ផ្សេងៗ

មនុស្ស ៣ ប្រភេទ ដែល​យើង​ត្រូវ​ដឹង​

បរាជ័យ មិនមែនជា​ក្តី​វិនាស​ទេ​។ ក្តី​វិនាស គឺ​ការដែល​បរាជ័យ​ហើយ មិន​ព្រម​ក្រោក​តស៊ូ​នេះឯង​។ ភាគច្រើន​នៃ​មនុស្ស​ដែល​អ្នក​ស្គាល់ ចែកចេញជា ៣ ប្រភេទ រួមមាន​៖ ១-​ក្រុម​អ្នក​ទម្លាក់អាវុធ​ទាំងស្រុង ២-​ក្រុម​អ្នក​យល់ព្រម​ចុះចាញ់​ដោយ​ផ្នែក និង ៣-​ក្រុមមនុស្ស ដែល​មិន​ព្រម​ចុះចាញ់​។​

១-​ក្រុម​អ្នក​ទម្លាក់អាវុធ​ទាំងស្រុង​៖
​មនុស្ស​ភាគច្រើន មាន​ជំនឿ​យ៉ាង​បាក់​ផ្នត់​ថា ខ្លួន​គ្មាន​គុណសម្បត្តិ​ទៅជា​អ្នកមាន ឬ​អ្នកធំ​អ្វី​ទេ​។ គេ​ជឿថា ជោគជ័យ មាន​សម្រាប់តែ​អ្នកណា ដែលមាន​ភ័ព្វសំណាង ឬ​អ្នកមាន​អំណោយទាន​ពិសេស​អ្វីមួយ​ប៉ុណ្ណោះ​។ តាមពិតទៅ ធម្មជាតិ​របស់​មនុស្ស តែងតែ​ចង់បាន​អ្វី​ប្រសើរ​ជាង​មុន​ជានិច្ច ទាំង​ប្រាក់ចំណូល ទាំង​តំណែង​ការងារ ទាំង​កិត្តិយស​។ គេ​ម្នាក់ៗ សុទ្ធតែ​ដឹង​ក្នុង​ចិត្ត​រៀងៗ​ខ្លួន តែ​ដោយសារតែ​ឥទ្ធិពល​នៃ​គំនិត​ចុះចាញ់​មុន​ប្រយុទ្ធ បាន​អូសទាញ​មិន​ឲ្យ​គេ​ជឿថា ខ្លួន​អាចធ្វើ​កិច្ចការ ដែល​ធំធេង​ជាង​នេះ​បាន​។​

​បើ​ពិនិត្យ​ទៅ​មនុស្ស​ក្រុម​នេះ គ្រាន់តែ​ជាម​នុស្ស​មួយក្រុម ក្នុង​បណ្តា​អ្នក​ដែល​មិនសូវ​ពេញចិត្ត​នឹង​ការងារ ហើយ​ផ្លាស់ប្តូរ​ការងារ​ថ្មីៗ ដើម្បី​ស្វែងរក​ឱកាស​ថ្មីៗ ដោយ​ក្តី​រំពឹង​យ៉ាង​ព្រាលៗ​ថា ឱកាសល្អ នឹង​រត់​មករក​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​តែប៉ុណ្ណោះ​។​

២-​ក្រុម​អ្នក​យល់ព្រម​ចុះចាញ់​ដោយ​ផ្នែក​៖
​មនុស្ស​ក្នុង​ក្រុម​នេះ មាន​ចំនួន​តិចជាង​មនុស្ស​ក្រុមទី​១ ច្រើនណាស់​។ គេ​ចម្រើន​ធំធាត់​ដោយ​ក្តី​រំពឹងថា នឹង​ទទួលជោគជ័យ​គួរសម​ដែរ​។ គេ​ត្រៀមខ្លួន ធ្វើ​ការងារ​រៀបចំ​ផែនការ​បែប​មាំទាំ​គួរសម តែ​លុះ​ពេលវេលា​កន្លងទៅ​មួយរយៈ​ប្រមាណ​ជា ១០ ឆ្នាំ ឬ​លើសខ្វះ​បន្តិចបន្តួច កម្លាំង​រារាំង​ប​ន្ទុ​ច​បង្អាក់​ក៏​ផុស​ចេញមក​។ ពេលនោះ ថាមពល​សម្រាប់​ប្រកួតប្រជែង​យក​តំណែង​ខ្ពស់បំផុត ក៏​ចាប់ផ្តើម​ចុះខ្សោយ ទើប​ពួកគេ សម្រេចចិត្តថា មិនបាច់​ខំ​ប្តូរ​អ្វី​តទៅទៀត​ទេ​។ គេ​បានផ្តល់​ហេតុផល​ថា យើង​រស់នៅ​សុខ​ស្រួល​លើសពី​មនុស្ស​ធម្មតា​ហើយ តើ​ខំ​ត្រដរ​ធ្វើបាប​ខ្លួន​ដល់​ណា​ទៀត​?

​តាមពិត មនុស្ស​ក្រុម​នេះ ពុំមែន​ចង់​ចុះចាញ់​អ្វី​ទេ ប៉ុន្តែ​គេ​បាន​បណ្តុះ​ការភ័យខ្លាច​មួយបែប គឺ​ខ្លាច​គេ​មិន​ទទួលស្គាល់ ខ្លាច​រង្គោះរង្គើ ខ្លាច​រលំ ខ្លាច​បាត់បង់​នូវ​អ្វីដែល​ខ្លួន​កំពុងមាន​សព្វថ្ងៃ ទើប​គេ​យល់ព្រម​ចុះចាញ់​ដោយ​ខ្លួនឯង​។ ក្រុម​នេះ រាប់ទាំង​មនុស្ស​មាន​ទេពកោសល្យ​ជាច្រើន ឬ​អ្នកមាន​បញ្ញា ឈ្លាសវៃ ដែល​សុខចិត្ត​វារ​ននៀល ជាជាង​ការ​ងើប​រត់​ទៅមុខ​។​

៣-​ក្រុមមនុស្ស ដែល​មិន​ព្រម​ចុះចាញ់​៖
​ក្រុម​នេះ មាន​ប្រមាណ​ជា ២% ឬ ៣% ប៉ុណ្ណោះ នៃ​មនុស្ស​ទាំងអស់​។ គេ​មិន​ព្រម​ឲ្យ​គំនិត​អវិជ្ជមាន មានអំណាច​មក​ដឹកនាំ​ខ្លួន​ជាដាច់ខាត​។ គេ​មិន​ព្រម​ជឿ និង​មិន​ព្រម​ទទួលស្គាល់​ឥទ្ធិពល​រារាំង​ទាំងឡាយ មិន​ព្រម​វារ​ននៀល​ដូច​អ្នកដទៃ​ទេ ប៉ុន្តែ​គេ​មានជីវិត និង​ដកដង្ហើម​ចេញចូល​បាន​ដោយ​ខ្លួនឯង ទទួល​សេចក្តីសុខ ព្រមទាំង​សម្រេច​ជោគជ័យ បាន​យ៉ាង​ខ្ពស់បំផុត​។​

​ពួកគេ​ជា​អ្នកលក់​ទំនិញ​បាន​ច្រើន មាន​ប្រាក់ចំណូល​ប្រចាំខែ​ខ្ពស់ មាន​ប្រា​ក់ចាយ​គ្រប់គ្រាន់ ជា​អ្នកគ្រប់គ្រង​លំដាប់​ខ្ពស់ ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​ផ្សេងៗ​។ មនុស្ស​ក្រុម​នេះ មើលឃើញថា ជីវិត​គួរ​ឲ្យ​ត្រេកត្រអាល ជា​រង្វាន់​គួរ​ឲ្យ​ចង់​រស់នៅ​។ គេ​រំពឹង​ឃើញ​ថ្ងៃ​ថ្មីៗ ក្នុង​មួយថ្ងៃៗ គេ​ជួប​មនុស្ស​ថ្មីៗ ប្រៀបដូចជា​ការ​ផ្សងព្រេង ដែល​បង្កើន​ភាពស្រស់​ញញឹម​ឲ្យ​ជីវិត​ដូច្នោះ​។​

​ប្រការ​ដ៏​សំខាន់បំផុត គឺ​សុំ​ឲ្យ​យើង​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​។ មនុស្ស​យើង​ម្នាក់ៗ សុទ្ធតែ​ចង់​រង់​ស​នៅក្នុង​ក្រុមទី​៣ ជា​ក្រុម​ដែល​សម្រេច​ជោគជ័យ និង​ធ្វើការ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ដើម្បី​អាចមក​រស់នៅក្នុង​ក្រុម​នេះ​បាន អ្នក​ត្រូវ​តស៊ូ​យកឈ្នះ​លើ​ឥទ្ធិពល​រាំងស្ទះ​នៃ​បរិយាកាស​ជុំវិញ​ទាំងនោះ​៕​

ម៉េងលីង

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play