ផ្សេងៗ

ឱ្យគេ​ហាយ​ឡាយ​សក់ ៤ ដង ជ្រុះ​សក់​អស់រលីង​


​ស្ត្រីជន​ជាតិចិន​ម្នាក់​បានទទួល​រង​ការ​រលាក​ធ្ងន់ធ្ងរ​លើ​ស្បែកក្បាល​របស់គាត់ ហើយ​បាន​ប្រែ​ទៅជា​ទំពែក បន្ទាប់ពី​បាន​ហាយ​ឡាយ​សក់​នៅឯ​ហាង​សាឡ​ន​មួយកន្លែង​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ទីក្រុង​តេ​យ៉ាំង ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​កាលពី​ថ្ងៃទី ១ ខែសីហា​។​

​របាយការណ៍​របស់​វេ​ប​សាយ World of Buzz បានឱ្យដឹងថា នារី​ម្នាក់​ឈ្មោះ តេង បាន​ទៅ​ហាង​ធ្វើ​សក់​ដើម្បី​ហាយ​ឡាយ​ពណ៌​បៃតង​ប្រផេះ ដែល​ដំណើរការ​ហាយ​ឡាយ​ត្រូវ​ប្រើពេល ៧ ម៉ោង និង ហាយ​ឡាយ ៤ ជុំ ទើប​ចប់​។​

​ជាងកាត់សក់​របស់លោក​ស្រី​តេង​បាន​ប្រាប់ថា ពណ៌​សក់​មិន​ជាប់​ល្អ​ទេ​ក្នុងការ​ហាយ​ឡាយ​ជុំទីមួយ ដូច្នេះ​បានចាប់ផ្តើម​ហាយ​ឡាយ​សក់​ជុំ​ទី​ពីរ​។​

​លោកស្រី​តេង​មាន​អារម្មណ៍​ថា​ស្បែកក្បាល​របស់គាត់​កំពុង​ឆេះ​នៅ​ចំណុច​នេះ ប៉ុន្តែ​ជាងកាត់សក់​បាន​ប្រាប់​គាត់​ថា​នេះ​ជា​រឿង​ធម្មតា​ហើយ​បាន​សុំឱ្យ​គាត់​ស៊ូទ្រាំ​។​

​បន្ទាប់មក​លោកស្រី​បាន​ហាយ​ឡាយ​សក់​ជុំ​ទី​បី​។ លោកស្រី​តេង​បាន​ត្អូញត្អែរថា​ស្បែកក្បាល​របស់គាត់​ឈឺចាប់​ខ្លាំង ហើយ​បាន​និយាយថា វា​អាចមាន​អ្វី​មិន​ស្រួល​ជាមួយ​ផលិតផល​ដែល​បាន​ប្រើ​នោះ​។​

​ការ​ប្រកែក​របស់គាត់​ត្រូវបាន​បដិសេធ​ដោយ​ជាងកាត់សក់​ជាថ្មី​ម្តងទៀត រួច​ជាង​ក៏​បន្ត​ហាយ​ឡាយ​សក់​ដូច​អត់​មានរឿង​អ្វី​កើតឡើង​។​

​ទោះយ៉ាងណា លោកស្រី​តេង​តក់ស្លុត​ជាខ្លាំង ដែល​សក់​គាត់​បាន​ប្រែ​ទៅជា​បៃតង​ក្រហម មិនមែន​បៃតង​ប្រផេះ​។​

​សូម្បី​ឃើញ​អ៊ីចឹង​ហើយ​ក្តី ក៏​ជាងកាត់សក់​នោះ​នៅតែ​ប្រាប់ថា វា​ជា​រឿង​ធម្មតា​សម្រាប់​ម៉ាក​ពណ៌​បៃតង​ប្រេះ​ប្រែ​ទៅជា​ពណ៌​បៃតង​ក្រហម​បែបនេះ​។​

​ដូច្នេះ​លោកស្រី​តេង​ក៏បាន​ទទួល​ការ​ហាយ​ឡាក់​សក់​ជុំ​ទី​៤​។​

​នៅពេលនោះ​ស្បែកក្បាល​របស់​នាង​ឈឺចាប់​ខ្លាំងណាស់​រហូតដល់​ថ្នាក់​គាត់​ហូរ​ទឹកភ្នែក​។​

​សូម្បីតែ​អ៊ីចឹង​ក្តី ក៏​ជាងកាត់សក់​នៅតែ​ប្រាប់​នាង​ថា វា​ជា​រឿង​ធម្មតា ហើយ​ការឈឺចាប់​នឹង​បាត់​ទៅវិញ​។​

​ចុងបញ្ចប់ លោកស្រី​តេង​មិនអាច​ទ្រាំ​នឹង​ការធ្វើ​ឈឺចាប់​បាន ក៏​តេ​ហៅ​កូនស្រី​របស់គាត់​ឱ្យមក​ដឹក​គាត់​ចេញពី​ហាង​សាឡ​ន​នេះ​តែម្តង​។​

​ទីបំផុត​ជាងកាត់សក់​ទើប​ចាប់អារម្មណ៍​ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​។ ភ្លាមៗ​នោះ គាត់​បាន​ជួយ​លោកស្រី​តេង​លាង​សម្អាត​ថ្នាំលាប​នោះ​។​

​ក្រោយមក​លោកស្រី​តេង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

​អ្នកឯកទេស​ខាង​សើ​ស្បែ​កនៅ​មន្ទីរពេទ្យ​បានបញ្ជាក់​ថា​លោកស្រី​តេង​រង​ការ​រលាក “​អាណា​ហ្វី​ឡាក់​ទិច​” ដោយសារតែ​ប្រតិកម្ម​អា​ឡែ​ស៊ី​ទៅនឹង​ថ្នាំលាបសក់ ហើយ​ស្បែកក្បាល​របស់គាត់​ត្រូវបាន​រលាក ៤០ ភាគរយ​។​

​ដោយមាន​ជម្រើស​តិចតួច លោកស្រី​តេង​បាន​បង្ខំចិត្ត​កោរសក់​ចេញ ព្រោះ​គ្រូពេទ្យ​មានការ​ព្រួយបារម្ភ​ថា​ថ្នាំលាប​ដែល​នៅសល់ អាច​បណ្តាលឱ្យ​មានប្រតិកម្ម​អាក្រក់​បន្ថែមទៀត​។​

​លោកស្រី​តេង ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល ៥ ថ្ងៃ​។​

​លោកស្រី​តេង​និយាយថា “​ខ្ញុំ​តែងតែមាន​សក់វែង​ហើយ​ខ្ញុំ​មិនអាច​ទទួលយក​បានទេ​ចំពោះ​ក្បាល​ត្រងោល​បែបនេះ​”​។​

​លោកស្រី​បាន​ប្តឹង​ម្ចាស់​ហាង​ទាមទារ​ថ្លៃ​ពេទ្យ​និង​ជំងឺ​ចិត្ត ៦០.០០០ យ័ន (១២.៤០០ ដុល្លារ​) ៕


ប្រភព៖rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី13  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play