សុខភាពស្ដ្រី

តើ​ខ្ញុំ​អាច​បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​បានទេ​?

​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​ប្រមាណ ៩​នាក់​ក្នុងចំណោម ១០០​នាក់​នឹង​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​។ វា​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន​។ 

​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ កោសិកា​របស់​អ្នកនឹង​មិនសូវ​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​ទេ​។ រឿង​នេះ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​បាន​។ កាលណា​មាន​ជាតិ​ស្ករ​ច្រើន​អាច​ជួយ​បង្កើត​នូវ​ជីវជាតិ​កាន់តែ​ច្រើន​ដល់​ទា​រកបាន​។ ប៉ុន្តែ​បើសិនជា​កោសិកា​អ្នក​មិន​អាច​ទទួលយក​អាំង​ស៊ុយ​លីន​បាន នោះ​ជាតិ​ស្ករ​ក៏​មិន​អាច​ប្រើប្រាស់​បាន​ដែរ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់​។ វា​អាច​ធ្វើឲ្យមាន​បញ្ហា​ច្រើន​ទាំង​អ្នក និង​កូន​ក្នុង​ផ្ទៃ​។ 

​តើ​នរណា​អាច​កើត​មាន​ជំងឺ​នេះ​ខ្លះ​?
​គ្មាន​នរណា​ម្នាក់​អាច​និយាយ​ឲ្យ​ច្បាស់​ថា តើ​នរណា​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ ប៉ុន្តែ​ឱកាស​អ្នក​អាច​នឹង​ឡើង​ខ្ពស់​បើសិន​ជា​អ្នក​ជា​៖
•​    ​ធាត់​ជ្រុល​មុនពេល​មាន​ផ្ទៃពោះ​
•​    ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ស្រាប់​
•​    ​អាយុ​ចាប់ពី ២៥​ឆ្នាំ​ឡើង​ទៅ​
•​    ​ធ្លាប់​មាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​កាលពី​ពេលមុន​
•​    ​ពរ​ពោះ​កូន​ដែល​ធំ​ពេក ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ​
•​    ​មាន​ភាព​មិន​ធម្មតា​ទៅ​លើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ពី​មុន​មក​

​របប​អាហារ​
​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​អាច​ជួយ​អ្នក​ជ្រើសរើស​អាហារ​ដែល​អាច​ថែរក្សា​ជាតិ​ស្ករ​ក្នុងឈាម​ជាមួយនឹង​ការ​មាន​សុខភាព​ល្អ​បាន​។ ពួកគេ​ក៏​អាច​បង្រៀន​អ្នក​លើ​ការជ្រើសរើស​ពេលវេលា​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​ទៀត​ដែរ​។ ជាទូទៅ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម និង​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​។ 

​ចូរ​បញ្ចូល​អាហារ​មាន​ជាតិ​សរសៃ​ញ៉ាំ​ឲ្យបាន​ច្រើន​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ជាដើម​។ ការសិក្សា​ដ៏​ធំ​មួយ​បាន​ពិនិត្យ​ទៅលើ​របប​អាហារ​របស់​ស្ត្រី​មុន​ពេល​ពួកគេ​មាន​ផ្ទៃពោះ​។ ជា​រៀងរាល់ថ្ងៃ ពួកគេ​បាន​បង្កើន​ការ​ញ៉ាំ​ជាតិ​សរសៃ ១០​ក្រាម ហើយ​ឃើញ​ថា​មាន​ការថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​រហូតដល់ ២៦​ភាគរយ​។ លើសពីនេះទៅទៀត ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការជួយ​ឲ្យដល់​តម្រូវការ​ញ៉ាំ​ជាតិ​សរ​សៃ​ផងដែរ​។ 

​សកម្មភាព​
​ការ​ហាត់ប្រាណ​ទៀងទាត់ អាច​ជួយ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​មាន​សុខភាព​ល្អ​បាន​។ ការដើរ និង​ហែល​ទឹក​គឺជា​ជម្រើស​ដ៏​ល្អ​។ ការសិក្សា​មួយ​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ភាព​សកម្ម​ខាង​រាងកាយ​មុនពេល និង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ប្រហែល ៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​ប្រហែល ៧០​ភាគរយ ឬ​ច្រើន​ជាង​នេះ​ទៅទៀត​។ 

​ក្រោយ​ពី​សម្រាលកូន​រួច​
​កត្តា​ប្រឈមមុខ​ដូច​គ្នា​មួយ​ចំនួន​ដែល​ធ្វើឲ្យ​អ្នករងគ្រោះ​ថ្នាក់​ក្នុង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​នោះ​ក៏​ធ្វើឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​នៅ​ថ្ងៃក្រោយ​ដែរ​។ ហើយ​បើសិនជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ក្រោយ​ពី​មាន​ផ្ទៃពោះ​រួច​នឹង​កើនឡើង​ជា​មិន​ខាន​។ 

​ក្រោយ​ពី​សម្រាលកូន​រួច យក​ល្អ​គួរតែ​មាន​របប​អាហារ​ផ្តល់​សុខភាព និង​រៀប​គម្រោង​ហាត់ប្រាណ​ផង​។ ការ​ដែល​មាន​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ​នឹង​ជួយ​បន្ថយ​ការប្រឈមមុខ​របស់​អ្នក​បាន​។ ប៉ុន្តែ​អ្នក​មិនគួរណា​បារម្ភ​អំពី​ការចុះ​ស្គម​ភ្លាមៗ​ពេក​ឡើយ​។ នៅ​ពេល​អ្នក​ធាត់ ការ​ស្រក​ទម្ងន់​ត្រឹម ៥ ទៅ​៧​ភាគរយ​នៃ​ទម្ងន់​ខ្លួន គឺ​គ្រប់គ្រាន់​នឹង​បង្កើត​ភាពខុស​គ្នា​ដល់​សុខភាព​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play