សុខភាពបុរស

​មនុស្ស​ប្រុស​មាន​លក្ខណៈ​សម្គាល់​ជំងឺ​ទឹកនោម​ផ្អែម​ពិសេស​បែប​នេះ​ឯង​

​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជា​ជំងឺ​មួយ​ដែល​ធ្វើឲ្យ​រាងកាយ​មិន​អាច​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ មិន​អាច​ប្រើ​អាំង​ស៊ុយ​លី​ន​បាន ឬ​ទាំង​ពីរ​តែម្តង​។ ជំងឺ​ទឹកនោម​ផ្អែម​មានន័យថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។ រឿង​នេះ​អាច​បណ្តាល​ឲ្យមាន​ផលវិបា​ក​ច្រើន​បើសិនជា​មិន​មាន​ការព្យាបាល ឬ​គ្រប់គ្រង​ល្អ​ទេ​នោះ​។

​ជំងឺ​ទឹកនោម​ផ្អែម​អាច​បណ្តាល​ឲ្យ​ប្រឈមខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម និង​បង្ក​ជា​បញ្ហា​ច្រើន​ដល់​ភ្នែក ស្បែក តម្រង​នោម និង​ប្រព័ន្ធ​សរសៃប្រសាទ​បាន​។ ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​បណ្តាល​ឲ្យ​លិង្គ​មិន​ឡើង​រឹង និង​បង្ក​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​ច្រើន​ទៀត​លើ​មនុស្ស​ប្រុស​។

លិង្គ​មិន​ឡើង​រឹង​
បញ្ហា​លិង្គ​មិន​ឡើង​រឹង​នេះ មានន័យ​ថា បុរស​មិន​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​លិ​ង្គឡើង​រឹង ឬ​រក្សា​ភាព​រឹង​របស់​លិង្គ​បានយូរ​ឡើយ​។ វា​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា លើស​សម្ពាធ​ឈាម ស្ត្រេ​ស ជក់បារី លេបថ្នាំ ជំងឺ​តម្រងនោម និង​ជំងឺ​របត់​ឈាម​ឬ​ប្រព័ន្ធ​សរសៃប្រសាទ​។

យោងទៅតាម National Diabetes Information Clearinghouse បានឲ្យដឹងថា បុរស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង ដោយ​ក្នុង​ចំណោម​បុរស​មាន​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជួប​បញ្ហា​នេះ ២០ ទៅ​៧៥​ភាគរយ​ទៅ​ហើយ​។

ខូច​ប្រព័ន្ធ​សរសៃប្រសាទ​បញ្ជា​ដោយ​ខ្លួនឯង​
ជំងឺ​ទឹកនោម​ផ្អែម​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​បញ្ជា​ដោយ​ខ្លួនឯង និង​បង្ក​បញ្ហា​ផ្លូវភេទ​ជាច្រើន​ទៀត​។ ប្រព័ន្ធ​សរសៃប្រសាទ​បញ្ជា​ដោយ​ខ្លួនឯង​មាន​នាទី​គ្រប់គ្រង​ការរីក​រួម​របស់​សរសៃឈាម​។ បើសិន​ជា​សរសៃឈាម និង​សរសៃប្រសាទ​ក្នុង​លិង្គ​រងរបួស​ដោយសារ​ជំងឺ​ទឹកនោម​ក​ផ្អែម នោះ​វា​នឹង​បង្ក​ជា​បញ្ហា​លិង្គ​មិន​អាច​ឡើង​រឹង​បាន​ជាមិនខាន​។ ជំងឺ​សរសៃឈាម​នឹង​បន្ថយ​លំហូរ​ឈាម​ចូលទៅក្នុង​លិង្គ​។

ទឹកកាម​បាញ់​ឡើង​ទៅ​ប្លោកនោម​វិញ​
បុរស​មាន​ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​ប្រឈម​នឹង​ការបាញ់​ទឹកកាម​ឡើង​ទៅ​ប្លោកនោម​វិញ​ដែរ​។ អាការៈ​មួយនេះ​អាច​សម្គាល់​ដឹង​តាមរយៈ​មាន​ទឹកកាម​ចេញ​កាន់តែ​តិច​នៅពេល​បាញ់​ទឹកកាម​ម្តងៗ​។

បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​
បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​អាច​នឹង​កើតឡើង​លើ​បុរស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដោយសារ​តែ​ខូច​សរសៃប្រសាទ​។ រឿង​នេះ​មាន​ដូចជា នោម​ញឹក មិន​អាច​គ្រប់គ្រង​ការ​នោម​បាន និង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play