សុខភាពស្ដ្រី

ថ្នាំ​ព្យាបាល​អ័រម៉ូន​អាច​ប្រឆាំង​ការបាក់​ទឹកចិត្ត​លើ​ស្ត្រី​រ៉ាំ​ង​រដូវ​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mirror បានឲ្យដឹងថា ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​អាច​បង្ការ​ការបាក់​ទឹកចិត្ត​លើ​ស្ត្រី​ដែល​កំពុងតែ​រ៉ាំ​ង​រដូវ​បាន​។ អ្នកស្រាវជ្រាវ​ក្នុង​ប្រទេស​អាមេរិក​បាន​រកឃើញថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​ព្យាបាល​ដោយ​អ័រម៉ូន​រយៈពេល​មួយ​ឆ្នាំ​ទំនងជា​មិន​សូវ​ចេញ​ជា​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​ក្នុងពេល​ពួកគេ​មក​រដូវ​ដូច​ស្ត្រី​ដែល​ប្រើ​ថ្នាំ Placebo ទេ​។ 

​ស្ត្រី​ដែល​ឆ្លងកាត់​ការ​រ៉ាំ​ង​រដូវ​គឺ​ប្រឈម​ខ្ពស់​នឹង​ការបាក់​ទឹកចិត្ត​។ តាម​ការសិក្សា​ដ៏​តូច​ពី​ពេលមុនៗ​បានបង្ហាញ​ថា ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​អាច​ជួយ​ព្យាបាល​ការបាក់​ទឹកចិត្ត​លើ​ស្ត្រី​ដែល​កំពុង​តែ​រ៉ាំ​ង​រដូវ​បាន​។ ការសិក្សា​នេះ​មាន​ការចូលរួម​ពី​ស្ត្រី​ចំនួន ១៧២​នាក់ អាយុ​ចាប់ពី ៤៥ ទៅ​៦០​ឆ្នាំ ហើយក៏​ជា​អ្នក​ដែល​ត្រូវបាន​គេ​រកឃើញ​ថា ថ្នាំ​ព្យាបាល​ដោយ​អ័រម៉ូន​អាចជួយ​បង្ការ​ការបាក់​ទឹកចិត្ត​កុំឲ្យ​កើត​ឡើង​បាន​ដែរ​។  

​ពាក់កណ្តាល​នៃ​ស្ត្រី​ដែល​កំពុងតែ​ស្ថិត​ក្នុង​ការសិក្សា​នេះ​ត្រូវបាន​គេ​ឲ្យប្រើ​ថ្នាំ​ព្យាបាល​ដោយ​អ័រម៉ូន និង​ពាក់កណ្តាល​ទៀត​លេបថ្នាំ​ប្រភេទ Placebo​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ៣២.៣​ភាគរយ​នៃ​ស្ត្រី​ដែល​លេបថ្នាំ Placebo មាន​អត្រា​នៃ​រោគ​សញ្ញា​ជំងឺ​បាក់​ទឹកចិត្ត​ខ្ពស់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នៃ​ការសិក្សា ខណៈពេលដែល ១៧.៣ ភាគរយ​នៃ​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ព្យាបាល​ដោយ​អ័រម៉ូន​មាន​រោគសញ្ញា​បាក់​ទឹកចិត្ត​ក្នុង​អត្រា​ដូចគ្នា​ដែរ​។ 

​បើសិនជា​ការ​សិក្សា​អាច​ធ្វើឡើង​ម្តងទៀត​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​នេះ ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​អាច​ជា​ជម្រើស​មួយ​សម្រាប់​បង្ការ​ការបាក់ទឹក​ចិត្តលើស្ត្រី​រ៉ាំងរដូវ​បានហើយ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ប្រហែល​ជា​ជួយ​សម្រួល​ដល់​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ដែល​វា​ជាប់​ទាក់ទង​នឹង​ការបាក់​ទឹកចិត្ត​នេះ​តែម្តង​។ 

​ស្ត្រី​ដែល​កំពុងតែ​ប្រើ​វិធី​ព្យាបាល​ដោយ​ថ្នាំ​អ័រម៉ូន​ទំនងជា​អាច​មាន​ការឡើង​កន្ទួល ឬ​ធ្លាក់​ឈាម​មធ្យម​ទៅ​ធ្ងន់ធ្ងរ​តាម​ទ្វារមាស​។ ដូច្នេះ​ហើយ​វា អាច​ជា​កត្តា​មួយ​ដែល​ស្ត្រី​មួយចំនួន​មិន​សម្រេច​ចិត្ត​ប្រើ​វិធី​ព្យាបាល​ដោយ​អ័រម៉ូន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play