ផ្សេងៗ

ភ្លូកទឹកភ្លូកដី ! គ្រឿងចក្រ​ជីក​ស្រះ ស្រាប់តែ​ឃើញ​បែប​នេះ




ខេត្តក្រចេះ ៖ មានការ​ភ្ញាក់ផ្អើល​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ស្រែ​តា​ហែ​ន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខណៈ​គ្រឿងចក្រ​របស់​ក្រុមការងារ​សាងសង់​ផ្លូវ​បាន​ជីក​កាយ​ស្រះ​ពី​ដី​ទួល​មួយ​កន្លែង​នៅ​កណ្តាល​ភូមិ​យក​អាចម៍ដី​ទៅ​ចាក់​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​ទេវរូប​ព្រះ​វិស្ណុ​មួយ​អង្គ​នៅ​ក្នុង​បាត​ស្រះ​ជម្រៅ​ជាង​៣​មែ​ត្រ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​លាង ជូត​សំអាត បាញ់​ទឹកអប់ ដាក់​ផ្កា​ភ្ញី អុជ​ធូប​ទៀន សុំ​សេចក្តីសុខ​ពី​អ្នក​ភូមិ​រួច​មក រូបសំណាក​ទេវរូប​ព្រះ​វិស្ណុ​ធ្វើ​ពី​ថ្មភក់​មួយ​អង្គ​ខាងលើ ត្រូវ​បាន​អ្នក​ភូមិ​យក​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​មន្ទីរ​វប្បធម៌​ដើម្បី​រក្សា​ទុក ។

ប្រភព​ពី​មន្ត្រី នៃ​មន្ទី​វប្បធម៌ បាន​ឲ្យ​ដឹង​ថា ព្រះ​ទេវរូប​ព្រះ​វិស្ណុ​មួយ​អង្គ​នេះ​មានកំ​ពស់​ជិត​មួយ​មែ​ត្រ​កន្លះ​ទាំង​ជើង​ទម្រ ទទឹង​ជាង​កន្លះ​មែ​ត្រ ធ្វើ​អំពី​ថ្មភក់ ហើយ​បើ​ទោះបីជា​ត្រូវ​កប់​ក្នុង​ដី​រាប់រយ​ឆ្នាំ​មក​ហើយ​ក៏​ដោយ ក៏​ព្រះ​ទេវរូប​នេះ​នៅ​រក្សា​រូបរាង​ដើម​៩០%​នៅឡើយ ។

ការ​ប្រទះ​ឃើញ​ព្រះ​ទេវរូប​មួយ​អង្គ​នេះ​បាន​បង្ក​ឲ្យ​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល នាំ​គ្នា​ទៅ​មើល និង​បាន​ដុសលាង​ជូត​សំអាត ព្រមទាំង​នាំ​គ្នា​អុជ​ធូប​ទៀន ដាក់​ផ្កា​ភ្ញី សុំ​សេចក្តីសុខ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា ដី​តំបន់​នេះ​កាលពីដើម​មាន​រោង​អាស្រម​មួយ​ដែល​ចាស់​បុរាណ​បាន​សាងសង់​ទុក​ជាទី​សក្ការបូជា​សម្រាប់​ឧទ្ទិស​តាម​បែប​ព្រហ្មញ្ញ​សា​សា​នា តែ​ក្រោយមក​ទីតាំង​នេះ​បាន​បាក់​រាប​ជា​ដី​ទួល​ដំបូក ហើយ​សព្វថ្ងៃ​ដី​ទួល​នេះ​ក៏​ត្រូវ​បាន​អ្នក​ភូមិ​យក​មក​ធ្វើ​ជាទី​សក្ការបូជា​ដដែល​សម្រាប់​ធ្វើការ​បែរបន់​សុំ​សេចក្តីសុខ និង​បែរបន់​នៅ​ពេល​ពួក​គាត់​បាត់គោ​ក្របី និង​សុំ​ទឹកភ្លៀង​ជាដើម ។​ល​។

បើ​តាម​អ្នក​ភូមិ​បាន​រៀបរាប់​ទៀត​ថា នៅ​ទីទួល​ដីដំបូក​នេះ​កន្លង​មក​មិន​ត្រូវ​បាន​នរណា​ហ៊ាន​ទៅ​ប៉ះពាល់​ធ្វើ​អ្វីមួយ​នោះ​ទេ តែ​ដោយសារ​ម្ចាស់​ដី​ឡូ​តិ៍​មួយ​កន្លែង​នេះ​ត្រូវការ​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង ក៏​ឲ្យ​ក្រុមការងារ​សាងសង់​ផ្លូវ​ជីក​ស្រះ​យក​អាចមន៍​ដី ។ នៅ​ពេល​ជីក​បាន​ជម្រៅ​ជាង​៣​មែ​ត្រ​ស្រាប់តែ​កាយ​បាន​ព្រះ​ទេវរូប​មួយ​អង្គ​នេះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តែ​អ្វី​ដែល​គួរ​ឲ្យ​សា្តយ​នោះ​គឺ​ដោយសារ​តែ​មិនដឹង​ថា ក្នុង​ដី​ទួល​មានសម្បត្តិ​បិ​តិក​ភ័​ណ្ឌ គ្រឿងចក្រ​បាន​ជីក​កកាយ​ធ្វើ​ឲ្យ​រូបសំណាក​ព្រះ​ទេវរូប​មួយ​អង្គ​នេះ​បាក់ដៃ​ខាងឆ្វេង​អស់​២​ទៅ​ហើយ ។

ជុំវិញ​ការ​ប្រទះ​ឃើញ​រូបសំណាក​ទេវរូប​នេះ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​៖​ខេត្ត លោក ទេព វាសនា បាន​បញ្ជាក់​ថា ក្រោយ​ការ​ប្រទះ​ឃើញ និង​បាន​ដុសលាង​សំអាត​អ្នក​ភូមិ​បាន​ប្រគល់​ទេវរូប​នេះ​ឲ្យ​មក​រូប​លោក​ដើម្បី​ទទួលយក​ទៅ​ថែរក្សា​ទុក​នៅ​អគារ​សារមន្ទីរ ។ លោក​បាន​លើក​ឡើង​ទៀត​ថា បន្ទាប់​ពី​មានការ​ប្រទះ​ឃើញ​បែប​នេះ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​ជា​ច្រើន​នាក់​បន្ត​ចុះ​ទៅ​ស្រាវជ្រាវ​រុករក​នៅ​ទីតាំង​ដី​ឡូ​តិ៍ ក៏​ដូច​ជា​នៅ​ក្នុង​ស្រះ​ទឹក​នោះ​បន្ថែម​ទៀត ៕

 

 




ប្រភព ៖ kohsantepheapdaily.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  មករា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play