ផ្សេងៗ

រកឃើញកន្លែងញ៉ាំឆ្ងាញ់ៗ៥កន្លែងនៅភ្នំពេញ អស់មិនប៉ុន្មានលុយចង់ប្រេះឡេវ ​

 

គ្រប់​ពេល​ឲ្យ​តែ​នឹក​ឃ្លាន​អី​ញ៉ាំ​មិន​ថា ចេញ​ពី​ធ្វើ​ការ ចេញ​ពី​រៀន ឫ​ថ្ងៃ​ចុង​សប្ដាហ៍ ចង់​ទៅ​ញ៉ាំ​ម្នាក់​ឯង ឫ​ជា​ក្រុម គឺ​តែង​សួរ​គ្នា​ទៅ​ញ៉ាំ​អី ញ៉ាំ​កន្លែង​ណា? ហើយ​តែង​ឆ្លើយ​ថា ញ៉ាំ​អី​ក៏​បាន ទម្រាំ​រក​នឹក​ឃើញ​ចង់​វិលវល់​អស់​ហើយ។ ថ្ងៃ​នេះ​បង Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់ៗ ទោះ​បី​មិន​មែន​អាហារ​ក្នុង​ហាង​ទំនើប​មែន​តែ​រសជាតិ​ឆ្ងាញ់​មិន​ណយ​ដែរ មិន​ត្រឹម​ប៉ុណ្ណោះ​តម្លៃ​ធូរ អស់​តែ​ត្រឹម​២​ម៉ឺន​ហូប​តឹង​ពោះ​ង៉ាង​បាត់។

១. សាច់​ចង្កាក់​ក្ដៅៗ​ហុយៗ​នៅ​ផ្សារ​តាប៉ាង

បើ​ប្រិយ​មិត្ត​ជិះ​ទៅ​ផ្សារ​តាប៉ាង​កាច់​ជ្រុង​ច្រក​ឌឿងហែម​ ប្រាកដ​ជា​ឈ្ងុយ​ចេញ​ពី​សាច់​ចង្កាក់​គ្រប់​មុខ មក​ប៉ះ​នឹង​ច្រមុះ​តែ​ម្ដង។ បើ​និយាយ​ពី​រសជាតិ​វិញ​ក៏ឆ្ងាញ់​មិន​ធម្មតា​ដែរ សាច់​ចង្កាក់​ក្ដៅ​ៗ​យក​ស្រង់​ចេញ​ពី​ឆ្នាំង​ភ្លាមៗ យក​ទៅ​ជ្រលក់​ជាមួយ​ទឹក​សៀង និយាយ​ពី​ថា ឆ្ងាញ់​អត់​ចង់​លេប​តែ​ម្ដង។ ​ចំពោះ​តម្លៃ​វិញ​ធូរ​ថ្លៃ​បំផុត ១​ចង្កាក់​ត្រឹម​តែ​ ១ ៥០០​រៀល​ប៉ុណ្ណោះ។

 

២. ជង្រុក​អាហារ​ឆ្ងាញ់ៗ​នៅ​ផ្សារ​ធំ​ថ្មី

អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ លក់​ហូរហែ​រនៅ​ផ្សារ​ធំ​ថ្មី​ឲ្យ​តែ​បាន​ទៅ​ម្តង​ៗ ចង់​វិល​មុខ​ដោយ​សារ​សម្បូរអី​ញ៉ាំ​ពេក​មិន​ដឹង​ញ៉ាំ​អី​ទុក​អី​។ អាហារ​ឆ្ងាញ់​ជា​ច្រើន​មុខ​ដូចជា មឹក​អាំង បង្កង​អាំង ភ្លៅមាន់​អាំង កោះ​មាន់​អាំង មាន​តម្លៃ​ចាប់​ពី​១ម៉ឺន​រៀល​ឡើង​ទៅ។ ក្រៅ​ពី​នោះ​មាន​ដូចជា សាច់គោអាំង​នំប៉័ង សាច់​ជន្លួញ មួយ​ចង្កាក់​តែ​ ២ ០០០​រៀល​ទេ​ និង​កំពឹស​ចៀន បង្គា​ចៀន​ជាមួយ​ម្សៅ​បំពង​មួយ​បន្ទះ​ចាប់​ពី ៣ ០០០​រៀល​ឡើង​ទៅ។ ដូច្នេះ​បើ​សិន​រក​នឹក​អី​ញ៉ាំ​មិន​ឃើញ​ទេ ទៅ​ផ្សារ​ធំ​ថ្មី​ទៅ​មិន​ខក​បំណង​ទេ។

 


​ ៣. មី​ស៊ុប​នៅ​សាលា​បឋម​ទួលទំពូង


ចាប់​ផ្ដើម​លក់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន​មីស៊ុប អ្នក​ស្រី ដាវី នៅ​តែ​ល្បី​ខ្លាំង​មាន​អ្នក​ខ្លះ​ហូប​តាំង​ពី​នៅ​រៀន​សាលា​បឋម​ទួលទំពូង រហូត​មាន​ការងារ​តំណែង​ធំ​ក៏​នៅ​តែ​ទៅ​រក​មីស៊ុប​របស់​អ្នក​ស្រី​ហូប​ដដែល។ មិន​ត្រឹម​តែ​លក់​សម្រាប់​សិស្ស​សាលា​ប៉ុណ្ណោះ​ទេ តែ​សូម្បី​អ្នក​ដំណើរ​ អ្នក​ធ្វើ​ការ ទាំង​រដ្ឋ និង​ឯកជន ភ្លូក​ទឹក​ភ្លូកដី រហូត​រក​តែ​អ្នក​លក់​ដាក់​មិន​ទាន់​ផង។

ចំពោះ​តម្លៃ​វិញ​មួយ​ចាន​ត្រឹម​តែ ៣ ០០០ រៀល​ប៉ុណ្ណោះ តែ​បើ​ថែម​ប្រហិត គឺ ៤ ០០០​រៀល។


៤. ប្រហិត​ចៀន​រាត្រី​នៅ​ទឹក​ល្អក់​២

ធ្លាប់​ទេ​នឹក​ឃើញ​ឃ្លាន​អី​ញ៉ាំ​ទាំង​កណ្ដាល​យប់ ហើយ​មិន​ដឹង​ទៅ​ញ៉ាំ​កន្លែង​ណា? ហើយ​សំខាន់​មិន​ដឹង​មាន​អី​ញ៉ាំ​ទៀត។ ថ្ងៃ​នេះ​សូម​ណែនាំ​ប្រិយមិត្ត​ទៅ​ស្គាល់​ប្រហិត​ចៀន​រាត្រី មាន​លក់​ចាប់​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ​ឯណោះ និយាយ​ពី​រសជាតិ​វិញ​ឆ្ងាញ់​កប់​តែ​ម្ដង។ នៅ​ទី​នោះ​ថ្វី​ត្បិត​តែ​កន្លែង​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​មែន​ពិត ​តែ​មាន​ប្រហិត​ស្ទើរ​គ្រប់​មុខ​ឲ្យ​អ្នក​រើស​ញ៉ាំ​តាម​ចូលចិត្ត​ ជា​ពិសេស​បើ​បាន​ទៅ​គឺ​កុំ​ភ្លេច​សាក​រសជាតិ​ប្រហិត​បន្លែ​ចៀន​និង​គាវ​ដែល​ខ្ចប់​ភ្លាម​ៗ​មាន​រសជាតិ​ឆ្ងាញ់​។


អ៊ី​ចឹង​បើ​ឃ្លាន​ប្រហិត​ចៀន​កណ្តាល​យប់​អី​លើក​ក្រោយ​អាច​សាក​ល្បង​ញ៉ាំ​ប្រហិត​នៅ​មុខ​សង្កាត់​ទឹក​ល្អក់​ទី​២​នេះ​ម្ដង​។

៥. នំ​បញ្ចុក​ម៉ាក់​យាយ​នៅ​វត្ត​បុទម

បើ​និយាយ​ពី​នំបញ្ចុក​វិញ​មិន​ខ្វះ​លក់ទេ នៅ​ភ្នំពេញ តែ​បើ​និយាយ​ពី​រសជាតិ​អាច​ខុសគ្នា មិន​ប្រាកដ​ថា សុទ្ធ​តែ​ឆ្ងាញ់​នោះ​ទេ។ តែ​បើ​នំបញ្ចុក​ម៉ាក់យាយ​នៅ​វត្ត​បុទម​និយាយ​ពី​ថា​រសជាតិ​ឆ្ងាញ់​នោះ​ឆ្ងាញ់ ហូប​មួយ​ចាន​ចង់​ថែម​មួយ​ចាន​ទៀត ដោយ​សារ​រសជាតិ​សម្ល​ស៊ី​គ្នា​ខ្លាំង​ជាមួយ​នំ មាន​ទាំង​សម្ល​ប្រហើរ​បង់ប្រហុក​ឈ្ងុយៗ សម្ល​ណាំយ៉ា​សាច់​ត្រី​ខាំ​អន្ធិល សម្ល​ការី​បងខ្ទិះដូង​រម្ងាស់​ជាមួយ​មាន់ស្រែ​ពណ៌​ក្រហម​ឆ្អៅ​ម្ទេស​ហឹរៗ​ទៀត​នោះ និយាយ​ថា​ឆ្ងាញ់​រក​និយាយ​មិន​ត្រូវ។


ចំណេក​ទីតាំង​វិញ​មិន​មិន​ពិបាក​រក​ទេ នៅ​ផ្លូវ២៦៤ ទុលមុខរបងវត្តបុទុមវត្តី បើកលក់ចាប់ពីម៉ោង ២ថ្ងៃត្រង់ទៅ៕

 

ប្រភព៖sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play