារផលិតពីទឹកដោះដូចជាទឹកដោះគោ យ៉ាអ៊ួ និងឈីស សុទ្ធសឹងតែជាប្រភពកាល់ស្យូមដ៏មានប្រយោជន៍ ប៉ុន្តែកុំបារម្ភទោះបីជាកូនតូចរបស់លោកអ្នកមានបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន ឬមានបញ្ហាអាល្លែកហ្ស៊ីជាមួយទឹកដោះគោក្ដី ក៏កូនលោកអ្នកនៅតែអាចទទួលបានកម្រិតរបបអាហារប្រចាំថ្ងៃ (RDA)​ ដែលជាតម្រូវការរបស់ខ្លួនតាមរយៈអាហារចម្រុះដែលមានផ្ទុកដោយកាល់ស្យូមខ្ពស់ ងាយស្រួលរក ហើយភាគច្រើនសមស្របនឹងរបបអាហាររបស់ប្រជាជនខ្មែរយើង។

ប្រភពអាហារទាំងនោះរួមមាន៖

•    ត្រីខសាឌីនមានខ្លាញ់

•    ត្រីម្យ៉ាងស្រដៀងត្រីព្រួល

•    ត្រីសាឌីនធំ

•    បង្គា

•    ស្ពៃបូកគោ

•    ស្ពៃតឿ

•    ផ្កាស្ពៃខៀវ

•    សណ្ដែកបារាំង

•    តៅហ៊ូ​

​•    សណ្ដែកស

•    សណ្ដែកក្រហម  ​

•    សណ្ដែកហូឡាន់តាវ

•    ​គ្រាប់អាល់ម៉ុន និងគ្រាប់កៅឡាក់ជាដើម។

ដូចលោកអ្នកបានឃើញហើយថាកូនលោកអ្នកអាចរក្សាបាននូវបរិមាណកាល់ស្យូមត្រឹមត្រូវដោយពុំចាំបាច់ត្រូវការអាហារផលិតពីទឹកដោះឡើយ។ ប៉ុន្តែសូមកុំបញ្ឈប់ផ្ដល់ត្រឹមតែអាហារដែលបានលើកឡើងខាងលើនេះឲ្យសោះ។ លោកអ្នកក៏អាចជ្រើសរើសផលិតផលសម្បូរជាតិកាល់ស្យូមខ្ពស់ដែលមានដូចជា ទឹកសណ្ដែកសៀង បាយ ឬអាល់ម៉ុន គ្រាប់ធញ្ញជាតិ និងអាហារសម្រន់ផ្សេងទៀត។ សម្រាប់ទឹកផ្លែឈើសម្បូរជាតិកាល់ស្យូមខ្ពស់មានដូចជាផ្លែប៉ោម និងទឹកក្រូចស្រស់ ជាដើម មានផ្ទុកកាល់ស្យូមដែលមានអត្រាស្រូបយកខ្ពស់។

ប៉ុន្តែមុននឹងទិញអាហារទាំងនេះ គប្បីប្រឹក្សាជាមួយគ្រូពេទ្យ និងចងចាំទុកនូវកម្រិតរបបអាហារប្រចាំថ្ងៃសម្រាប់កូនលោកអ្នក និងការទទួលទានប្រភពអាហារសម្បូរកាល់ស្យូមដទៃទៀត។

កត្តានេះនឹងជួយទប់ស្កាត់លោកអ្នកក្នុងការផ្ដល់កាល់ស្យូមជ្រុលហួសប្រមាណដល់កូនលោកអ្នក។

បន្ថែមគុណប្រយោជន៍ល្អៗក្នុងអាហារប្រចាំថ្ងៃ

ប្រសិនបើកូនលោកអ្នកមានបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន ហើយមិនចូលចិត្តទទួលទានបន្លែ (ដូចក្មេងភាគច្រើន) លោកអ្នកអាចបន្ថែមជាតិកាល់ស្យូមក្នុងមុខម្ហូបក្រៅពីអាហារផលិតពីទឹកដោះជារៀងរាល់ថ្ងៃបាន។

ទាំងនេះជាដំបូន្មានមួយចំនួន៖

•    បន្ថែមសណ្ដែកស/សណ្ដែកក្រហមក្នុងស៊ុប

•    ញាំបន្លែ ឬធញ្ញជាតិជាមួយគ្រាប់អាល់ម៉ុន និងសណ្ដែកហូឡាន់តាវ

•    ច្របាច់ទឹកផ្លែឈើស្រស់ដែលមានជាតិកាល់ស្យូមមួយកែវសម្រាប់អាហារពេលព្រឹក ឬទទួលទានទឹកសណ្ដែកក៏បាន។•    បន្ថែមម្សៅស្រូវសាលីក្នុងរបបអាហារដទៃទៀតដោយមិនចាំបាច់តែអាហារពេលព្រឹកនោះទេ។

•    បន្លំដាក់បន្លែបៃតងចាស់បន្តិច (ដូចជាផ្កាស្ពៃខៀវ ឬស្ពៃតឿ) ក្នុងអាហារ។

•    ទទួលទានអាហារសម្រន់មានជាតិកាល់ស្យូមដូចជាក្រូច ល្វា និងគ្រាប់ធញ្ញជាតិជាដើម។

លោកអ្នកអាចធ្វើបានច្រើនយ៉ាង!

ប្រសិនបើនៅតែបារម្ភថាកូនលោកអ្នកទទួលទានសារធាតុកាល់ស្យូមប្រចាំថ្ងៃមិនគ្រប់គ្រាន់ទៀត មានវិធីជាច្រើនទៀតដែលលោកអ្នកអាចធ្វើបាន។​ វិធីទាំងនោះមានដូចជា៖

បំពេញបន្ថែម៖

កាល់ស្យូមបំពេញបន្ថែមត្រូវបានណែនាំឲ្យប្រើប្រាស់ទៅតាមអាយុ និងភេទសម្រាប់ អ្នកដែលទទួលបរិមាណសារធាតុរ៉ែខនិកពីរបបអាហារមិនគ្រប់គ្រាន់​ ពិសេសសម្រាប់អ្នកដែលមានបញ្ហាមិនអាច រម្លាយស្ករទឹកដោះបាន។ សូមប្រាប់គ្រូពេទ្យអំពីប្រភេទ និងបរិមាណកាល់ស្យូមបំពេញបន្ថែមដែលលោកអ្នកផ្ដល់សម្រាប់កូនលោកអ្នកតាមអាយុ និងភេទរបស់ពួកគេ មុនពេលឈានទៅជំហានបន្ទាប់ទៀត។

វីតាមីន D៖

រាងកាយកូនលោកអ្នកត្រូវការវីតាមីន D​ ដើម្បីស្រូបយកជាតិកាល់ស្យូមចូលក្នុងខ្លួន។ ការឲ្យស្បែកនៃរាងកាយត្រូវពន្លឺថ្ងៃពេលព្រឹកក្នុងមួយថ្ងៃឲ្យបាន10-15នាទី អាចជួយផ្ដល់វីតាមីន D បាន​ ក៏ដូចជាត្រូវទទួលទានអាហារ ដែលផ្ទុកវីតាមីន D​ ខ្ពស់ផងដែរ។ អាហារទាំងនោះរួមមាន ស៊ុតផ្នែកលឿង ត្រីទឹកប្រៃ និងថ្លើមជាដើម។

ការហាត់ប្រាណ៖ ការជិះកង់ ការរត់ត្រឹកៗ ការលេងបាល់ ការរាំ និងហាត់លើកទម្ងន់យ៉ាងតិច30-60នាទី ក្នុងមួយថ្ងៃ បីទៅប្រាំដងក្នុងមួយសប្ដាហ៍ អាចជួយពង្រឹងម៉ាស និងដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ។លំហាត់ប្រាណទាំងនេះ ជួយជំរុញឲ្យឆ្អឹងនៃរាងកាយរឹងមាំ។

ចៀសវាងកាហ្វេអ៊ីន៖

ជាតិកាហ្វេអ៊ីនមាននៅក្នុងតែ កាហ្វេ និងភេសជ្ជៈកំប៉ុងមួយចំនួន។ ជាតិកាហ្វេអ៊ីនធ្វើឲ្យរាងកាយកូនលោកអ្នកពិបាកស្រូបយកជាតិកាល់ស្យូម។

​ ​វីដេអូ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play