សុខភាពបុរស

​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត និង​ក្រពេញប្រូ​ស្តា​តរីក​ធំ ខុស​គ្នា​ដូច​ម្តេចទៅ​?

​ក្រពេញប្រូ​ស្តាត​គ្រាន់តែ​ជា​ក្រពេញដ៏​តូច​មួយ​ប៉ុណ្ណោះ តែ​វា​អាច​បង្ក​បញ្ហា​ធំ​បាន​បើសិនជា​វា​លូតលាស់​ធំ ឬ​មាន​ការបង្ក​រោគ​។ ការ​រលាក​ក្រពេញប្រូ​ស្តាត និង​ការរីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​គឺ​ជា​ជំងឺ​ពី​រខុស​គ្នា​ដែល​កើតឡើង​លើ​ក្រពេញប្រូ​ស្តាត​។ ថ្វី​បើ​ជំងឺ​ទាំងពីរ​នេះ​អាច​បណ្តាលឲ្យ​មាន​ការឈឺចាប់ និង​ពិបាក​នោម​ក៏​ដោយ តែ​វា​ច្រើន​តែ​បង្ក​ឡើង​ដោយ​មូលហេតុ​ខុសៗ​គ្នា​។

​ក្រពេញប្រូ​ស្តាត​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ប្រដាប់​បន្ត​ពូជ​របស់​មនុស្ស​ប្រុស​។ វា​មាន​រូបរាង​ដូច​ជា​ផ្លែ​ពុទ្ធ្រា និង​មាន​នាទី​ផលិត​ទឹកកាម​។ ក្រពេញប្រូ​ស្តាត​ស្ថិត​នៅ​ខាងក្រោម​ប្លោកនោម និង​ក្បែរ​បង្ហួរនោម​។

ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​សម្តៅ​ទៅលើ​ការបង្ក​រោគ​លើ​ក្រពេញ​មួយ​នេះ​។ វា​អាច​បណ្តាលមកពី​ការ​មាន​របួស ឬ​បាក់តេរី​បង្ក​ជំងឺ​លើ​ក្រពេញប្រូ​ស្តា​ត​តាមរយៈ​ការនោម ឬ​រួម​ភេទ​។ យ៉ាងណាមិញ ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​មាន​ពីរ​ប្រភេទ​គឺ​ស្រួចស្រាវ និង​រ៉ាំរ៉ៃ​។ ប្រភេទ​ស្រួចស្រាវ​គឺ​ងាយ​នឹង​កើតឡើង​ណាស់ ខណៈពេល​ដែល​រ៉ាំរ៉ៃ​ត្រូវការ​ពេលវេលា​យូរ​។

ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ប្រុស​អាយុ​កាន់តែច្រើន​។ កាលណា​ក្រពេញប្រូ​ស្តា​តរីក​ធំ វា​នឹង​ទៅ​គៀប និង​បង្ក​ការស្ទះ​ដល់​បង្ហួរនោម ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ជំងឺពិបាក​នោម​ឲ្យអស់​ពី​ប្លោកនោម​ណាស់​។

រោគសញ្ញា​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​

•​    ​ក្តៅខ្លួន​
•​    ​គ្រុន​
•​    ​ហូរ​ទឹករំអិល​តាម​លិង្គ​ដែល​មាន​លក្ខណៈ​ដូច​ខ្ទុះ​
•​    ​ក្រហាយ ឬ​ឈឺចាប់​ក្នុងពេល​នោម​
•​    ​ត្រូវការ​នោម​ជា​ញឹកញាប់​
•​    ​ឈឺ​នៅត្រង់​គ្រលា​ន ឬ​អាង​ត្រគាក​
•​    ​ឈឺចាប់​ពេល​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​

ការ​រលាក​ប្លោកនោម​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ​ច្រើន​តែ​បង្ក​រោគសញ្ញា​បីយ៉ាង​ដូច​ជា​៖
•​    ​ពិបាក​នោម​
•​    ​ឈឺចាប់​ក្នុង​ប្លោកនោម ពងស្វាស ឬ​លិង្គ​
•​    ​ឈឺចាប់​ក្នុងពេល​ឈាន​ដល់​ចំណុច​កំពុង​ក្នុងពេល​រួមភេទ​

រោគសញ្ញា​ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ​
រោគសញ្ញា​ជំងឺ​នេះ​មិនមែន​តែងតែ​ទាក់ទង​នឹង​ទំហំ​របស់​ក្រពេញប្រូ​ស្តា​តឡើយ​។ ពេលខ្លះ គ្រាន់តែ​ក្រពេញប្រូ​ស្តា​តរីក​ធំ​បន្តិច​ក៏​អាច​បង្ក​ជា​អាការៈ​ធ្ងន់ធ្ងរ​ជាក្រ​ពេញនេះ​រីក​ខ្លាំង​ដែរ​។

​រោគសញ្ញា​នៃ​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​មានដូចជា​៖
•​    ​ត្រូវការ​នោម​ច្រើនដង​ទាំង​ថ្ងៃ និង​យប់​
•​    ​ត្រូវការ​នោម​បន្ទាន់​
•​    ​ពិបាក​ចាប់ផ្តើម​នោម​
•​    ​លំហូរ​ទឹកនោម​ខ្សោយ​
•​    ​នោម​ដោយ​មិនដឹង​ខ្លួន​
•​    ​មិន​អាច​នោម​ចេញ​
•​    ​ឈឺ​ក្នុងពេល​នោម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play