សម្រស់

ឡេលាយ មិនល្អ ដូចជា​អ្នក​គិត​នោះ​ទេ​!

​ឡេលាយ គឺជា​ការ​លាយ​បញ្ចូល​គ្នា​នូវ​សារធាតុ​គីមី​យ៉ាងច្រើន ដើម្បី​ជួយ​កែខៃ​ស្បែក​ឲ្យ​ស ស្រស់ថ្លា និង​ភ្លឺរលោង​។ ឡេលាយ ជា​ឧស្សាហ៍កម្ម​ដែល​ធ្វើ​ឲ្យ​ថៅកែ​ចំណេញ​ប្រាក់​រាប់​លាន​ដុល្លារ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ឡេលាយ បែរជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ទៅ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ចំពោះ​សុខភាព និង​ស្បែក​របស់គេ​នៅ​ថ្ងៃ​អនាគត​?

​ឡេលាយ​ភាគច្រើន ដែល​មាន​លក់​នៅលើ​ទីផ្សារ​សព្វថ្ងៃនេះ គ្មាន​គុណភាព​នោះទេ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ពីព្រោះ​តែ​វា​មាន​លាយ​សារធាតុ​ជាច្រើន​បញ្ចូល​គ្នា ដូចជា​ពពួក steroids, hydroquinone និង tretinoin​។ សារធាតុ​ទាំងអស់នេះ អាច​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន ដូចជា ការ​អាល្លែកហ្ស៊ី បញ្ហា ស​ស្លេក កើត​ជំងឺ​មហារីក​ស្បែក ធ្វើឲ្យ​ខូចខា​តដល់​ថ្លើម និង​ពុល​ដល់​សរីរាង្គ​នានា​ជាដើម​។​

​នៅ​បណ្តា​ប្រទេស​មួយចំនួន មាន​ករណី​ខាងលើ​កើត​ច្រើន​ណាស់ ក្រោយ​ការប្រើប្រាស់​ឡេលាយ​បែបនេះ ជាពិសេស  ចំពោះ​ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​អាយុ ចន្លោះ​ពី ២០ ទៅ ៣០ ឆ្នាំ​។​

​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​វិញ ឡេលាយ ក៏​ជាទី​ពេញ​និយម​របស់​បណ្តា​ប្រជាពលរដ្ឋ​យើង​ដែរ ជាពិសេស នារីៗ​នៅតាម​បណ្តា​គ្រប់​ស្រុក​ខេត្ត​ក្រុង​តែម្តង​។ ដោយសារ​តែ​ចង់​ឲ្យ​ស្បែកស ហើយ​ស​ក្នុង​រយៈពេល​ខ្លី​ទៀត​នោះ ការប្រើប្រាស់​ឡេលាយ​ដែល​គ្មាន​គុណភាព បាន​កើត​ឡើង​គួរឲ្យកត់សម្គាល់​។​

​ជុំវិញ​ក្តីកង្វល់ និង​គ្រោះថ្នាក់​នៃ​ការប្រើឡេ​លាយ​បែបនេះ ក្រសួង​សុខាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឈប់​ប្រើប្រាស់​ឡេលាយ ដើម្បី​ធ្វើឲ្យ​ស្បែកស​លឿន ដោយ​អះអាង​ថា សារជាតិ​ឡេលាយ​នោះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ធ្ងន់ធ្ងរ នៅ​ថ្ងៃ អនាគត​។​

​យ៉ាងណាមិញ សម្រាប់​មិត្ត​នារី​ដែល​ចង់​ប្រើប្រាស់​ឡេ ដើម្បី​ជួយ​ដល់​សុខភាព​ស្បែក សូម​ជ្រើសរើស​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា ឈ្មោះ​ផលិតផល និង​ប្រភព​ផលិត​ច្បាស់លាស់ ព្រមទាំង​មាន​ការទទួល​ពិនិត្យ​សារធាតុ​ផ្សំ​ត្រឹមត្រូវ​ពី​ក្រសួង​សុខភិបាល ដើម្បី​ចៀសផុត​ពី​បញ្ហា​ទាំងឡាយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​
ប្រភព ៖ Nytimes

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play