សុខភាពស្ដ្រី

រឿងពិត ឬមិនពិត ទាក់ទងនឹងកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ

នៅពេលអ្នកមានផ្ទៃពោះ ការថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តទម្លាប់ទទួលទានប្រចាំថ្ងៃល្អ  បង្កប់នូវអត្ថន័យ ថ្មីមួយ។​  ព្រោះ ឥឡូវនេះអ្នកកំពុងទទួលទានអាហារសម្រាប់មនុស្សពីរនាក់​​ ប្រភេទអាហារ​ និងបរិមាណដែលអ្នកទទួលទាន​ នឹងដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់សុខភាពផ្ទាល់ខ្លួនអ្នកប៉ុណ្ណោះទេ​ ប៉ុន្តែក៏សម្រាប់សុខភាពកូនក្នុងផ្ទៃអ្នកផងដែរ។

សូមទទួលទានជីវជាតិចិញ្ចឹមសំខាន់ៗទាំងអស់សម្រាប់ទារកក្នុងផ្ទៃ​​​ និងខ្លួនអ្នកផ្ទាល់​ ដោយសារទាំងអ្នក​និងកូនក្នុងផ្ទៃអ្នក​ ត្រូវការចាប់ផ្ដើមពីរបបអាហារចម្រុះក្នុងបរិមាណសមស្រប។​​​ កាលណាអ្នកទទួលទានអាហារបំប៉នចម្រុះកាន់តែច្រើន​​ អ្នកទាំងពីរមានឱកាសទទួលបាននូវវីតាមីន​ និងសារធាតុរ៉ែខនិកសំខាន់ៗ ជាពិសេសកាល់ស្យូម​​បានគ្រប់គ្រាន់។

អ្នកដឹងថាកាល់ស្យូមជួយឲ្យសុខភាពឆ្អឹង​ និងធ្មេញរឹងមាំ ហើយកាល់ស្យូមក៏ជួយបង្ការជំងឺពុកឆ្អឹងដែលបណ្ដាលឲ្យ​ឆ្អឹងខ្សោយ និងស្រួយផងដែរ។​​ នេះជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាគួរយល់ដឹង។

ដើម្បីឲ្យអ្នកយល់កាន់តែច្បាស់អំពីកាល់ស្យូម ខាងក្រោមនេះជាតារាងសំណួរចម្លើយដែលតែងចោទសួរញឹកញាប់ដែលនឹងធ្វើឲ្យអ្នកទទួលស្គាល់ថាកាល់ស្យូមសំខាន់បែបណាចំពោះអ្នក និងកូនក្នុងផ្ទៃអ្នក។

1.    រាងកាយអ្នកផលិតកាល់ស្យូម

មិនពិត!​ ទោះបីកាល់ស្យូមជាសារធាតុរ៉ែខនិកសំខាន់បំផុតក្នុងរាងកាយអ្នកក៏ដោយ រាងកាយអ្នកមិនអាច​​​ផលិតកាល់ស្យូមបានទេ។​​ ផ្ទុយមកវិញ អ្នកបានបាត់បង់សារធាតុរ៉ែខនិកនេះជាប្រចាំថ្ងៃតាមរយៈស្បែក​​ សក់​ ក្រចក ញើស និងនៅពេលបន្ទោរបង់។ អ្នកគ្រាន់តែអាចទទួលយកកាល់ស្យូមពីរបបអាហារ ឬកាល់ស្យូមបំពេញបន្ថែមតែប៉ុណ្ណោះ។ សូមចងចាំថាប្រសិនបើអ្នកទទួលទានកាល់ស្យូមមិនគ្រប់គ្រាន់សម្រាប់រាងកាយទេ សារធាតុរ៉ែខនិកនេះ នឹងត្រូវស្រូបយកពីឆ្អឹងរបស់អ្នក។

2.    កាល់ស្យូម គឺត្រូវការដើម្បីតែធ្វើឲ្យសុខភាពឆ្អឹង​ និងធ្មេញលូតលាស់ល្អ រឹងមាំប៉ុណ្ណោះ

មិនពិត! ក្រៅពីទប់ស្កាត់ជំងឺពុកឆ្អឹង និងជំរុញសុខភាពធ្មេញឲ្យរឹងមាំហើយនោះ សារធាតុខនិកនេះក៏ដើរតួនាទីសំខាន់មួយទៀតក្នុងមុខងារធ្វើការស្ទើរគ្រប់កោសិការាងកាយ។​ មុខងារមួយចំនួនមានដូចជាធ្វើឲ្យមានកំណកឈាមជាប្រក្រតី​ ជំរុញប្រព័ន្ធប្រសាទឲ្យបំពេញមុខងារទៀងទាត់ និងជួយសម្រួលចង្វាក់បេះដូងឲ្យប្រក្រតី។ កាល់ស្យូមក៏មានប្រសិទ្ធភាពក្នុងការសម្រួលអាការរោគសញ្ញាមុនមករដូវ (PMS)​ រមួលក្រពើ និងសម្ពាធឈាមខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ វាក៏ជួយកាត់បន្ថយហានិភ័យមហារីកពោះវៀនផងដែរ។

3.    មានតែអាហារផលិតពីទឹកដោះដូចជាទឹកដោះគោ យ៉ាអ៊ួ និងឈីសប៉ុណ្ណោះដែលមានផ្ទុកជាតិកាល់ស្យូម

មិនពិត! មានប្រភពអាហារសម្បូរកាល់ស្យូមខ្ពស់ច្រើនណាស់ដែលមិនមែន​ផលិតពីទឹកដោះ ដូចជាទឹកក្រូច ស្រស់ គ្រាប់ធញ្ញជាតិ និងអាហារសម្រន់ផ្សេងៗ។ ប្រភពកាល់ស្យូមល្អបំផុតមានដូចជាប្រភេទត្រីមានឆ្អឹង(សាឌីន ធូណា សាឌីនធំ និងសាលម៉ុន) បន្លែ (ស្ពៃតឿ ស្ពៃក្តោប និង ផ្កាស្ពៃខៀវ) គ្រាប់ធញ្ញជាតិ និងសណ្ដែក (អាល់ម៉ុន សណ្ដែកស/ក្រហម) និងតៅហ៊ូ។

4.    គ្រប់គ្នាត្រូវការកាល់ស្យូមអាស្រ័យតាមអាយុរបស់ពួកគេ

ពិត! មនុស្សដែលមានអាយុ និងភេទខុសៗគ្នា ទាមទារបរិមាណកាល់ស្យូមផ្សេងគ្នា។ វិទ្យាស្ថានវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក បានកំណត់កម្រិតរបបអាហារប្រចាំថ្ងៃ (RDAs) គិតជាមិល្លីក្រាមសម្រាប់តម្រូវការកាល់ស្យូមសម្រាប់សុខភាពឆ្អឹងដូចមានបង្ហាញជូនខាងក្រោម៖

 

អាយុ

ប្រុស

ស្រី

ស្ត្រីមានផ្ទៃពោះ

ស្ត្រីបំបៅកូនដោយទឹកដោះ

9-18ឆ្នាំ

1300មិល្លីក្រាម

1300មិល្លីក្រាម

1300មិល្លីក្រាម

1300មិល្លីក្រាម

19-50 ឆ្នាំ

1000មិល្លីក្រាម

1000មិល្លីក្រាម

1000មិល្លីក្រាម

1000មិល្លីក្រាម

 

5.    កាល់ស្យូមបំពេញបន្ថែមផ្ដល់ផលប្រយោជន៍

ពិត! អ្នកណាក៏ដោយដែលទទួលបានកាល់ស្យូមពីរបបអាហារមិនគ្រប់គ្រាន់ ពិតជាត្រូវការកាល់ស្យូមបំពេញបន្ថែមរួមទាំងកុមារផងដែរ។ តាមពិត អង្គការសុខភាពពិភពលោកបានថ្លែងថា “កាល់ស្យូមបំពេញបន្ថែមអាចកាត់បន្ថយហានិភ័យដែលអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ។ ដំណើរខុសប្រក្រតីនេះ ទាក់ទងដល់អត្រាមរណភាពមាតា និងហានិភ័យទារកកើតមិនគ្រប់ខែជាដើម។”

6.    វីតាមីន D ជួយឲ្យការស្រូបយកកាល់ស្យូមបានល្អ

ពិត! វីតាមីន D ជួយជំរុញឲ្យការស្រូបយកកាល់ស្យូមរបស់រាងកាយកាន់តែប្រសើរឡើង។ អ្នកអាចទទួលទាន វីតាមីន D តាមអ្នកត្រូវការដោយចេញឲ្យត្រូវពន្លឺថ្ងៃនៅពេលព្រឹក (ពី10 ទៅ 15នាទី ក្នុងមួយថ្ងៃ) និងរបបអាហារ។ អាហារសម្បូរវីតាមីន D ខ្ពស់មានដូចជាស៊ុតផ្នែកលឿង ត្រីសមុទ្រ ថ្លើម និងទឹកដោះគោម្សៅ។

7.    កាលណាខ្ញុំចាប់ផ្ដើមទទួលទានកាល់ស្យូម វានឹងនៅក្នុងរាងកាយខ្ញុំរហូត ហើយបំពេញមុខងារវាយ៉ាងអស្ចារ្យ

មិនពិត! ក្រៅពីបាត់បង់កាល់ស្យូមជាប្រចាំថ្ងៃតាមរយៈញើស ទឹកនោម និងលាមក អ្នកក៏អាចបាត់បង់សារធាតុ រ៉ែខនិកនេះបានដែរ ប្រសិនបើអ្នកទទួលទានកាហ្វេអ៊ីនច្រើនជ្រុល (មាននៅក្នុងតែ និងកាហ្វេ)។ គ្រឿងស្រវឹង និងការជក់បារីក៏បណ្ដាលឲ្យបាត់ប​ង់កាល់ស្យូមពីរាងកាយអ្នក ក៏ដូចជាការទទួលទានប្រៃខ្លាំងផងដែរ។

8.    មានតែស្ត្រីវ័យចំណាស់ប៉ុណ្ណោះដែលវិវត្តទៅរកជំងឺពុកឆ្អឹង

មិនពិត! ជំងឺពុកឆ្អឹងជាជំងឺឆ្អឹងដែលកើតឡើងនៅពេលរាងកាយបាត់បង់កំហាប់កាល់ស្យូមនៅក្នុងឆ្អឹងច្រើនពេក ធ្វើឲ្យឆ្អឹងស្តើង ឬទាំងពីរករណីនេះ។ នេះមានន័យថាគ្រប់គ្នាអាចវិវត្តទៅរកជំងឺនេះ។ ជំងឺពុកឆ្អឹងប៉ះពាល់ដល់បុរស និងស្ត្រីគ្រប់ជាតិសាសន៍។ ប៉ុន្តែស្ត្រីជនជាតិស្បែកស និងអាស៊ី ពិសេសស្ត្រីវ័យកាន់តែចាស់ដែលអស់រដូវ គឺប្រឈមហានិភ័យខ្ពស់បំផុត។

​ ​វីដេអូ 

 


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play