Flash Sante

ឈឺ ឬ​ស្ពឹក​នៅ​ជើង និង​ដៃ មិន​ប្រាកដ​ថា​មាន​បញ្ហា​នៅ​កន្លែង​ទាំង​នេះ​ឡើយ​

​សព្វថ្ងៃនេះ​មាន​ប្រជាជន​ខ្មែរ​យើង​ច្រើន​ណាស់​ដែល​មាន​អាការៈ ស្ពឹក ឬ​ឈឺ​នៅ​ជើង និង​ដៃ ហើយ​តែងតែ​យល់ថា មាន​អ្វី​មួយ​ខុសធម្មតា​នៅលើ​ជើង និង​ដៃ​គាត់​ហើយ​។ ទោះបីជា​យ៉ាងនេះក្តី បើសិនជា​យើង​សង្កេតមើល​ឲ្យ​ច្បាស់​វិញ វា​ទំនងជា​មិនសូវ​ទាក់ទង​នឹង​កន្លែង​ទាំង​នេះ​ឡើយ ប៉ុន្តែ​វា​អាច​ទាក់ទង​នឹង​បញ្ហា​នៅ​ឆ្អឹង​កង​ខ្នង​យើង​ទៅ​វិញ​ទេ នោះ​គឺ​ការ​លាន​ទ្រនាប់​ឆ្អឹង​កង​ខ្នង​តែម្តង​។

​ធម្មតា ទ្រនាប់​ឆ្អឹង​កង​ខ្នង​មាន​លក្ខណៈ​ទន់​ដូចជា​ចា​ហ៊ួយ​អញ្ចឹង ដែល​វា​មាន​នាទី​ជួយផ្តល់​ចលនា​ដល់​ឆ្អឹង​កង​ខ្នង​។ ពេលខ្លះ ការដែល ទ្រនាប់​ឆ្អឹង​កង​ខ្នង​នេះ​លាន​ចេញមក​ខាងក្រៅ ឬ​រហែក វា​អាច​នឹង​សង្កត់​ទៅលើ​សរសៃប្រសាទ​នៅក្បែរនោះ​។

ជំងឺ​លាន​ទ្រនាប់​ឆ្អឹង​កង​ខ្នង អាច​បណ្តាល​ឲ្យ​រលាក​ដល់​សរសៃប្រសាទ​ក្បែរ​នោះ និង​បង្ក​ជា​ការឈឺចាប់ ស្ពឹក ឬ​ខ្សោយ​ដៃ ឬ​ជើង​។ ម្យ៉ាងវិញទៀត មាន​មនុស្ស​ច្រើនណាស់​ដែល​មិន​មាន​រោគសញ្ញា​នេះ​សោះ​តែ​ម្តង​ទោះបីជា​ទ្រនាប់​ឆ្អឹង​កង​ខ្នង​លាន​ចេញ​ហើយ​ក៏​ដោយ​។ ភាគច្រើន អ្នក​ដែល​មាន​ជំងឺ​នេះ​មិន​ត្រូវ​ការវះកាត់​ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ​។

យ៉ាងណាមិញ អាការៈភាគ​ច្រើន​នៃ​ជំងឺ​នេះ​វិញ​មាន​ដូចជា​៖

ឈឺ​ដៃ ឬ​ជើង​
បើសិនជា​ទ្រនាប់​ឆ្អឹង​កង​ខ្នង​នៅ​ម្តុំ​ចង្កេះ​លាន​ចេញ​មក​ខាងក្រៅ អ្នក​នឹង​មាន​អារម្មណ៍​ឈឺចាប់​នៅ​កំប៉េះ​គូថ ភ្លៅ និង​ស្មងជើង ព្រមទាំង​ប្រអប់ជើង​ផងដែរ​។ បើសិនជា​ទ្រនាប់​ឆ្អឹង​កង​ខ្នង​នៅ​ម្តុំ​ក លាន​ចេញ​វិញ ការឈឺចាប់​ច្រើន​តែ​មាន​លក្ខណៈ​ខ្លាំងក្លា​ត្រង់​ស្មា និង​ដៃ​។ ការឈឺចាប់​បែបនេះ​ប្រហែល​ជា​ចាក់​ដល់ដៃ​ទាំងមូល ឬ​ជើង​ដែរ​នៅពេល​ក្អក កណ្តា​ស ឬ​ធ្វើ​ចលនា​ឆ្អឹង​កង​ខ្នង​ត្រង់​ជំហរ​ណាមួយ​។​

មាន​អារម្មណ៍​ស្ពឹក ឬ​ឈឺ​ឈៀបៗ​
អ្នក​ដែល​មាន​ជំងឺ​លាន​ទ្រនាប់​ឆ្អឹង​កង​ខ្នង​ច្រើនតែ​ធ្លាប់​មាន​អាការៈ​ស្ពឹក ឬ​ឈឺ​ឈៀបៗ​នៅ​ត្រង់​តំបន់​ណាមួយ​នៃ​រាងកាយ​ដែល​រង​ការប៉ះពាល់​សរសៃប្រសាទ​បញ្ជា​នៅ​ទីនោះ​។

ខ្សោយ​
សាច់ដុំ​ដែល​បញ្ជា​ដោយ​សរសៃប្រសាទ​ដែល​រង​ការប៉ះពាល់​ដោយ​ការ​លាន​ទ្រនាប់​ឆ្អឹង​កង​ខ្នង ច្រើន​តែ​ចុះខ្សោយ​។ រឿង​នេះ​ប្រហែលជា​ធ្វើឲ្យ​អ្នកដើរ​ជំពប់ជើង ឬ​មិន​អាច​លើក កាន់​អ្វីមួយ​បាន​ជាប់​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ការឈឺ​នៅ​ក ឬ​ខ្នង​របស់​អ្នក​ចាប់ផ្តើម​ចាក់​ដល់ដៃ ឬ​ជើង​ហើយ ឬ​មាន​ជាប់​ទាក់ទង​នឹង​ការ​ស្ពឹក ឈឺ​ឈៀបៗ ឬ​ខ្សោយ​សាច់ដុំ​ទៀត​នោះ គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ និង​ព្យាបាល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ mayoclinic

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play