ជំងឺបេះដូង

​រោគសញ្ញា​ជំងឺ​គាំងបេះដូង​មាន​ការប្រែប្រួល​ទៅតាម​ភេទ​របស់​មនុស្ស​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា រោគសញ្ញា​ជំងឺ​គាំងបេះដូង​មាន​ភាពខុសគ្នា​លើ​មនុស្ស​ស្រី​។ រឿង​នេះ​ចង់​និយាយថា ស្ត្រី​ដែល​កំពុងតែ​មាន​ជំងឺ​គាំងបេះដូង​ទំនងជា​មិនសូវ​មាន​អា​ការៈឈឺចាប់​នៅ​ទ្រូង​ដូច​មនុស្ស​ប្រុស​ឡើយ​។

​ជំងឺ​គាំងបេះដូង​អាច​បង្ក​ឲ្យមាន​អា​ការៈខុសៗ​គ្នា​ច្រើន​ចាប់​ពី ការឈឺ​ចុក​ក្នុង​ទ្រូង​រហូតដល់​ឈឺ​ឈៀបៗ​នៅ​ដៃ​ជើង និង​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម ឬ​ចង្អោ​ជាដើម​។ ដើម្បី​ចង់​ដឹង​អំពី​ភាពប្រែប្រួល​របស់​រោគសញ្ញា​ទាំងនេះ អ្នកស្រាវជ្រាវ​បានធ្វើការ​ពិនិត្យថា​តើ​ការ​ឈឺទ្រូង និង​មិន​ស្រួល​ក្នុង​ខ្លួន​កើតឡើង​លើ​មនុស្ស​ទាំង​ពីរ​ភេទ​ដូចម្តេចខ្លះ និង​តើ​វា​អាច​បញ្ជាក់​អំពី​ការ​ប្រឈម​នឹង​ការស្លាប់​របស់​អ្នកជំងឺ​ដែរ​ឬ​អត់​។ ដើម្បី​ធ្វើ​បែប​នេះ​បាន អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​បុរស និង​ស្ត្រី​ជនជាតិ​អាមេរិក​ជាង ១​លាន​នាក់​ដែល​មាន​ជំងឺ​គាំងបេះដូង​នៅ​ច្លោះ​ឆ្នាំ ១៩៩៤ និង ២០០៦​។

សរុបមក បុរស​ដែល​មាន​ជំងឺ​គាំងបេះដូង​ប្រមាណ ៤២​ភាគរយ​ប្រាប់ថា​មានការ​ឈឺទ្រូង ចំណែក​ស្ត្រី​វិញ​មាន​ការ​ឈឺទ្រូង​តែ ៣០,៧​ភាគរយ​ទេ​។ តាម​ការគិត​បន្ថែមទៀត​បាន​រកឃើញថា កាលណា​ស្ត្រី​វ័យ​កាន់តែ​ក្មេង ឱកាស​មិន​ឈឺ​នៅ​ទ្រូង​កាន់តែ​ខ្ពស់​។

ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំងឺ​គាំងបេះដូង​អាច​នឹង​មាន​រោគសញ្ញា​ច្រើន​កើតឡើង​ជាមួយគ្នា​ដោយ​មិន​មាន​ការឈឺចាប់​ផង​ក៏​មាន​ដែរ​ដូចជា ពិបាក​ដកដង្ហើម បែក​ញើស និង​ចង្អោ​។ ថ្វី​បើ​ការសិក្សា​បញ្ជាក់ថា ជំងឺ​គាំងបេះដូង​មិន​មាន​ការឈឺចាប់​អ្វី​សោះ (​នៅ​ទ្រូង ដៃ ក ឬ​ថ្គាម​) ប្រហែល​ជា​កើត​ឡើង​លើ​ស្ត្រី​ញឹកញាប់​ជាង​បុរស​ក៏ដោយ ប៉ុន្តែ​ការយល់ដឹង​អំពី​សញ្ញា​ខុសៗ​គ្នា​របស់​ជំងឺ​គាំងបេះដូង​គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ទាំង​ពីរភេទ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play