Flash Sante

​ចូរ​ប្រយ័ត្ន​! ការ​ទល់លាមក ក៏​អាច​កើតឡើង​ដោយសារតែ​ជំងឺ​ទាំង​នេះ​ដែរ​

​ការ​ទល់លាមក​ច្រើនតែ​បណ្តាលមកពី​មាន​ទម្លាប់​បន្ទោបង់​មិន​ទៀងទាត់ របៀប​រស់នៅ​បែប​ស៊ី​ដេកៗ និង​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​។ ក្នុងករណី​ដែល​អ្នក​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​តែ​បន្តិចបន្តួច​ក៏​អាចជួយ​សម្រួល​អាការៈ​នេះ​បាន​ដែរ​។ យ៉ាងណាមិញ មាន​មូលហេតុ​ជំងឺ​មួយ​ចំនួន ដែល​នាំ​ឲ្យ​អ្នក​មាន​អាការៈ​ទល់លាម​កបាន គ្រាន់តែ​ភាគច្រើន​គឺ​កើតឡើង​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ​។ តើ​ជំងឺ​នោះ​មាន​អ្វី​ខ្លះ​ទៅ​?

​កង្វះ​អ័រម៉ូន​ក្រពេញ​ទី​រ៉ូ​អ៊ីត​
ភាគច្រើន​អា​ការៈនៃការ​កង្វះ​អ័រម៉ូ​ន​ក្រពេញទី​រ៉ូ​អ៊ីត​គឺ មានការ​ទល់លាមក​ជា​មួយ​គ្នា​ហើយ​។ ការ​កង្វះ​អ័រម៉ូន​នេះ​នឹង​ទៅ​បន្ថយ​សកម្មភាព​នានា​របស់​សរីរាង្គ​ក្នុង​ខ្លួន ព្រមទាំង​ផ្លូវ​រំលាយ​អាហារ​ផងដែរ ដែល​ជាហេតុ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​បន្ទោបង់​។

ញ៉ាំ​ថ្នាំ​ច្រើនពេក​
ការ​ដែល​លេបថ្នាំ​ច្រើនជាង ៤​មុខ​ខុសៗ​គ្នា​ដើម្បី​ព្យាបាល​ជំងឺ​គឺជា​រឿង​ដែល​កើតមាន​ជា​ញឹកញាប់​សម្រាប់​មនុស្ស​ចាស់​។ ប៉ុន្តែ​រឿង​នេះ​ក៏​អាច​ប៉ះពាល់​ដល់​លក្ខណៈ​លាមក និង​បង្ក​ការ​ទល់លាមក​បានដែរ​។ ថ្នាំ​ដែល​ច្រើន​តែ​ធ្វើឲ្យ​ទល់លាមក​មានដូចជា ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​វិតាមីន ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​អាឡែ​ហ្ស៊ី​ជាដើម​។

ជំងឺ​រលាក​ពោះវៀន​
វា​គឺជា​ជំងឺ​ដែល​ធ្វើឲ្យ​ការ​ទល់លាមក​កាន់តែ​ធ្ងន់ធ្ងរ ហើយក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​ទល់លាមក​ផងដែរ​។ ជំងឺ​រលាក​ពោះវៀន​មាន​ពីរ​ប្រភេទ​គឺ Crohn’s Disease និង Ulcerative Colitis​។ Crohn’s Disease គឺជា​ការ​រលាក​ផ្លូវ​រំលាយ​អាហារ​រ៉ាំរ៉ៃ ជាពិសេស​ពោះវៀនតូច ហើយ​ការ​ទល់លាមក​អាច​ដោយសារតែ​មាន​ការ​ស្ទះ​ពោះវៀន​តែម្តង​។ ចំពោះ Ulcerative Colitis វិញ គឺជា​ការ​រលាក​ក្នុង​ពោះវៀន​ធំ​។

ជំងឺសរសៃប្រសាទ​
ជំងឺសរសៃប្រសាទ​ដូចជា ជំងឺ​ក្រិន​ច្រើន​កន្លែង ជំងឺ Parkinson’s  ឬ​ការ​មាន​របួស​នៅ​ខួរ​ឆ្អឹងខ្នង សុទ្ធ​តែ​អាច​នាំ​ឲ្យ​ទល់លាម​កបាន​ទាំងអស់​។ បញ្ហា​សរសៃប្រសាទ​អាច​រំខាន​ដល់​ការងារ​របស់​សរសៃប្រសាទ​ដើម្បី​កន្ត្រាក់​សាច់ដុំ​ក្នុង​ពោះវៀន​ដើម្បី​បញ្ជូន​លាមក​ចេញ​ក្រៅ​។

មាន​បញ្ហា​ក្នុង​ពោះវៀន​ធំ ឬ​ចុង​ពោះវៀន​ធំ​
រាល់​ការស្ទះ​នានា​ក្នុង​ពោះវៀន​ធំ ឬ​ចុង​ពោះវៀន​ធំ (​រួម​ទាំង​ពោះវៀនធំ​រួម​តូច​) មានថ្ន​ក់​នៅ​ចុង​ពោះវៀនធំ និង​មហារីក​ក្នុង​ពោះ​ផ្សេងៗ ដែល​សង្កត់​លើ​ពោះវៀន​ធំ សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​ទល់លាម​កបា​ន​ទាំងអស់​។

ការបង្ក​រោគ​ក្នុង​ពោះវៀន​
ពេលខ្លះ ការបង្ក​រោគ​ក្នុង​ពោះ ឬ​ដោយសារ​បាក់តេរី​ផ្សេងៗ​ក្នុង​ពោះវៀន​ក៏​អាច​ទៅ​ជា​ការ​ទល់លាមក​បាន​ដែរ​។

ដុះ​ដុំ​សាច់​ប្រភេទ​ស្លូត​
ដុំ​សាច់​ប្រភេទ​ស្លូត​ក្នុង​ពោះវៀន អាច​កើតឡើង​ក្នុង​ចុង​ពោះវៀន​ធំ ឬ​ពោះវៀនធំ ដែល​ជាហេតុ​នាំ​ឲ្យ​ស្ទះ​ដល់​ផ្លូវ​បញ្ចេញ​លាមក និង​កើត​ជា​ការ​ទល់លាមក​តែម្តង​។​

មហារីក​ពោះវៀន​
ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា ដុំ​សាច់​មហារីក កាលណា​វា​លូតលាស់​ធំ​ហើយ វា​នឹង​បង្ក​ជា​ការស្ទះ​គេ​ស្ទះ​ឯង​ហើយ ដូច្នេះ​ពោះវៀន​នឹង​ងាយ​ស្ទះ​ណាស់ ហើយ​កាលណា​ស្ទះ​ពោះវៀន វា​នឹង​បង្ក​ជាការ​ទល់លាមក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play