ជំងឺទូទៅ

ករណី​អ្វីខ្លះ​ដែល​ត្រូវ​ការព្យាបាល​ដោយ​លាង​ឈាម​?

​គ្រូពេទ្យ​នឹង​ជួយ​កំណត់​ឱ្យ​ដឹងថា​ពេល​អ្នក​គួរតែ​ចាប់ផ្តើម​ធ្វើ​ការលាង​ឈាម​ដោយ​ផ្អែក​ទៅតាម​កត្តា​ជាច្រើន​ដូចជា សុខភាព​ទូទៅ មុខងារ​តម្រងនោម រោគសញ្ញា គុណភាព​ជីវិត និង​ការចង់​ផ្ទាល់ខ្លួន​។

​អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​មាន​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយតម្រងនោម​ដូចជា ចង្អោ​រ ក្អួត ហើម ឬ​អស់កម្លាំង​។ គ្រូពេទ្យ​នឹង​ប្រើប្រាស់ Estimated Glomerular Filtration Rate (eGFR) របស់​អ្នក​ដើម្បី​កំណត់​អំពី​កម្រិត​នៃ​មុខងារ​តម្រងនោម​។ eGFR ត្រូវបាន​កំណត់​ដឹង​តាមរយៈ​ការប្រើប្រាស់​លទ្ធផល Creatinine ភេទ អាយុ និង​កត្តា​ផ្សេងៗ​ទៀត​។ ចំពោះ​តម្លៃ​ធម្មតា​របស់​វា​វិញ​គឺ​មាន​ការប្រែប្រួល​ទៅ​តាម​អាយុ​ដែរ​។ ការ​កំណត់​ទៅ​លើ​មុខងារ​តម្រងនោម​បែបនេះ​អាចជួយ​ក្នុង​ការរៀបចំ​គម្រោង​ព្យាបាល​រួមទាំង​ការចាប់ផ្តើម​លាង​ឈាម​ទៀត​ផង​។

ការលាង​ឈាម​អាច​ជួយ​ឱ្យ​រាងកាយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​រក្សា​តុល្យភាព​ជាតិ​ទឹក និង​ជាតិ​រ៉ែ​បាន​យ៉ាង​ល្អ​ដូចជា​ប៉ូ​តា​ស្យូម និង​សូ​ដ្យូ​ម​។ ជាធម្មតា ការលាង​ឈាម​ចាប់ផ្តើម​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​មុន​ពេល​តម្រងនោម​ខូច​ដល់​ចំណុច​មួយ​មាន​ផលវិបាក​ដែល​អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​។

មូលហេតុ​ដែល​ធ្វើអោយ​ខ្សោយតម្រងនោម​ជា​ញឹកញាប់​ដូចជា​៖
•​    ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
•​    ​រលាក​តម្រងនោម
•​    ​រលាក​សរសៃឈាម​
•​    ​មាន​គីស​ក្នុង​តម្រងនោម​

ទោះបីជា​យ៉ាងណា​ក៏ដោយ តម្រងនោម​អាច​នឹង​ឈប់​ធ្វើការ​ភ្លាមៗ ក្រោយពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ការវះកាត់​ដែលមាន​ផលវិបាក គាំងបេះដូង ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​។ ការប្រើ​ថ្នាំ​ក៏​អាច​បណ្តាលអោយ​មាន​របួស​ដល់​តម្រងនោម​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ mayoclinic

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play