ផ្សេងៗ

យល់​ពី​ចំណុច​ទាំង​នេះ ​អ្នក​និយម​ចាយ​លុយ​ដុល្លារ​ នឹង​ងាក​មក​ចាយ​លុយ​រៀល​វិញ​


 

​ការ​ប្រើប្រាស់​លុយ​ដុល្លារ​យ៉ាង​ច្រើន​លើសលប់​ គឺ​ជា​កង្វល់​របស់​ធនាគារ​ជាតិ និង​​រាជរដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​ប្រជាជន​ភាគ​ច្រើន​បំផុត​មិន​បាន​ដឹង​ពី​សារៈសំខាន់​នៃ​លុយ​រៀល​នោះ​ឡើយ។ ​សាស្ត្រា​ផ្នែក​សេដ្ឋកិច្ច ហេង ដារ៉ារ័ត្ន បាន​​ពន្យល់​ដោយ​លើក​តាម​ចំណុច​ដែល​រៀប​រៀង​ដោយ​ធនាគារ​ជាតិ​ថា​ ប្រាក់​រៀល​ ឬ​រូបិយវត្ថុ​ជាតិ​កម្ពុជា​មាន​សារៈសំខាន់​មិន​នឹក​ស្មាន​ដល់​ដូច​ខាង​ក្រោម៖


១. លើក​តម្កើង​អត្តសញ្ញាណ​ជាតិ

គ្រប់​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ សុទ្ធ​តែ​មាន​រូបិយវត្ថុ​រៀង​ខ្លួន​។ ដូច​គ្នា​នឹង​ប្រទេស​កម្ពុជា​​មាន​រូបិយ​វត្ថុ​របស់​ខ្លួន​ដែរ គឺ​លុយ​រៀល​។ ដូចនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ គួរ​រួម​គ្នា​ប្រើប្រាស់​លុយ​រៀល ដែល​ជា​អត្តសញ្ញាណ​ជាតិ​ ចូលរួម​លើក​តម្លៃ​លុយ​រៀល ធ្វើ​ឱ្យ​លុយ​រៀល​មាន​តម្លៃ​ មាន​ហាងឆេង។ ព្រោះ​កាលណា​ប្រជាពលរដ្ឋ​ប្រើប្រាស់​រូបិយប័ណ្ណ​​មាន​ន័យ​ថា កំពុង​តែ​ធ្វើ​ឱ្យ​លុយ​រៀល​ចាប់​ផ្ដើម​ធ្លាក់​តម្លៃ​បន្តិច​ម្ដងៗ​ដូច្នោះ​ដែរ​។​

២. រក្សា​ស្ថិរភាព​ថ្លៃ

នៅ​ត្រង់​ចំណុច​នេះ​មានន័យ​ថា នៅ​ពេល​ប្រជាពលរដ្ឋ​រួមគ្នា​កាត់​បន្ថយ​ប្រើប្រាស់​រូបិយប័ណ្ណ​ផ្សេង ដូចជា​លុយ​ដុល្លារ​ជា​ដើម​ គឺ​កំពុង​ចូលរួម​កាត់​បន្ថយ​អតិផរណា (លុយ​ចុះ​ថោក ទំនិញ​ឡើង​ថ្លៃ)។ ហេតុ​ផល​នេះ​ដោយសារ ធនាគារ​ជាតិ​អាច​ធ្វើ​ការ​ផ្គត់ផ្គង់​សាច់ប្រាក់​នៅ​ក្នុង​ទីផ្សារ​បាន​ល្អ នៅ​ពេល​អ្នក​ចាយ​លុយ​រៀល​កាន់​តែ​ច្រើន។ ព្រោះ​ជា​ធម្មតា​ធនាគារ​មិន​អាច​គ្រប់គ្រង​សាច់​ប្រាក់​​ ឬ​បោះ​ពុម្ព​លុយ​​ឱ្យ​សមស្រប​នឹង​ទីផ្សារ​នោះ​ឡើយ ប្រសិន​បើ​មាន​តែ​អ្នក​ប្រើប្រាស់​លុយ​ដុល្លារ​។ ដូច្នេះ​ហើយ​ការ​ចាយ​លុយ​រៀល​ពិត​ជា​សំខាន់​ក្នុង​ការ​រក្សា​តម្លៃ​ឱ្យ​មាន​ស្ថិរភាព ត្រូវ​ដឹង​ថា​ចាយ​លុយ​ផ្សេង​កាន់​តែ​ច្រើន​លុយ​រៀល​កាន់​តែ​ធ្លាក់​តម្លៃ​។​​​

៣. កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ

ចំណុច​នេះ​ជា​ទូទៅ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ មិន​បាន​គិត​ដល់​នោះ​ឡើយ​។ កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​នៅ​ទី​នេះ​ចង់​សំដៅ​ថា នៅ​ពេល​ដែល​ប្រើប្រាស់​លុយ​រៀល គឺ​មិន​ចាំ​បាច់​យក​លុយ​រៀល​ទៅ​ដូរ​យក​លុយ​ដុល្លារ​នាំ​ឱ្យ​ខាត​អត្រា​ប្ដូរ​ប្រាក់​នោះ​ឡើយ​។ មួយ​វិញ​ទៀត​ការ​ប្រើប្រាស់​រូបិយវត្ថុ​តែ​មួយ​ ចំពោះ​ការ​ទូទាត់​គ្រប់​ប្រតិបត្តិការ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ នឹង​ជួយ​កាត់​បន្ថយ​ចំណាយ​ជា​ច្រើន​សម្រាប់​អ្នក​លក់​ និង​អ្នក​ទិញ​។ លើស​ពី​នេះ​ ការ​ប្រើប្រាស់​នេះ​នឹង​អាច​ជួយ​បង្កើន​ប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់​តែ​ច្រើន មាន​ភាព​ងាយ​ស្រួល ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ នៅ​ពេល​ភាគី​ទាំង​ពីរ មិន​ត្រូវ​ចាំ​បាច់​ខ្វល់​ពី​គម្លាត​អត្រា​ប្ដូរ​ប្រាក់​ទេ​។​

៤. ជំរុញ​ពាណិជ្ជកម្ម

​ប្រជាពលរដ្ឋ​មួយ​ចំនួន​ច្រើន​យល់​ថា ​ប្រើប្រាស់​រូបិយប័ណ្ណ​(លុយ​បរទេស​) ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​។ ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​មួយ​ភាគ​ធំ​លើ​ការ​នាំ​ចេញ​ និង​ទេសចរណ៍​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ដូចនេះ​ប្រសិន​បើ​កម្ពុជា​ប្រើប្រាស់​តែ​លុយ​រៀល ធនាគារ​កណ្ដាល​អាច​ជំរុញ​ការ​នាំចេញ​ដោយ​ធ្វើ​ឱ្យ​ភាព​ប្រកួតប្រជែង​ថ្លៃ​កើន​ឡើង តាម​រយៈ​ការ​បន្ថយ​តម្លៃ​រូបិយ​វត្ថុ​។ ការ​បន្ថយ​តម្លៃ​រូបិយ​វត្ថុ​នឹង​ធ្វើ​ឱ្យ​ការ​នាំចេញ​កើន​ឡើង​។

៥. ជំរុញ​ការ​វិនិយោគ

​៩០% ជា​លុយ​លុយ​ដុល្លារ​អាមេរិក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ប៉ុន្តែ​ធនាគារ​ជាតិ​អាច​ផ្ដល់​តែ​កម្ចី​​ជា​លុយ​រៀល​ប៉ុណ្ណោះ​ដល់​គ្រឹះស្ថាន​ធនាគារ​។ មានន័យ​ថា ​អត្រា​ការ​ប្រាក់​គោល​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​កំណត់ នឹង​មិន​មាន​ឥទ្ធិពល​លើ​ថ្លៃ​ដើម​នៃ​មូលនិធិ​វិនិយោគ​របស់​គ្រឹះស្ថាន​ធនាគារ​នោះ​ទេ​។ ចំណុច​នេះ​ជា​គុណ​វិបត្តិ​ដ៏​ធំ​មួយ​របស់​ប្រជាជន​កម្ពុជា និង​អ្នក​វិនិយោគ​ដែល​កំពុង​ប្រឈម​នឹង​ចំណាយ​ថ្លៃ​ដើម​វិនិយោគ​ខ្ពស់ ដោយសារ​ធនាគារ​ជាតិ​មិន​អាច​មាន​ឥទ្ធិពល​លើ​អត្រា​ការប្រាក់​កម្ចី របស់​គ្រឹះស្ថាន​ធនាគារ​នោះ​ទេ​។

៦ លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​សុខុមាលភាព​សង្គម

​​ប្រសិន​បើ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​លុយ​ដុល្លារ ឬ​រូបិយប័ណ្ណ​ផ្សេង ​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ថវិកា​រដ្ឋ​មាន​ភាព​ប្រសើរ​ឡើង​​និង​កាត់​បន្ថយ​ការ​ដាក់​កំហិត​លើ​គោល​នយោបាយ​​​​សារពើពន្ធ។ ប្រសិន​បើ​នៅ​លើ​ទីផ្សារ​មាន​ប្រាក់​រៀល​កាន់​តែ​ច្រើន រាជរដ្ឋាភិបាល​អាច​ពិចារណា​ចេញ​ផ្សាយ​មូលបត្រ​ចារឹក​ជា​ប្រាក់​រៀល ដើម្បី​គ្រប់គ្រង​ថវិកា​ ក៏​ដូចជា​ផ្ដល់​ហិរញ្ញប្បទាន លើ​គម្រោង​អភិវឌ្ឍ​នានា​។ ដូចនេះ​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញប្បទាន​ក្នុង​ស្រុក នឹង​អាច​ជួយ​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស។​


៧. ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់

​កំណើន​តម្រូវ​ការ​ប្រាក់​រៀល​កាន់​តែ​ច្រើន នឹង​ធ្វើ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​អាច​បោះ​ផ្សាយ​ក្រដាស​ប្រាក់​រៀល​កាន់​តែ​ច្រើន។ នៅ​ពេល​ដែល​​ការ​បោះពុម្ព​លុយ​រៀល​កាន់​តែ​ច្រើន នោះ​កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​លុយ​កាន់​តែ​ច្រើន​ដែរ​។ ដូចនេះ​រាជរដ្ឋាភិបាល នឹង​ទទួល​បាន​មូលនិធិ​ក្នុង​នាម​ជា​អ្នក​ខ្ចី​​ពី​ធនាគារ​កណ្ដាល​ដោយ​ពុំ​មាន​ការប្រាក់​ ដើម្បី​យក​ទៅ​ធ្វើ​ការ​វិនិយោគ​ទៅ​ក្នុង​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ផ្សេងៗ​។

៨. បង្ការ​ការ​ក្លែង​ក្រដាស​ប្រាក់

​នេះ​ជា​ចំណុច​សំខាន់​បំផុត​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​ជៀស​ផុត​ពី​ការ​ក្លែង​ក្រដាស​ប្រាក់។ ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​​ដែល​ប្រជាជន​ស្គាល់​ច្បាស់​ នឹង​ជួយ​កាត់​បន្ថយ​នូវ​ការ​ក្លែង​ក្រដាស​ប្រាក់ និង​ជួយ​បង្ការ​ការ​ក្លែង​ក្រដាស​ប្រាក់​លើ​រូបិយប័ណ្ណ​បរទេស​ដោយសារ​រូបិយប័ណ្ណ​ទាំង​នេះ នឹង​ហូរ​ចូល​ក្នុង​សេដ្ឋកិច្ច​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​៕


ប្រភព ៖ sabay.com.kh

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី11  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play