ជំងឺទឹកនោមផ្អែម

​តើ​ថ្នាំ​បំប៉ន​ជា​វីតាមីន​អាចជួយ​ជំងឺ​ទឹកនោម​ផ្អែម​បានទេ​?

​យោង​ទៅ​តាម​សារព័ត៌មាន The Daily Telegraph, Daily Mail និង BBC បានឲ្យដឹងថា កម្រិត​នៃ​វីតាមីន B1 ត្រូវបាន​គេ​រកឃើញ​ថា​មាន​ការថយចុះ​រហូត​ដល់ ៧៥​ភាគរយ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ជាង​អ្នក​មាន​សុខភាព​ធម្មតា​។ សេចក្តីរាយការណ៍​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​មួយ​ដែល​បាន​រកឃើញថា វីតាមីន B1 ត្រូវ​បាន​បញ្ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ២៤​ដង​ជាង​កម្រិត​ធម្មតា និង​ចេញពី​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ១៦​ដង​ជាង​កម្រិត​ធម្មតា​។

​វីតាមីន B1 ជួយ​រាងកាយ​ក្នុង​ការបំលែង​កាបូ​អ៊ី​ដ្រាត​ទៅ​ជា​ថាមពល ហើយ​ក៏​សំខាន់​សម្រាប់​ប្រព័ន្ធ​បេះដូង សាច់ដុំ និង​សរសៃប្រសាទ​ផងដែរ​។ វីតាមីន​មួយ​នេះ​មាន​នៅក្នុង​អាហារ​ដូចជា នំ​បុ័ង ស្រូវ​សាលី គ្រាប់​ធញ្ញជាតិ ផា​ស្តា ត្រី និង​សាច់​គ្មាន​ខ្លាញ់​។

Daily Mail និយាយថា ការ​កង្វះ​វីតាមីន​មួយ​នេះ​អាច​បង្កើន​ឱកាស​នៃ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​បាន​។ ចំណែកឯ Telegraph វិញ​ថា នេះ​ជា​អ្វី​ដែល​សំខាន់​សម្រាប់​ការព្យាបាល​ជំងឺ​សរសៃឈាម​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​។ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ការខ្វះខាត​នៃ​វីតាមីន​មួយ​នេះ​មាន​ជាប់ទាក់ទង​នឹង​ការខូចខាត​តម្រង​នោម សរសៃឈាម​បាត​ភ្នែក និង​សរសៃប្រសាទ​នៅ​ដៃ​និង​ជើង​។

សរុបមក ការថយចុះ​នៃ​វីតាមីន B1 ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​ជា​សញ្ញា​បញ្ជាក់ថា ពួកគេ​ពិតជា​ងាយ​នឹង​មាន​ផលវិបាក​ច្រើន​របស់​ជំងឺ​នេះ​ណាស់​។ ប៉ុន្តែ​ការ​គិតថា ការព្យាបាល​ការ​កង្វះ​វីតាមីន B1 លើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​អាច​កាត់បន្ថយ​ការ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ​។ ព្រោះ​ការ​សិក្សា​នេះ​មិន​បាន​វាយ​តម្លៃ​ទៅលើ​ផលវិបាក​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ទេ គ្រាន់តែ​ប្រៀបធៀប​នូវ​ដំណើរ​ការងារ​របស់​វីតាមីន B1 ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម និង​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play