សុខភាពស្ដ្រី

​ញ៉ាំ​អាហារ​ពេលព្រឹក​ច្រើនៗ​អាច​បង្កើន​ភាព​មាន​ផ្ទៃពោះ​របស់​ស្ត្រី​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ច្រើនៗ​អាច​ជួយ​ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​ច្រើនៗ​នៅពេល​ព្រឹង ប្រហែល​ជា​ជួយ​បំបាត់​បញ្ហា​នៃ​ចង្កោម​រោគសញ្ញា​ជំងឺ​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ជាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​នៅ​ពេល​ល្ងាច​។ ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូវ៉ែ​គឺជា​មូលហេតុដ៏​ចំបង​មួយ​នៃ​ការ​មិន​អាច​មាន​កូន​បាន​។​

​មូលហេតុ​នៅ​ពីក្រោយ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ​មាន​ជាប់​ទាក់ទង​នឹង​អតុល្យភាព​អ័រម៉ូន​ដែល​នាំ​ឲ្យ​បាត់​រដូវ ឬ​ខកខាន​ការ​មក​រដូវ ដែល​វា​អាច​ធ្វើឲ្យ​ស្ត្រី​ពិបាក​នឹង​ការ​មាន​ផ្ទៃពោះ​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ​ក៏​ត្រូវបាន​គេ​រកឃើញ​ថា មាន​ភាពមិនធម្មតា​នៃ​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​ឈាម ឬ​អាំង​ស៊ុយ​លីន​មិន​អាច​ធ្វើការ​តាម​ធម្មតា​របស់​វា​បាន​។ បន្ទាប់មក វា​ក៏​នាំ​ឲ្យ​កើនឡើង​នៃ​អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូនក្នុង​ឈាម​ទៀត ដែល​អាច​រំខាន​ដល់​វដ្ត​រដូវ​របស់​ស្ត្រី​។ 

​ការបន្ថយ​ចំនួន​អាំង​ស៊ុយ​លីន​ជាមួយនឹង​ការ​ស្រក​ទម្ងន់ ឬ​ការ​លេបថ្នាំ​ប្រហែលជា​អាច​ជួយ​ពង្រឹង​ដល់​ភាព​មាន​ផ្ទៃពោះ​វិញ​បាន ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ស្ត្រី​មាន​រាង​ស្គម​ឡើយ​។ ដូច្នេះ អ្នកស្រាវជ្រាវ​ចង់​ដឹង​ថា​តើ ការ​ញ៉ាំ​អាហារ​តាម​ពេលវេលា​អាច​ជួយ​គ្រប់គ្រង​អាំង​ស៊ុយ​លីន​លើ​ស្ត្រី​មាន​ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​បាន​ល្អ​ជាង​ឬ​អត់​។ 

​អ្នកស្រាវជ្រាវ​បាន​សុំ​ឲ្យ​ស្ត្រី​មាន​រាង​ស្គម​ប្រមាណ ៦០​នាក់​ដែល​មាន​ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ញ៉ាំ​អាហារ ១៨០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ​រយៈពេល ១២​សប្តាហ៍​។ ស្ត្រី​មួយ​ក្រុម​ត្រូវបាន​គេ​សុំ​ឲ្យ​ញ៉ាំ​អាហារ​ភាគច្រើន​នៅ​ពេល​ព្រឹក និង​មួយ​ក្រុម​ផ្សេង​ទៀត​ញ៉ាំ​អាហារ​ភាគច្រើន​នៅពេល​យប់​។ នៅ​ចុងបញ្ចប់​នៃ​ការសិក្សា ពាក់កណ្តាល​នៃ​ស្ត្រី​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​ព្រឹក​មាន​ការ​ជ្រុះ​អូ​វ៉ុល​យ៉ាងហោច​ណាស់​ម្តង ខណៈពេល​ដែល​ក្រុម​ញ៉ាំ​អាហារ​ពេលយប់​មាន​តែ​មួយ​ភាគ​ប្រាំ​ប៉ុណ្ណោះ​ដែល​មាន​ការធូរស្រាល​លើ​ភាព​មាន​ផ្ទៃពោះ​ឡើងវិញ​។ 

​ថ្វី​បើ​លទ្ធផល​នៃ​ការសិក្សា​ទាំងនេះ​កំពុង​តែ​លើកទឹកចិត្ត​ច្រើន​ក៏​ដោយ តែ​ការសិក្សា​នេះ​វា​ម​លក្ខណៈ​តូច ហើយ​លទ្ធផល​ឈាម​ប្រាប់ថា មាន​ការធូរស្រាល​នៃ​ភាព​មាន​ផ្ទៃពោះ​សម្រាប់​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​មែន​តែ​យើង​មិនដឹង​ថា​ស្ត្រី​ទាំងនោះ​មានឱកាស​បែបណា​លើ​ការ​មាន​ផ្ទៃពោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play