ជំងឺមហារីក

ចង់​បង្ការ​ជំងឺមហារីក តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះទៅ​?

​អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ច្រើន​ហើយ​អំពី​សារៈសំខាន់​នៃ​ការកាត់បន្ថយ​ការ​ប្រឈម​ជំងឺមហារីក ប៉ុន្តែ​អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ចំពោះ​រឿង​នេះ​។ យ៉ាងណាមិញ វា​មិន​មាន​មធ្យោបាយ​ណាមួយ​ដែល​មាន​ការបញ្ជាក់​ច្បាស់លាស់​ថា អាច​បង្ការ​ជំងឺមហារីក​បាន ១០០​ភាគរយ​នោះ​ទេ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​ការពិនិត្យ​សុខភាព​បាន​ត្រឹមត្រូវ​អាច​បន្ថយ​ឱកាស​កើត​ជំងឺ​បាន​។ 

​តេស្ត​ដែល​អាច​ពិនិត្យ​រក​ជំងឺមហារីក​បាន​
​សម្រាប់​ជំងឺមហារីក​មួយចំនួន ការ​ធ្វើ​តេស្ត​ជាច្រើន​អាច​រក​ឃើញ​វា​បាន​នៅពេល​ដែល​វា​ស្ថិតក្នុង​សភាព​ត្រៀម​មហារីក ឬ​មុនពេល​រាលដាល​ទៅ​កន្លែង​ផ្សេង​។ ឧទាហរណ៍ ជំងឺមហារីក​ពោះធំ ច្រើន​តែ​ចាប់ផ្តើម​លូតលាស់​ក្នុង​ពោះវៀន​ជា​លក្ខណៈ​ប៉ូ​លី​ព​។ ដូច្នេះ​ការ​ធ្វើ​តេស្ត​ដោយ​ការឆ្លុះ​ពោះវៀន អាច​កំណត់​ដឹង​អំពី​ទីតាំង​របស់​វា​បាន​។ ចំណែកឯ​ការ​ធ្វើតេស្ត​ឈាម​បែប Fecal Occult Blood Test (FOBT) ជា​ការពិនិត្យ​រក​មើល​វត្ត​មាន​ឈាម​ក្នុង​លាមក ដែល​អាច​ជា​សញ្ញា​មួយ​របស់​មហារីក ឬ​ដុំ​សាច់​ប៉ូ​លី​ព​ដែរ​។ ការ​ធ្វើ​តេស្ត​រកមើល​វីរុស​មហារីក Pap Tests អាច​ប្រើ​ដើម្បី​រក​ជំងឺមហារីក​ដែល​បង្កឡើង​ដោយ​វីរុស Human Papillomavirus បាន​។ 

​ការចាក់​វ៉ាក់សាំង​
​ដើម្បី​បន្ថយ​ការកើត​ជំងឺមហារីក​មួយចំនួន អ្នក​អាច​ប្រើ​វិធី​ចាក់​វ៉ាក់សាំង​បាន​។ ឧទាហរណ៍ វ៉ាក់សាំង Human Papillomavirus (HPV) ប្រហែលជា​អាច​បង្ការ​ជំងឺមហារីក​មាត់ស្បូន ទ្វា​រមាស បបេរ​ទ្វារមាស និង​រន្ធ​គូថ​ផង​។ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ក៏​ប្រហែលជា​អាច​បន្ថយ​ការកើត​ជំងឺមហារីក​ថ្លើម​ដែរ​។ 

​ការវះកាត់​
​ស្ត្រី​មួយ​ចំនួន​ដែល​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​សុដន់​គឺ​ជ្រើសរើស​ការ​កាត់​សុដន់​ម្ខាង ឬ​ទាំង​សងខាង​ចោល​ដើម្បី​បង្ការ​កុំឲ្យ​ជំងឺ​នេះ​កើតឡើង​តែ​ម្តង​។ 

​កុំ​ជក់បារី​
​ការជក់បារី​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​សួត​យ៉ាង​ច្បាស់លាស់​។ វា​ក៏​អាច​បង្កើន​ឱកាស​កើត​ជំ​ង​មហារីក​ក្បាល និង​ករ បំពង់​លើ​ក្រពះ ប្លោកនោម តម្រង​នោម ថ្លើម លំពែង មាត់ស្បូន ពោះវៀន​ធំ និង​មហារីក​គ្រាប់​ឈាមស​ផងដែរ​។ 

​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពន្លឺព្រះអាទិត្យ​
​អ្នក​អាច​លុ​បំបាត់ការ​ប្រឈម​នឹង​មហារីក​ស្បែក​បាន​បើសិនជា​អ្នក​កាត់បន្ថយ​ការប៉ះពាល់​ជាមួយនឹង​កាំរស្មី​ពន្លឺព្រះអាទិត្យ តាមរយៈ​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​
•​    ​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែលមាន SPF ៣០ ទៅ ៥០
•​    ​នៅ​កន្លែង​ម្លប់​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​
•​    ​ពាក់​សម្លៀក​បំពាក់​ដែល​គ្រប​ដៃ និង​ជើង​ជិតៗ​
•​    ​ពាក់មួក និង​វែន​តាខ្មៅ​
•​    ​ចៀសវាង​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅពេល​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​បំផុត​នៅ​ចន្លោះ​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៤​រសៀល​។ 

​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​
​ការ​ធាត់​ជ្រុល​ធ្វើឲ្យ​កើត​ជា​ជំងឺ​មហារី​ក​សុដន់ និង​មហារីក​ស្បូន​បាន ដូច្នេះ​ការគ្រប់គ្រង​ទម្ងន់​គឺជា​រឿង​សំខាន់​ណាស់​។ ការ​ធាត់​ជ្រុល​ក៏​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀន បំពង់​លើ​ក្រពះ តម្រង​នោម និង​លំពែង​ផងដែរ​។ 

ញ៉ាំ​អាហារ​ឲ្យបាន​ត្រឹមត្រូវ​
​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​បាន​ច្រើន​ហើយ ព្រោះ​វា​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​បាន​។ ចូរ​ជ្រើសរើស​អាហា​រណា​ដែល​មាន​សារធាតុ Beta-carotene, Lycopene, និង vitamin A, C និង​E ព្រោះ​វា​ជា​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ការពា​រអ្នក​ពី​ជំងឺមហារីក​បាន​យ៉ាង​ល្អ​។ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ជាពិសេស​សាច់​កៃ​ឆ្នៃ​។​

​ហាត់ប្រាណ​
​កាលណា​អ្នក​ហាត់ប្រាណ​កាន់តែច្រើន កាន់តែ​ល្អ ព្រោះ​វា​អាច​បន្ថយ​ការកើត​ជំងឺមហារីក​សុដន់ ពោះវៀន​ធំ ស្បូន ក្រពេញប្រូ​ស្តាត និង​មហារីក​ផ្សេងៗ​ទៀត​។ ការ​ហែល​ទឹក ការរត់​យឺតៗ ការដើរ ឬអ្វី​ដែល​មាន​ចលនា​រាងកាយ​សុទ្ធតែ​មាន​ប្រយោជន៍​ទាំងអស់​។ ចូរ​កំណត់​គោលដៅ​ឲ្យបាន ១៥០​នាទី​ឡើង​ទៅ​ជា​រៀង​រាល់​សប្តាហ៍​។​

​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
​គេ​ធ្លាប់​ដឹង​រួចហើយ​ថា គ្រឿង​ស្រវឹង​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​មហារីក​មាត់ បំពង់​សម្លេង បំពង់ករ ថ្លើម សុដន់ និង​ពោះវៀនធំ​។ អ្នក​មិន​បាច់​ចៀសវាង​វា​បាន​ម្តង​ទាំង​អស់​ឡើយ​។ យក​ល្អ​គួរ​អ្នក​អាច​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តង​ក្នុង​មួយ​ថ្ងៃ​បើ​សិន​ជា​មនុស្ស​ស្រី ខណៈពេល​បុរស​អាច​ញ៉ាំ​បាន​ពីរ​ដង​ក្នុង​មួយថ្ងៃ​។ 

​សរុបមក អ្វី​ដែល​និយាយ​ខាងលើ​នេះ​សុទ្ធតែ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន ប៉ុន្តែ​វា​មិន​ត្រូវបាន​គេ​ធានា ១០០​ភាគរយ​ឡើយ​។ ដូច្នេះ​យើង​ក៏​មិន​មាន​មធ្យោបាយ​ណា​ដែល​អាច​បង្ការ​ជំងឺមហារីក​បាន​ពេញលេញ​រហូតដល់ ១០០​ភាគរយ​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play