ជំងឺមហារីក

​ថ្នាំ Botox ប្រហែល​មាន​ប្រយោជន៍​លើ​ការព្យាបាល​មហារីកក្រពះ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា ថ្នាំ Botox ប្រហែលជា​មាន​តួនាទី​មួយទៀត​ក្នុង​ការប្រឆាំង​នឹង​ជំងឺមហារីក​។ រឿង​នេះ​កើតឡើង​ក្រោយ​ពី​ការស្រាវជ្រាវ​មួយ​ទៅ​លើ​សត្វ​កណ្តុរ​បាន​រកឃើញថា ការប្រើប្រាស់​ថ្នាំ Botox អាច​ទប់ស្កាត់​ការបញ្ជូន​សញ្ញា​ទៅ​ក្រពះ ដើម្បី​កុំឲ្យ​វា​មាន​ការលូតលាស់​មហា​រីក​ក្នុង​ក្រពះ​បាន​។ ថ្នាំ​ប្រភេទ​នេះ​គឺជា Neurotoxin ដ៏​ខ្លាំងក្លា​មួយ​ប្រភេទ​ដែល​អាច​ទប់ស្កាត់​ការបញ្ជូន​សញ្ញា​ក្នុង​សរសៃប្រសាទ​បាន​។ 

​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​កណ្តុរ​ដែល​ត្រូវបាន​គេ​កែប្រែ​ហ្សែ​ន​ឲ្យ​កើត​ជា​ជំងឺ​មហារីកក្រពះ​នៅពេល​វា​អាយុ​កាន់តែច្រើន​។ ពួកគេ​បាន​រកឃើញថា កណ្តុរ​ដែល​ព្យាបាល​ដោយ​ការចាក់​បញ្ចូល​ថ្នាំ Botox គឺ​មាន​អត្រា​នៃ​ការ​មាន​ជីវិត​រស់​ល្អ​ជាង​មុន ដោយសារ​តែ​មហារីក​មាន​ការ​រាលដាល​ក្នុង​កម្រិត​ទាប ឬ​អាច​បង្ការ​កុំឲ្យ​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​បាន​។ 

​ការ​កាត់​សរសៃប្រសាទ​ដែល​បញ្ជារ​នៅ​ក្រពះ​ក្នុងពេល​វះកាត់ ឬ​ហៅ​ថា Vagotomy គឺ​មាន​ឥទ្ធិពល​ដូចគ្នា​អញ្ចឹង​។ នៅក្នុង​សត្វ​កណ្តុរ​ដែលមាន​មហារីកក្រពះ​រួចហើយ ការចាក់​ថ្នាំ Botox បាន​បន្ថយ​ការលូតលាស់​មហារីក និង​ពង្រឹង​ដល់​អត្រា​នៃ​ការ​មាន​ជីវិត​នៅពេល​ប្រើ​ជាមួយគ្នា​នឹង​ថ្នាំ​មហារីក​។ 

​យ៉ាងណាមិញ វា​គួរតែ​មាន​ការសិក្សា​បន្ថែ​ម​ទៀត​ទៅលើ​មនុស្ស​ម្តង​ដើម្បី​កំណត់​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​វិធីសាស្ត្រ​មួយ​នេះ​ព្យាបាល​ជំងឺ​ហា​រីក ហើយ​ក៏​ចង់​ដឹង​ថា​តើ​វា​មាន​ប្រសិទ្ធភាព​ព្យាបាល​ឬ​អត់​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មករា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play