ជំងឺទូទៅ

ប៉េងប៉ោះ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្លឹង​ផង​!!!

​ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយ​ឈ្មោះថា Lycopene ដែល​វា​ជា​អ្នកផ្តល់​ពណ៌​ក្រហម​ស្រស់​ដល់​ផ្លែ​មួយ​នេះ ហើយ​ក៏​ជួយ​ការពារ​ផ្លែ​របស់​វា​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​ដែរ​។ ដូចគ្នានេះដែរ វា​អាច​ជួយ​ការពារ​កោសិកា​រាងកាយ​អ្នក​ពី​ការខូចខាត​បានដែរ​។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ជាតិ​ប៉ូ​តា​ស្យូម វីតាមីន B និង E និង​ជីវជាតិ​ផ្សេងៗ​ទៀត​ដែរ​។ 

​ប្រព័ន្ធ​ភាពស៊ាំ​
​សារធាតុ Lycopene គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំង​នឹង​ការ​ម៉ូលេគុល​រ៉ាឌីកាល​សេរី​បាន ដែល​ម៉ូលេគុល​មួយ​នេះ​អាច​បំផ្លាញ​ដល់​កោសិកា និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ថែម​ទៀត​។ ដោយសារតែ​រឿង​នេះ​ហើយ អាហារ​ដែល​មាន​សារធាតុ Lycopene ខ្ពស់​ដូច​ជា​ប៉េង​ប៉ោះ ប្រហែល​ជា​ធ្វើឲ្យ​អ្នក​មិន​សូវ​ជា​មាន​ជំងឺមហារីក​សួត ក្រពះ ឬ​ក្រពេញប្រូ​ស្តា​តឡើយ​។ ការស្រាវជ្រាវ​ខ្លះ​បង្ហាញថា វា​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ជា​ច្រើន​ទៀត​ដែរ​។ 

​បេះដូង 
​សារធាតុ Lycopene ក៏​ប្រហែលជា​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ព្រម​ទាំង​សម្ពាធ​ឈាម​ផង​ដែរ​។ កាលណា​រឿង​ទាំងពីរ​នេះ​ថយចុះ វា​នឹង​ល្អ​ចំពោះ​សុខភាព​បេះដូង​។ ជីវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ប៉េងប៉ោះ​ដូចជា​វីតាមីន B និង E ក៏​ប្រហែលជា​ជួយ​បង្កើន​សុខភាព​បេះដូង​ដែរ​។ 

​ភ្នែក​
​ប៉េងប៉ោះ​មាន​សារធាតុ​ជាច្រើន​ទៀត​ដូចជា Lutein និង Zeaxanthin ដែល​អាច​ជួយ​ការពារ​ភ្នែក​ពី​ពន្លឺ​ពណ៌​ខៀវ​ចេញពី​ឧបករណ៍​ឌីជីថល​បាន​ដូច​ជា ទូរស័ព្ទ​ឆ្លាត​វៃ និង​កុំព្យូទ័រ​ជាដើម​។​

​សួត​
​ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា ប៉េងប៉ោះ​ប្រហែលជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​មាន​ជំងឺហឺត និង​ជួយ​បង្ការ​ជំងឺ​ខ្យល់​ក្នុង​ទងសួត​ទៀតផង​។  រឿង​នេះ​អាច​ដោយសារតែ​សារធាតុ Lycopene, Lutein, និង Zeaxanthin​។ 

​សរសៃឈាម​
​ការ​ដែល​ញ៉ាំ​ប៉េងប៉ោះ​កាន់តែច្រើន​ពី​របប​អាហារ​ប្រហែល​ជា​ធ្វើឲ្យ​អ្នក​មិន​សូវ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ​។ ការសិក្សា​បាន​បញ្ជាក់ថា វា​ប្រហែលជា​ជួយ​លុបបំបាត់​ការ​រលាក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ការពារ​កុំឲ្យ​មាន​កំណ​កឈាម ដែល​វា​សុទ្ធសឹងតែ​ជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ទាំងអស់​។ 

​សុខភាព​មាត់​
​ការសិក្សា​បាន​បង្ហាញថា សារធាតុ Lycopene ប្រហែល​ជា​ជួយ​ដល់​ជំងឺ​អញ្ចាញ​ធ្មេញ រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​ធ្មេញ ដូចគ្នា​នឹង​ការបង្ការ​ជំងឺមហារីក​ដែរ​។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ប៉េងប៉ោះ​ឆៅ​ច្រើន​អាច​បំផ្លាញ​ដល់​ស្រទាប់​ការពារ​ធ្មេញ​បាន​។ 

​ស្បែក​
​អ្នក​ស្គាល់​ហើយ​ថា មួក និង​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ​អាច​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បាន​។ មែន​ហើយ​សារធាតុ Lycopene ក្នុង​ប៉េងប៉ោះ​ប្រហែល​ជា​ធ្វើការ​ដូច​គ្នា​អញ្ចឹង​ដែរ​។ ប៉ុន្តែ​មិន​បាច់​យក​វា​មក​លាប​ស្បែក​ទេ គឺ​វា​ជួយ​កោសិកា​ពី​ខាងក្នុង​ទៅវិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play