សុខភាពបុរស

ហេតុអ្វី​បានជា​មាន​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​អ៊ីចឹង​?

​ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​ភាគច្រើន​កើតឡើង​លើ​ទារក​។ ដោយ​យោង​ទៅតាម Official Foundation of American Urological Association បានឲ្យដឹងថា បុរស​ប្រមាណ​១០​ភាគរយ​ហើយ​ដែល​កើត​មក​មាន​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​។ យ៉ាងណាមិញ ជំងឺ​នេះ​អាច​កើតឡើង​លើ​បុរស​គ្រប់​វ័យ​តែម្តង​។

​ជាទូទៅ ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​មិន​ប៉ះពាល់​អ្វី​ដល់​ពងស្វាស​នោះទេ​។ វា​ច្រើនតែ​មិន​មាន​បង្ក​ការឈឺចាប់ និង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ​។ ប៉ុន្តែ​បើសិនជា ពងស្វាស​នោះ​ស្រាប់តែ​ធំ​ខ្លាំង យក​ល្អ​គួរតែ​ទៅឲ្យ​ពេទ្យ​ពិនិត្យ​ដើម្បី​រក​មើល​មូលហេតុ​អ្វី​ផ្សេង​ដូចជា មហារីក​ពងស្វាស​ជាដើម​។

ក្នុងពេល​កំពុង​តែ​លូតលាស់ ពងស្វាស​នីមួយៗ នឹង​ត្រូវ​ធ្លាក់​ចូលទៅក្នុង​ថង់​ពង់​ស្វាស​ជាមួយគ្នា​នឹង​ទឹក​បន្តិចបន្តួច​ផង​។ ជាធម្មតា ថង់​ពងស្វាស​នឹង​បិទ​ជិត​ដោយ​ខ្លួនឯង ហើយ​រាងកាយ​នឹង​បឺត​ស្រូប​ជាតិ​ទឹក​ដែល​ធ្លាក់​មក​ជាមួយ​ពងស្វាស​នោះ​ចេញ​អស់​ក្នុងពេល​ដែល​ទារក​អាយុ​បាន​មួយ​ឆ្នាំ​ដំបូង​។ ប៉ុន្តែ បើសិន​ជា​ដំណើរការ​នេះ​ត្រូវបាន​រំខាន ទារក​នឹង​ចេញ​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​។ ដោយ​យោង​ទៅតាម Mayo Clinic បានឲ្យដឹងថា ទារក​ដែល​កើត​មិន​គ្រប់​ខែ​គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​នេះ​ជាងគេ​។

ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​ក៏​អាច​កើតមាន​នៅ​ពេល​បុរស​ពេញវ័យ​ដែរ ដោយ​ភាគច្រើន​ឃើញ​លើ​បុរស​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​។ ចំពោះ​មូលហេតុ​របស់​វា​វិញ គឺថា បំពង់​ដែល​ពងស្វាស​ធ្លាក់​ពី​ក្នុង​ពោះ​ចូល​ថង់​ពងស្វាស​គឺ​មិនទាន់​បិទ​ជិត​នៅឡើយ ឬ​វា​បើក​ម្តងទៀត ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឲ្យ​ទឹក​ហូរ​ចេញ​ពីពោះ​ចូលទៅក្នុ​ង​ថង់​ពងស្វាស​បាន​។ ជំងឺ​ទឹក​ដក់​ក្នុង​ថង់​ពងស្វាស​ក៏​អាច​បណ្តាលមកពី​ការ​រលាក ឬ​របួស​ក្នុង​ថង់​ពងស្វាស​ផងដែរ​។ ការ​រលាក​នោះ​អាច​បណ្តាលមកពី​ការ​ការ​រលាក​បំពង់អេ​ពី​ឌីឌីម (Epididymitis)៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play