ជំងឺលើសឈាម

​អស្ចារ្យ​ណាស់ មធ្យោបាយ​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម ដោយ​មិនបាច់​ប្រើ​ថ្នាំ​

​ថ្នាំ​មិនមែន​តែងតែ​ជា​ជម្រើស​ដំបូង​សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​នោះ​ទេ​។ ករណីខ្លះ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ធ្វើការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ដែរ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​អ្វី​ទាំងអស់​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​តូច​ដែល​អាច​គ្រប់គ្រង​អាការៈ​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​៖

ធ្វើ​ទៅ​តាម​របប​អាហារ DASH
របៀប​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​ដ៏​សំខាន់បំផុត និង​ដំបូង​គេ​នោះ​គឺ​មាន​ភាពច្បាស់លាស់​ចំពោះ​របប​អាហារ​។ ការធ្វើ​ទោ​តាម​របប​អាហារ DASH (Dietary Approach to Stop Hypertension) ដែល​មានន័យ​ថា​របៀប​ប្រើប្រាស់​របប​អាហារ​ដើម្បី​បញ្ឈប់​ជំងឺ​លើស​សម្ពាធ​ឈាម​។ របប​អាហារ​បែប​នេះ​មាន​ដូចជា បន្លែ ផ្លែឈើ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ និង​ខ្លាញ់​។

ហាត់ប្រាណ​រាល់ថ្ងៃ​
អ្នក​មិន​ចាំបាច់​ហាត់ប្រាណ​ដើម្បី​បាន​សាច់ដុំ​កង់ៗ​ឡើយ គ្រាន់តែ​ប្រាកដថា​អ្នក​បាន​ហាត់ប្រាណ​ដើម្បី​ឲ្យ​រាងកា​យមាន​ភាព​សកម្ម​ប៉ុណ្ណោះ​គឺ​គ្រប់គ្រាន់​ហើយ​។ គ្រាន់តែ​ការដើរ ៣០​នាទី​រាល់ថ្ងៃ ចំនួន​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ក៏​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​ដែរ​។

សម្រក​ទម្ងន់ (​ជុំវិញ​ចង្កេះ​)
កាលណា​អ្នក​ធាត់​ដុះ​ខ្លាញ់​នៅ​ជុំវិញ​ចង្កេះ អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ដូច្នេះ ចូរ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ទាំងនេះ​តាមរយៈ​ការ​តាម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើនៗ និង​សាច់​ក្រហម ព្រមទាំង​ហាត់ប្រាណ​ទៀងទាត់​ផង​។

តម​អាហារ​ប្រៃ​
កត្តា​ប្រឈមមុខ​ដ៏​សំខាន់​មួយ​ដែល​អាច​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម​បាន​នោះ​គឺ ការ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ប្រៃៗ​។ ដូច្នេះ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ដូច​ជា អាហារ​ផ្អាប់ និង​អាហា​រញ៉ាំ​តាម​ភោជនីយដ្ឋាន​។ ចូរ​ជំនួស​មកវិញ តាមរយៈ​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​ខ្លួនឯង និង​ជ្រើសរើស​អាហារ​ណា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​ដូចជា ចេក និង​គ្រាប់​ល្ពៅ​ជាដើម​។

អាច​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​បាន​
មិន​ត្រូវ​ញ៉ាំ​ឲ្យ​ស្រវឹង​ឡើយ តែ​អ្នក​អាច​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​បាន ព្រោះ​កាលណា​គ្រឿង​ស្រវឹង​ចូល​ក្នុង​ខ្លួន​ច្រើនពេក​ពិតជា​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។ លើសពីនេះទៅទៀត បើសិនជា​ញ៉ាំ​គ្រឿង​ស្រវឹង​ជាមួយ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ទៀត នោះ​វា​អាច​នឹង​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​បាន​។

បន្ថយ​ស្ត្រេ​ស​
ការ​ដែល​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្វីៗ​ដែល​នាំ​ឲ្យ​ស្ត្រេ​ស និង​ប្រើ​វិធី​គ្រប់យ៉ាង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​អាចជា​រឿង​ដ៏​ល្អ​មួយ​ក្នុង​ការគ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ វិធី​ដែល​ល្អ​នោះ​គឺ ការ​តាំងសមាធិ និង​ហាត់​យូ​ហ្គា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play