ផ្សេងៗ

ក្បួន​ព្រះរាជ​ដំណើរ​ព្រះរាជា​សម័យ​អង្គរ​មាន​ភាព​អធិកអធម




ជា​ទូទៅ​គេ​ធ្លាប់​ដឹង​ឮ​ពី​កិត្តិនាម​សម័យ​អង្គ​រថា ខ្មែរ​មាន​ទឹកដី​ធំ​ទូលាយ ខ្មែរ​មាន​ស្នាដៃ​កសាង​ប្រាសាទ​ដ៏​អស្ចារ្យ ព្រះរាជា​មាន​ឫទ្ធិ​ខ្លាំងពូកែ​ជាដើម ប៉ុន្តែ​តាម​ជនជាតិ​ចិន លោក​ជីវ តា​ក្វា​ន់ ដែល​បាន​មក​ប្រទេស​ខ្មែរ​នៅ​ចុង​សតវត្សរ៍​ទី​១៣​បាន​កត់ត្រា​និទាន​ពី​ក្បួន​ព្រះរាជ​ដំណើរ​យាង​ចេញពី​ព្រះរាជវាំង​របស់​ព្រះរាជា​ថា មាន​ភាព​អធិកអធម​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​។ បើ​គេ​ស្រមៃ​តាម​ការ​និទាន​នោះ គឺ​វា​ដូច​ជា​ផ្ទាំងទស្សនីយភាព​សិល្បៈ ឬ​ការ​រៀបចំ​ឈុត​ឆាក​សម្រាប់​ថត​ខ្សែភាពយន្ត​មួយ​ដ៏​អស្ចារ្យ ។

តើ​ក្បួន​ព្រះរាជ​ដំណើរ​របស់​ព្រះរាជា​សម័យ​អង្គរ​នោះ​យ៉ាងដូចម្តេច​ខ្លះ ?
លោក​ជីវ តា​ក្វា​ន់ និទាន​ថា នៅ​មុខ​ក្បួន​ដង្ហែ​ព្រះរាជា​មាន​ពួក​ទាហាន បន្ទាប់​មក​មាន​អ្នក​កាន់​ទង់ជ័យ និង​អ្នកភ្លេង ។ បន្ទាប់​មក​ទៀត គឺ​ផ្នែក ស្រី​ៗ​មាន​គ្នា​ពី​បី​រយ​ទៅ​ប្រាំ​រយ​នាក់ ប្រកបដោយ​សម្លៀក​បំពាក់​មាន​ភ្ញី​ស្លឹកឈើ  មាន​ផ្កា​សៀត​ក្នុង​ផ្នួងសក់ និង​ដៃ​កាន់​ទៀន​ដែល​ទោះជា​នៅ​ពេល​ថ្ងៃ​ក៏​ត្រូវ​ឱ្យ​ឆេះ​ដែរ ។ ត​ពី​ក្រុម​នេះ​មាន ស្រី​ៗ​មួយ​ពួក​ផ្សេង​ទៀត កាន់​គ្រឿង​ប្រដាប់​ស្តេច​ធ្វើ​ពី​មាស និង​ប្រាក់ និង​គ្រឿង​លម្អ​ទាំងអស់​សុទ្ធសឹងតែ​ជា​របស់ ប្លែក​ៗ ។ បន្ទាប់​មក​ទៀត​គឺ​ក្រុម ស្រី​ៗ​ដែល​ជា​រាជ​អង្គរក្ស​ដើរ​កាន់​លំពែង និង​ខែល ។

តម​ក​ទៀត​គឺ​ក្រុម​រទេះ​ពពែ រទេះសេះ សុទ្ធ​សឹង​តុបតែង​ដោយ​គ្រឿងមាស ។ គួរ​ឱ្យ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ គឺ​ពួក​ក្សត្រ និង​ពួក​នាម៉ឺន​សព្វ​មុខមន្ត្រី​ជិះ​ដំរី​ដែល​គេ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​តែ​ក្លស់​ពណ៌​ក្រហម​ច្រើន​ដេរដាស សន្ធឹកសន្ធាប់ ។ បន្ទាប់​ពី​ផ្នែក​នេះ គឺ​មហេសី និង​ស្នំ​របស់​ព្រះរាជា​ដែល​ជិះ​គ្រែស្នែង រទេះសេះ និង​ដំរី ហើយ​មាន​ក្លស់​ជាង​មួយ​រយ​លាប​ទឹកមាស ។

ចុង​ក្រោយបង្អស់ គឺ​ព្រះរាជា​គង់​ឈរ​លើ​ដំរី និង​ព្រះ​ហស្ត​កាន់​ព្រះ​ខាន់ ។ ភ្លុក​ដំរី​នេះ​ស្រោប​ដោយ​មាស ឯ​ក្លស់​បាំង​ព្រះរាជា​មាន​ជាង​ម្ភៃ ដោយ​ពណ៌​មាស និង​ដង​ស្រោប​មាស​​ដែរ ។ ក្រៅពី​នេះ​មាន​ដំរី​ដទៃ​ទៀត​ជា​ច្រើន​ដើរ​អមដំណើរ​ព្រះរាជា ព្រមទាំង​មាន​ទាហាន​ដទៃ​ទៀត​តាម​ការពារ​ព្រះ​អង្គ ។ ជន​ណា​ដែល​ឃើញ​ព្រះរាជា​ហើយ​ត្រូវ​តែ​លុតជង្គង់ ហើយ​ឱនក្បាល​ដល់​ដី ។

តាម​រយៈ​ការ​ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ ព្រះរាជា​នា​សម័យ​អង្គរ​មាន​ឋានៈ​ស្មើ​អាទិទេព ហើយ​ពេល​សោយ​ទិវង្គត​ទៅ​ព្រះ​អង្គ​នឹង​យាង​ទៅ​គង់នៅ​ឋាន​ទេវលោក ។

រាជធានី​របស់​ព្រះរាជា​ជា​តំណាង​ចក្រវាល​ទាំងមូល ប្រាសាទភ្នំ​នៅ​កណ្តាល​ក្រុង​ជា​និមិត្តរូប​ភ្នំ​ព្រះ​សុមេរុ ដែល​គេ​ចាត់​ទុក​ថា​ជា​ស្នូល​នៃ​ចក្រវាល ។ កំពែង និង​គូ​ទឹកជា​និមិត្តរូប​ជួរ​ភ្នំ និង​សមុទ្រ ដែល​ព័ទ្ធ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​។ ចំពោះ​ប្រាសាទភ្នំ​សម្រាប់​តម្កល់​លិង្គ​ទេវរាជ អាច​ប្រើ​បាន​សម្រាប់​តែ​ព្រះរាជា​មួយ​អង្គ​ប៉ុណ្ណោះ លុះ​ព្រះ​អង្គ​សោយ​ទិវង្គត​ទៅ​ប្រាសាទ​នោះ​នឹង​ក្លាយជា​ផ្នូរ​របស់​ព្រះ​អង្គ ។

តាម​រយៈ​ការ​និទាន​ពី​ក្បួន​ព្រះរាជ​ដំណើរ​ដ៏​អធិកអធម​របស់​ព្រះរាជា​នោះ ក៏​អាច​ជា​ភស្តុ​តាង​មួយ​ថា ប្រទេស​ខ្មែរ​នា​សម័យ​អង្គរ​ពិតជា​មាន​ភាព​រុងរឿង​ដល់​កំពូល​មែន ៕​


ប្រភព ៖ kohsantepheapdaily.com.kh

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play