ជំងឺបេះដូង

​ក្រោយពី​កើត​ជំងឺ​គាំងបេះដូង​រួច​គឺ​ខ្លាច​ការ​រួមភេទ​តែម្តង​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mail បានឲ្យដឹងថា អ្នក​ដែល​មាន​ជីវិត​រស់​ក្រោយពី​មាន​ជំងឺ​គាំងបេះដូង​រួច​គឺ​បារម្ភ​ខ្លាំង​លើ​ការ​រួមភេទ​តែម្តង​ដោយសារតែ​ខ្លាច​វា​ធ្វើឲ្យ​ពួកគេ​កើត​អាការៈ​គាំងបេះដូង​ម្តងទៀត​។​

​រឿង​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​របស់​អាមេរិក​មួយ​ដែល​ពិនិត្យ​ទៅលើ​សកម្មភាព​ផ្លូវភេទ​របស់​អ្នកជំងឺ​ទាំង​មុន​ពេល​មាន​ជំងឺ​គាំងបេះដូង និង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ពេល​តាមដាន​។ ការសិក្សា​បាន​ពិនិត្យ​ទៅលើ​កត្តា​ជាច្រើន​ដែល​ថា​តើ​ពួកគេ​នៅតែ​មាន​ភាព​សកម្ម​ចំពោះ​ផ្លូវភេទ​ទៀត​ឬ​អត់​។

ក្រោយមក គេ​បាន​រកឃើញថា ប្រុស​ស្ទើរតែ​ពាក់កណ្តាល និង​ស្ត្រី​ជាង ៦០​ភាគរយ​គឺ​លែង​សូវ​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ទៀត​ទេ​ក្រោយពី​មាន​អាការៈ​ជំងឺ​គាំងបេះដូង​រួច ហើយ​ប្រហែល​មាន​ម្នាក់​ក្នុងចំណោម​ដប់​នាក់​ប៉ុណ្ណោះ​ដែល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​មុនពេល​គាំងបេះដូង គឺ​មិន​បាន​រួម​ភេទ​រយៈពេល​មួយ​ឆ្នាំ​ជាប់​រហូត​។

ការសិក្សា​នេះ​ក៏​បាន​រកឃើញថា មាន​ស្ត្រី​តែ​មួយ​ភាគ​បី និង​បុរស ៤៧​ភាគរយ​ប៉ុណ្ណោះ​ដែល​ប្រាប់​ថា ពួកគេ​ទទួលបាន​ការប្រឹក្សា​អំពី​ការ​ត្រឡប់​ទៅរក​សកម្មភាព​ផ្លូវភេទ​វិញ​នៅពេល​ចេញពី​មន្ទីរពេទ្យ​។ អ្នក​ដែល​មិន​ទទួលបាន​ការប្រឹក្សា​វិញ​បែរជា​ប្រាប់ថា ពួកគេ​មាន​ការថយចុះ​លើ​សកម្មភាព​ផ្លូវភេទ​។

ថ្វី​បើ​រឿង​នេះ​មិន​បាន​បង្ហាញ​អំពី​ហេតុផល​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​មិនសូវ​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ក្រោយពី​គាំងបេះដូង​រួច​ក៏ដោយ​តែ​ការសិក្សា​នេះ​បានបញ្ជាក់​ថា ការ​កង្វះ​នូវ​ការផ្តល់​ដំបូន្មាន​លើ​ប្រធានបទ​មួយ​នេះ​ប្រហែល​ជា​ធ្វើឲ្យ​អ្នកជំងឺ​ខ្លាច​រឿងនេះ ជាពិសេស​ខ្លាច​រឿង​នេះ​ធ្វើឲ្យ​ពួកគេ​កើត​ជំងឺ​គាំងបេះដូង​ម្តងទៀត​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play