ជំងឺបេះដូង

​អា​ការៈមិន​ស្រួល​ទាំង ៦ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ជំងឺ​បេះដូង​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា បេះដូង​គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ក្នុង​រាងកាយ ហើយ​រាល់​ជំងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​មិនមែន​បង្ហាញ​អាការៈឲ្យ​យើង​ដឹង​ឡើយ​។ បញ្ហា​បេះដូង​មួយចំនួន​ក៏​មិន​មាន​ធ្វើ​អ្វី​ឲ្យដឹង​នៅ​តំបន់​ទ្រូង​ដែរ​។ ដូច្នេះ​វា​អាស្រ័យ​លើ​អ្នក​ផ្ទាល់​ទេ​ដែល​ត្រូវ​តាមដាន​បញ្ហា​ទាំងនេះ និង​ប្រាកដថា​អ្វីៗ​មាន​សុវត្ថិភាព​ហើយ​ឬ​នៅ​។ យ៉ាងណាមិញ អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​វាឲ្យ​ខ្លាំង​មែនទេ ជា​ពិសេស​អ្នក​ធាត់​ជ្រុល មនុស្ស​ចាស់​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង អ្នកជំងឺ​ទឹកនោកម​ផ្អែម និង​អ្នកជំងឺ​ដែល​លើស​សម្ពាធ​ឈាម និង​លើសកូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។

​ខាងក្រោម​នេះ​គឺជា​អាការៈ ៦​យ៉ាង​ដែល​បញ្ជាក់ថា បេះដូង​កំពុងតែ​មាន​បញ្ហា​ហើយ​៖

១. ពិបាក​ធ្វើ​ការងារ​ប្រចាំថ្ងៃ​
នេះ​គឺជា​អា​ការៈរួម​មួយ​ដែល​បញ្ជាក់ថា របត់​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ​កំពុងតែ​ខ្វះខាត ហើយ​វា​ក៏​ដោយសារ​តែ​សរសៃឈាម​រួម​តូច ដែល​ជាហេតុ​នាំ​ឲ្យ​លំហូ​រឈាម​ទៅ​ខួរក្បាល និង​រាងកាយ​ទាំងមូល​មិន​បាន​គ្រប់​គ្រាប់​។ ដូច្នេះ​អ្នក​ពិតជា​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​អ្វីៗ​បាន​ដូច​ធម្មតា​ឡើយ​។

២. វិលមុខ​
ការ​វិលមុខ​អាច​បណ្តាលមកពី​កត្តា​ច្រើន ហើយក៏​អាច​ដោយសារតែ​អ្នក​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់​ដែរ ដែល​រឿង​នេះ​នឹងដាក់​បញ្ហា​ដល់​បេះដូង​ថែមទៀត​។ នៅពេល​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​រាងកាយ​មិនបាន​គ្រប់គ្រាន់ អ្នក​ពិតជា​ងាយ​វិលមុខ​ណាស់ ហើយក៏​អាច​ជាប់ទាក់ទង​នឹង​ការ​មិន​ស្រួល​ក្នុង​ទ្រូង និង​ពិបាក​ដកដង្ហើម​ដែរ​។

៣. បែកញើស​ត្រជាក់​
បើសិន​ជា​អ្នក​ចាប់ផ្តើម​បែកញើស​ត្រជាក់ ដោយ​មិន​មាន​អាការៈ​ក្តៅ​ខ្លួនផង នោះ​វា​អាច​ដោយសារតែ​មាន​បញ្ហា​ណាមួយ​ចំពោះ​របត់​ឈាម​រត់​ហើយ​។ ការ​បែកញើស​នេះ​អាច​នឹង​ធ្វើឲ្យ​ស្បែក​ទៅ​ជាស្អិត​ដែរ​។ យ៉ាងណាមិញ ការ​បែកញើស​ពេលយប់​ជា​អា​ការៈរួម​មួយ​នៃ​បញ្ហា​បេះដូង ជាពិសេស​មនុស្ស​ស្រី​តែម្តង​។

៤. ឈឺ​ទ្រូង​
ការ​ឈឺទ្រូង​ដែល​កើត​ឡើង​ជាមួយ​នឹង​ការឈឺ​នៅ​ដៃ​ឆ្វេង​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បញ្ជាក់​អំពី​ជំងឺ​គាំងបេះដូង​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ឈឺចាប់​នៅ​ម្តុំ​ស្មា ពោះ​ផ្នែក​ខាងលើ ក បំពង់ក ថ្គាម ធ្មេញ ឬ​ខ្នង​ដែរ​។

៥. ឧស្សាហ៍​មាន​ជំងឺ​ផ្តាសាយ​
ជា​ញឹកញាប់ អ្នក​ដែល​នឹង​មាន​អា​ការៈកើត​ជំងឺ​គាំងបេះដូង គឺ​មាន​បញ្ហា​ផ្តាសាយ និង​ក្អក​ជា​ញឹកញាប់​។ មនុស្ស​ភាគច្រើន​តែង​មើលរំលង​សញ្ញា​ទាំងនេះ​ដោយ​យល់ថា អាច​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ឬ​ការបង្ក​រោគ​ដោយ​វីរុស​។ គិតៗ វា​ទំនងជា​ពិបាក​ណាស់​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​អាការៈ​មួយ​នេះ​ជាមួយនឹង​ការ​ខ្សោយ​របស់​បេះដូង ប៉ុន្តែ​យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ផង​បើសិន​ជា​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ ឬ​ក្អក​។

៦. អស់កម្លាំង​ខ្លាំង​ពេក​
ការ​អស់កម្លាំង និង​ពិបាក​ដកដង្ហើម​គឺជា​សញ្ញា​ប្រកាសអាសន្ន​មួយ​ដែល​រាងកាយ​ព្យាយាម​ប្រាប់​ឲ្យ​អ្នក​ដឹង​។ ការ​អស់កម្លាំង​ត្រូវបាន​គេ​សង្កេតឃើញថា អាច​ជា​អាការៈ​មួយ​នៃ​ជំងឺ​គាំងបេះដូង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស​។ អាការៈ​នេះ​អាច​ចាប់ផ្តើ​មរយៈពេល​ពីរ​បី​ខែ​ដំបូង​មុនពេល​ចេញ​ជាការ​គាំងបេះដូង​។ ដូច្នេះ ពេល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ ចូរ​យកចិត្តទុកដាក់​ឲ្យ​មែនទែន និង​ប្រាកដថា បេះដូង​មាន​សុខភាព​ល្អ​ហើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី28  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play