ជំងឺមហារីក

អ្វី​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​ជំងឺ​មហារីក​ខួរក្បាល​

​វា​មិន​ខុសគ្នា​នឹង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ឡើយ ខួរក្បាល​របស់​មនុស្ស​យើង​គឺ​អាច​មាន​ដុំ​សាច់​មហារីក​ដែរ ដែល​វា​កើត​ឡើង​នៅពេល​កោសិកា​ធម្មតា​លូតលាស់​ខ្លាំង​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ ដោយសារតែ​ខួរក្បាល​មាន​កោសិកា​ច្រើន​ប្រភេទ ដូច្នេះ​វា​អាច​នឹង​មាន​ដុំ​សាច់​មហារីក​ច្រើន​ប្រភេទ​ដែរ​។ ដុំ​សាច់​ខ្លះ​ជា​មហារីក តែ​ខ្លះទៀត​មិនមែន​ទេ​។ ដុំ​សាច់​ខ្លះ​លូតលាស់​លឿន ខ្លះ​ទៀត​យឺត​។ ប៉ុន្តែ​ដោយសារ​តែ​ខួរក្បាល​គឺ​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​រាងកាយ​ទាំងមូល ដូច្នេះ​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​លើ​វា​ឲ្យបាន​ខ្លាំង​បំផុត​។

ដុំ​សាច់​ក្នុង​ខួរក្បាល​
ឆ្អឹង​លលា​ដ៏​ក្បាល​គឺជា​ឆ្អឹង​ដែល​រឹង ហើយ​មាន​នាទី​ការពារ​ខួរក្បាល ព្រមទាំង​គ្មាន​កន្លែង​សម្រាប់​ផ្ទុក​អ្វី​ផ្សេង​ទៀត​ក្រៅពី​នេះ​ដែរ​។ នៅពេល​ដែល​ដុំ​សាច់​លូតលាស់​ក្នុង​ខួរក្បាល វា​នឹង​ទៅ​សង្កត់​លើ​សាច់​ខួរក្បាល ដោយសារ​តែ​វា​មិន​អាច​ទៅ​កន្លែង​ណា​ទៀត​បាន​។ ដូច្នេះហើយ​ទើប​វា​ប៉ះពាល់​ដល់​របៀប​នៃ​ការគិត មើលឃើញ ការ​ធ្វើ​ចលនា និង​អារម្មណ៍​ជាដើម​។ ជាមួយនឹង​ដុំ​សាច់​ក្នុង​ខួរក្បាល​នេះដែរ មិន​ខ្វល់​ថា​វា​ជា​មហារីក​ឬ​អត់ ស្ថិត​នៅ​កន្លែង​ណា ឬ​លូតលាស់​លឿន និង​រាលដាល​ទៅ​កន្លែង​ណា​ឬ​អត់​ទេ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យបាន​លឿន​បំផុត​។

មហារីក​ខួរក្បាល​បែប Secondary
អ្នក​ជំងឺមហារីក​ខួរក្បាល​ភាគច្រើន (​ប្រហែល ១០០០០០​នាក់​ជា​រៀងរាល់ឆ្នាំ​) គឺ​មាន​មហារីក​ប្រភេទ​នេះ ដែល​មានន័យថា កោសិកា​មហារីក​កើតចេញ​ពី​កន្លែង​ណា​ផ្សេង​នៃ​រាងកាយ ហើយ​រាលដាល​ដល់​ខួរក្បាល​។ ប្រហែល​ពាក់កណ្តាល​នៃ​មហារីក​ខួរក្បាល​ទាំងអស់​ចាប់ផ្តើម​ចេញពី​មហារីក​សួត​។ មហារីក​ផ្សេងៗ​ទៀត​ដែល​អាច​រាលដាល​ដល់​ខួរក្បាល​ដែរនោះ​មានដូចជា​៖
•​    ​មហារីក​សុដន់​
•​    ​មហារីក​ពោះវៀនធំ​
•​    ​មហារីក​តម្រងនោម​
•​    ​មហារីក​គ្រាប់​ឈាម​ស​
•​    ​មហារីក​កូនកណ្តុរ​
•​    ​មហារីក​ស្បែក (Melanoma)

មហារីក​ខួរក្បាល​បែប Primary
ចំពោះ​មនុស្ស​ធំ មហារីក​ភាគច្រើន​ដែល​កើតមាន​ជា​ញឹកញាប់​ជាង​គេ​ដែល​កើតចេញ​ពី​ខួរក្បាល​នោះ​គឺ​ប្រភេទ Meningiomas និង Glioma​។ មហារីក Meningiomas កើតឡើង​ច្រើន​ជាង ៣៥​ភាគរយ​ឯណោះ​នៃ​មហារីក​ខួរក្បាល​បែប Primary ទាំងអស់​។ វា​មិន​លូតលាស់​ចេញពី​ជាលិកា​ខួរក្បាល​ខ្លួនឯង​ទេ តែ​ចេញ​ពី​កោសិកា​ស្រោម​ខួរក្បាល​ទៅវិញ​។ ការលូតលាស់ និង​ទីតាំង​របស់​វា​ដែល​មិនមែន​ជា​មហារីក​បែបនេះ​ធ្វើឲ្យ​ជំងឺ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។​

​ដុំ​សាច់​មហារីក​ខួរក្បាល​ភាគច្រើន​គឺជា​ប្រភេទ Glioblastomas ដែល​មាន​មួយ​ក្នុងចំណោម​ប្រាំ​។ វា​ជា​ប្រភេទ​មួយ​នៃ​មហារីក Giloma ដែល​ជា​ដុំ​សាច់​កើតចេញពី​កោសិកា Glial Cell និង​មាន​ការ​រាលដាល​លឿន និង​បង្ក​ឲ្យ​អ្នកជំងឺ​ស្លាប់​ជា​ញឹកញាប់​។

សរុបទៅ បច្ចុប្បន្ន​នេះ​មាន​ចំនួន​អ្នក​កើត​ដុំ​សាច់​ក្នុង​ខួរក្បាល​កាន់តែច្រើន ដែល​រឿង​នេះ​អាច​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ទើប​អាច​ងាយស្រួល​រកឃើញ​ជំងឺ​នេះ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ក៏​កំពុងតែ​ស្វែងរក​មូលហេតុ​ផ្សេងៗ​ទៀត​ដែរ​ដូចជា រឿង​ជាច្រើន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។

ចំណាត់ថ្នាក់​
គ្រូពេទ្យ​ចាត់​ចំណាត់​ថ្នាក់​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​ពី​១ ដល់ ៤​។ ដុំ​សាច់​ដែលមាន​ចំណាត់​ថ្នាក់​ទាប (​ចំណាត់ថ្នាក់​ទី​១) មិនមែន​ជា​មហារីក​ទេ​។ វា​គ្រាន់តែ​លូតលាស់​យឺត និង​មិន​រាលដាល​ទៅ​កន្លែង​ផ្សេង​ប៉ុណ្ណោះ​។ វា​អាច​ព្យាបាល​បាន​បើសិនជា​យក​វា​ចេញ​ដោយ​ការវះកាត់​។ ចំពោះ​ដុំ​សាច់​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់ (​ចំណាត់ថ្នាក់​ទី​៤) គឺជា​មហារីក​ហើយ​។ វា​មាន​ការលូតលាស់​លឿន រាលដាល​ទៅ​កន្លែង​ផ្សេង​លឿន និង​ច្រើន​តែ​មិន​អាច​ព្យាបាល​ជា​ទេ​។ ចំណែកឯ​ចំណាត់ថ្នាក់​ទី​២ ក៏​មិនមែន​មហារីក​ដែរ ហើយ​ទី​៣​គឺ​មហារីក​។

រោគសញ្ញា​
រោគសញ្ញា​របស់​វា​គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ដុំ​សាច់​ដែល​អ្នកមាន និង​ទីតាំង​ដែល​វា​តាំងនៅ​ដែរ ប៉ុន្តែ​អ្នក​អាច​នឹង​មាន​អាការៈ​ដូចជា​៖
•​    ​មិន​អាច​ធ្វើ​ចលនា​អ្វី​បាន​ដូច​ធម្មតា​
•​    ​មាន​អារម្មណ៍​ថា​ងងុយគេង​ពេញ​មួយ​ថ្ងៃ​
•​    ​ពិបាក​នឹង​ធ្វើ​អ្វី​មួយ​ដូចជា មិន​អាច​រក​នឹកឃើញ​ពាក្យ​និយាយ​ដែល​ត្រូវ ឬ​មាន​អារម្មណ៍​វង្វេងវង្វាន់​
•​    ​ឈឺ​ក្បាល​ខ្លាំង​ជា​ញឹកញាប់​ជាពិសេស​នៅ​ពេល​ព្រឹក​
•​    ​ពិបាក​មើល​ឃើញ​ដូចជា មើលឃើញ​ព្រឹលៗ ឬ​មើល​ឃើញ​ពីរៗ​
•​    ​បាត់បង់​តុល្យភាព​រាងកាយ ឬ​មិន​អាច​ដើរ​បាន​
•​    ​ប្រកាច់​

កត្តា​ប្រឈមមុខ​
ការបាញ់​កាំរស្មី​
រឿង​នេះ​ច្រើនតែ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​បែប Primary ប៉ុន្តែ​រឿង​មួយ​ដែល​គេ​ដឹងថា​ជា​មូលហេតុ​របស់​វា​នោះ​គឺ ការបាញ់​កាំរស្មី​ទៅលើ​ក្បាល​ដោយ​ផ្ទាល់​ដើម្បី​ព្យាបាល​ជំងឺ​ណាមួយ​ផ្សេង​ទៀត​ដូចជា មហារីក​គ្រាប់​ឈាម​ស​។ ករណី​ភាគច្រើន ការបាញ់​កាំរស្មី​នេះ​គឺ​ធ្វើឲ្យ​ប្រឈម​នឹង​ជំងឺមហារីក​ផ្សេងទៀត​នៅ​ថ្ងៃ​អ​នា​គត់​ច្រើន​ជាង​អត្ថប្រយោជន៍​របស់​វា​។

អាយុ​
អ្នក​អាច​នឹង​ងាយ​កើត​ដុំ​សាច់​ក្នុង​ខួរក្បាល​នៅពេល​អាយុ​កាន់តែច្រើន ប៉ុន្តែ​ក្មេង និង​មនុស្ស​ធំ​គឺ​អាច​មាន​ជំងឺមហារីក​ប្រភេទ​ខុសៗ​គ្នា ប៉ុន្តែ​មនុស្ស​ធំ​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​គឺ​ងាយ​កើត​ជំងឺ​មហារីក​ជាង​មនុស្ស​វ័យក្មេង​។

បញ្ហា​សុខភាព​ផ្សេងៗ​
អ្នក​ទំនងជា​អាច​កើត​ដុំ​សាច់​ក្នុង​ខួរក្បាល​បើសិនជា​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ជាពិសេស​ជំងឺអេដស៍ ឬ​កំពុង​តែ​ផ្សាំ​សរីរាង្គ​ក្នុង​ខ្លួន​។ មួយទៀត​ដែល​ដូចគ្នា​ដែរ​នោះ​គឺថា បើសិន​ជា​ដុំ​សាច់​ក្នុង​ខួរក្បាល​កើតឡើង​ក្នុង​សមាជិក​គ្រួសារ​អ្នក​ហើយ អ្នក​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះដែរ​។ ជំងឺ​ហ្សែ​ន​ដែល​នាំឲ្យ​កើត​ដុំសា​ច់​ក្នុង​ខួរក្បាល​មានដូចជា​៖
•​    ​Li-Fraumeni Syndrome
•​    ​Neurofibromatosis Type 1 or 2
•​    ​Nevoid Basal Cell Carcinoma Syndrome
•​    ​Tuberous Sclerosis
•​    ​Turcot Syndrome Type 1 or 2
•​    ​Von Hippel-Lindau Disease

តើ​ទូរស័ព្ទដៃ​អាច​បណ្តាល​ឲ្យ​កើត​មហារីក​ខួរក្បាល​ដែរ​ទេ​?
នេះ​ជា​ប្រធានបទ​ដ៏​ក្តៅ​មួយ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​ការស្រាវជ្រាវ​មិន​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​រវាង​ទូរស័ព្ទដៃ និង​ដុំ​សាច់​ក្នុង​ខួរក្បាល​។ ថ្វីបើ​មិន​មាន​ការ​សិក្សា​រយៈពេល​យូរ​ណាមួយ​ទៅលើ​ការប្រើប្រាស់​ទូរស័ព្ទ​នៅ​ឡើយ តែ​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ​សិក្សា​ចំពោះ​វា​នៅ​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​នៅពេលនេះ​គឺ​ថា ការប្រើប្រាស់​កាស​ស្តាប់ ឬ​ឧបករណ៍​ដោយ​មិនបាច់​កាន់​ទូរស័ព្ទ​និយាយ​នោះ អាច​ធ្វើឲ្យ​ទូរស័ព្ទ​នៅ​ឆ្ងាយ​ពី​ក្បាល​បាន វា​នឹង​បន្ថយ​ការប៉ះពាល់​នឹង​ទូរស័ព្ទ​នោះដែរ​។

ធ្វើ​ដូចម្តេច​ទើប​ដឹងថា​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ទៅ​?
ជាទូទៅ​គ្រូពេទ្យ​មិនអាច​ពិនិត្យ​រក​មហារីក​ខួរក្បាល​ដូច​អ្វី​ដែល​ពួកគេ​ធ្វើ​លើ​ជំងឺ​ផ្សេង​ឡើយ​។ ជាធម្មតា​គ្រូពេទ្យ​នឹង​រក​ជំងឺ​នេះ​នៅ​ពេល​អ្នកជំងឺ​មាន​រោគសញ្ញា​របស់​វា​សុំ​មក​ពិគ្រោះ និង​ពិនិត្យ​។ សម្រាប់​ជម្រើស​នៃ​ការព្យាបាល និង​ប្រសិទ្ធភាព​នៃ​ការព្យាបាល​ល្អ​ប៉ុណ្ណា​ក៏​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ដុំ​សាច់ ទំហំ និង​ទីតាំង ព្រមទាំង​អាយុ​របស់​អ្នកជំងឺ​ដែរ​។

តេស្ត​
គ្រូពេទ្យ​ប្រហែលជា​នឹង​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​សរសៃប្រសាទ​អ្នកជំងឺ​ដូចជា ការមើលឃើញ តុល្យភាព​រាងកាយ និង​ភាព​រ៉ផ្លិច​ជាដើម ដើម្បី​ដឹង​ថា ដុំ​សាច់​នោះ​អាច​មាន​នៅ​កន្លែង​ណា​។ អ្នក​ក៏​ប្រហែលជា​ត្រូវការ​ថត​រូបភាព​វេជ្ជសាស្ត្រ​បន្ថែមទៀត​ដែរ​ដូចជា MRI, CT Scan ឬ PET Scan​។ ការ​ច្រឹប​សាច់​ទៅពិនិត្យ​ក៏​ប្រហែលជា​ត្រូវធ្វើ​បន្ថែមទៀត​ដែរ​។

ការព្យាបាល​
រាល់​ការព្យាបាល​នី​មួយៗ​ចំពោះ​ជំងឺមហារីក​នេះ​សុទ្ធតែ​មាន​ផល​រំខាន​ទាំងអស់ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែល​កំពុងតែ​លូតលាស់​យឺត ហើយ​មិន​បង្ក​បញ្ហា​អ្វី​ទេ​នោះ ក៏​មិន​ចាំបាច់​ត្រូវ​ការព្យាបាល​អ្វី​ដែរ​។ អ្នក​គ្រាន់តែ​ធ្វើតេស្ត​ដើម្បី​តាមដាន​លើ​ដុំ​សាច់​នោះ​សិន និង​ប្រាកដថា វា​មិនធំ​ទៅៗ ឬ​ចាប់ផ្តើម​បង្ក​បញ្ហា​អ្វី​ថ្មី​ក្នុង​រាងកាយ​ទេ​។

ការប្រើ​ថ្នាំ​មហារីក​
ថ្នាំ​ដ៏​ពូកែរ​មួយ​នេះ​អាច​ប្រើ​ដើម្បី​សម្លាប់​កោសិកា​មហារីក​បាន ឬ​យ៉ាងហោចណាស់​ក៏​បន្ថយ​ការលូតលាស់​របស់​វា​ដែរ​។ អ្នក​អាច​ទទួលបាន​ថ្នាំ​នេះ​តាម​ច្រើន​របៀប​ដូចជា ថ្នាំ​គ្រាប់​សម្រាប់​លេប ឬ​ចាក់ ឬ​អាច​នឹង​ចាក់​បញ្ចូល​ទៅក្នុង​ចរន្តឈាម​ដោយផ្ទាល់​តែម្តង​ក៏មានដែរ​។ ជំងឺមហារីក​ខួរក្បាល​មួយចំនួន​អាច​នឹង​ត្រូវ​ការប្រើ​ថ្នាំ​មហារីក​នេះ​ក្រោយ​ពី​វះកាត់​រួច ដើម្បី​សម្លាប់​កោសិកា​មហារីក​ដែល​នៅ​សេសសល់​។

ការព្យាបាល​ដោយ​បាញ់​កាំរស្មី​
ការបាញ់​កាម​រស្មី​គឺជា​ការ​ប្រើប្រាស់​ថាមពល​ខ្ពស់​ចេញពី​កាំរស្មីអ៊ិច ឬ​ប្រភព​ផ្សេងៗ​ដើម្បី​សម្លាប់​ដុំ​សាច់​។ ពេលខ្លះ វា​ត្រូវ​បាន​ប្រើប្រាស់​ជាមួយគ្នា​នឹង​ថ្នាំ​មហារីក​ដើម្បី​ជួយ​ដល់​ការសម្លាប់​កោសិកា​មហារីក​បាន​កាន់​តែ​ច្រើន ឬ​ដើម្បី​ការពារ​ខួរក្បាល​ផង​។ ប្រភេទ​កាំរស្មី​កាន់តែ​ថ្មី​ដូចជា Proton Therapy និង Focused Radiation កាន់តែ​អាច​សម្លាប់​មហារីក​កាន់តែច្បាស់ ហើយក៏​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ផងដែរ​។

ការព្យាបាល​បែប​តម្រង់ទិស​
កោសិកា​មហារីក​ធ្វើការ​ខុសគ្នា​នឹង​កោសិកា​ធម្មតា​។ ពេលខ្លះ​គ្រូពេទ្យ​អាច​អាច​ទាញ​ប្រយោជន៍​ពី​ភាពខុសគ្នា​មួយ​នេះ​ជាមួយនឹង​ការព្យាបាល​បែប​តម្រង​ទិស ដោយ​ការប្រើ​ថ្នាំ​ដើម្បី​ទប់ស្កាត់​កោសិកា​មហារីក​កុំឲ្យ​វា​រស់​បាន​ទៀត​។ វា​នឹង​ទៅ​សម្លាប់​តែ​កោសិកា​មហារីក​ប៉ុណ្ណោះ តែ​មិន​ប៉ះពាល់​ដល់​កោសិកា​ធម្មតា​ទេ​។ ឧទាហរណ៍ ថ្នាំ​ព្យាបាល​បែប​តម្រង់​ទិស​មួយ អាច​កាត់ផ្តាច់​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​ដុំ​សាច់​មហារីក​បាន ដូច្នេះ​វា​ក៏​មិន​អាច​លូតលាស់​ទៅមុខទៀត​ដែរ​។

ក្រោយ​ព្យាបាល​រួច​
អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​ទៀងទាត់​ទៀត​ដើម្បី​ធ្វើតេស្ត​ជាច្រើន និង​ប្រាកដថា មហារីក​នោះ​មិន​ត្រឡប់​មក​វិញ​ទេ​។ ដោយសារ​តែ​ខួរក្បាល​អាច​ប៉ះពាល់​ដល់​រឿង​គ្រប់​យ៉ាងនោះ ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​មាន​ជំនួស​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​ថែមទៀត​ទោះបីជា​ការព្យាបាល​មាន​ការវិវត្តន៍​ល្អ​ហើយ​ក៏​ដោយ​ដូចជា​៖
•​    ​Occupational Therapy៖ ដើម្បី​ជួយ​ឲ្យ​អ្នក​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ឡើង​វិញ​បាន​
•​    ​Physical Therapy៖ ដើម្បី​ជួយ​ឲ្យ​អ្នក​អាច​ធ្វើ​ចលនា​រាង​កាយ​បាន​ពេញលេញ​ឡើងវិញ​
•​    ​Speech Therapy៖ ដើម្បី​ជួយ​អ្នក​អាច​លេប​អាហារ និង​និយាយបាន​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ webmd

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី30  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play