ផ្សេងៗ

របរ​ត្បាញ​ កន្ទេលអញ្ចូត កេរដូនតា អ្នកភូមិ​នៅ​តាកែវ ប្រ​ឈមនឹងការបាត់​បង់​



កន្ទេល​អញ្ចូត ​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​អ្វី​នោះទេនៅ​បច្ចុប្បន្ន​នេះ ហើយ​បើ​និយាយពី​អ្នក​ទី​ក្រុង​វិញ​ប្រ​ហែល​ជា​មិន​ប្រើ​នោះដែរ​ ដោយឡែក​នៅ​តាម​ទី​ជន​បទ​កន្ទេល​ប្រ​ភេទនេះ​នៅមាន​ប្រើ​នៅ​ឡើយ។

អ្នកខ្លះ​ប្រើ​កន្ទេល​ប្រ​ភេទនេះ​សម្រាប់​ហាលស្រូវ និង​មាន​អ្នក​ខ្លះ​យក​កន្ទេល​ប្រភេទនេះ​សម្រាប់​ក្រាល​ទទួលទាន​ដំណេក។ កន្ទេល​ដែល​ប្រើ​សម្រាប់​ទទួលទាន​ដំណេក​មាន​ចាក់ ត្បាញ​លាយ​ពណ៌​ផ្សេងៗ ដោយ​ឡែក​សម្រាប់​ប្រើប្រាស់​ហាល​ស្រូវ​វិញ​មិន​មាន​លា​យ​ពណ៌អ្វី​នោះទេ។


អ្នក​ភូមិ​ភូមិ​ភ្នំក្រ​ពើ ឃុំព្រៃរំដេង ស្រុក​គីរីវង់​ខេត្តតា​កែវ​ ដែលមាន​គ្នា​ជិត​២០​គ្រួសារ​ ហើយ​ ដែល​មាន​សុទ្ធ​សឹងជា​ស្ត្រី​វ័យ​ចំណាស់ បាន​អង្គុយ​ត្បាញ​កន្ទេល​អញ្ចូត​នេះ​នៅ​ក្រោម​ផ្ទះ​របស់​ខ្លួន​។

អ្នកស្រី សែម សុំ វ័យ​៧១​ឆ្នាំ​ ដែលកំពុង​អង្គុយ​ត្បាញ​កន្ទេល​ក្រោម​ផ្ទះ ប្រាប់​ Sabay ថា​អ្នកស្រី​បាន​ប្រ​កប​របរនេះ​តាំងពី​សម័យ​សង្គម​រាស្រ្ត​និយម។ អ្នក​ស្រីថា​របរនេះ​ជា​របរ​ដែល​ដូនតា​អ្នកស្រី​បាន​បន្សល់ទុក​ឲ្យ​កូន​ចៅ​ជំនាន់ក្រោយ តែអ្នកស្រីថា​របរនេះ មិន​ទំនង​បាន​ដល់កូន​ចៅអ្នកស្រី​ទៀតនោះទេ ព្រោះថា​អ្នកទាំងនោះ​មិន​ចូល​ចិត្ត​របរមួយ​នេះ​ដោយ​ទទួលបាន​កំរៃតិច។


​​អ្នកស្រី​បន្ថែមថា៖ «​តម្លៃ​នេះ​មិន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចំណេញ​ប្រាក់​បាន​ច្រើន​ណាស់​ណា​ទេ​...ចំណេញ​ត្រឹម​៣ម៉ឺន​រៀលប៉ុណ្ណោះក្នុង១កន្ទេល ក្រោយទូទាត់​ថ្លៃ​ចំណាយ»។

អ្នកស្រី​បញ្ជាក់ថា​កន្ទេល​មួយ​ត្រូវ​ចំណាយ​ថវិកាទិញ​អញ្ចូតពីវៀតណាម​ចំនួន​ពីរ​ដុំ អស់ប្រាក់​៩​ ០០០​រៀល និង​នៅ​ចំណាយ​លើ​ថ្លៃ​​ថ្នាំ​ពណ៌ផង​កន្ទេល​មួយ​បាន​ប្រាក់ចំណេញ​តែ​បីម៉ឺន​រៀល ខណៈកន្ទេល​មួយត្រូវ​ចំណាយពេល​ត្បាញ​រហូត​ដល់​បួន​ថ្ងៃ។


ចំណែក​អ្នក​ធ្វើ​កន្ទេល​ម្នាក់​ទៀត​គឺអ្នកស្រី ង៉ែត ងៀត វ័យ៧២ឆ្នាំឲ្យ​ដឹងថា​ អ្នក​ត្បាញ​កន្ទេល​សព្វ​ថ្ងៃ​ភាគ​ច្រើន​សុទ្ធ​តែ​ជាមនុស្ស​វ័​យ​ចំណាស់​ព្រោះ មិនមាន​ក្មេងៗនោះទេ។ អ្នកស្រី​បន្តថា​ដោយ​សារ​តែ​ចង់រក្សា​របរកេរ​ដូនតានេះ​ហើយបានជាអ្នកស្រី​​មិនបង់​អាជី​ពនេះ​។

អ្នកស្រី​បន្ថែមថា៖ «ក្នុង១​ខែខ្ញុំ​អាចត្បាញ​កន្ទេល​បាន​ត្រឹម​តែ៥ប៉ុណ្ណោះ​តែ​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​ការ​ងារ​នេះ​វា​ជា​ការ​ងារ​ចាំ​ផ្ទះ​​...ហើយ​អាច​ទទួល​បាន​ចំណូល​ខ្លះ​គ្រាន់​ធ្វើបុណ្យ​ទាន​ដែរ​...កូន​ៗ​គេ​មិន​ចាប់​អារម្មណ៍​នឹង​ការ​ងារ​នេះ​ទេ​ គេ​ទៅ​កាត់​ដេរ ឬ​ធ្វើ​ស្រែ​ប្រាំង​បាន​ចំណូលច្រើនជាង»។


បើតាម​អ្នកភូមិ​ខាង​លើ​កន្ទេល​ប្រ​ភេទនេះ​នៅមាន​លក់​តែ​កន្ទេល​សម្រាប់ក្រាល​ទទួលទាន​ដំណេក​តែប៉ុណ្ណោះ ឯកន្ទេល​សម្រាប់​ហាលស្រូវ​មិន​មាន​អ្នកបញ្ជាទិញ​ទៀតទេ​ដោយថា​អ្នកហាល​ស្រូវ​ប្រើ​ឈឹប​ជំនួស​វិញ។ សម្រាប់​តម្លៃ​កន្ទេលនេះ​មាន​ចន្លោះពី​៤ម៉ឺនរៀល​ ដល់​៨​ម៉ឺន​រៀល​ទៅ​តាម​ទំហំ៕ ​​ ​


ប្រភព៖sabay.com.kh

 

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play