ជំងឺមហារីក

មហារីក​សុដន់​រាល់ដាល​មានន័យ​ដូច​ម្តេចទៅ​?

​ជំងឺមហារីក​រាលដាល​មានន័យ​ថា ជា​ជំងឺ​មហារីក​ដែល​រាលដាល​ចេញពី​សុដន់​ទៅ​ឆ្អឹង សួត ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ មិន​ខ្វល់​ថា​វា​រាលដាល​ទៅ​កន្លែង​ណា​ឡើយ វា​នៅតែ​ត្រូវបាន​គេ​ហៅថា​ជា​ជំងឺមហារីក​សុដន់​ទាំងអស់​។ ឧទាហរណ៍ ជំងឺមហារីក​ដែល​បាន​រាលដាល​ទៅ​សួត នៅ​តែ​ហៅ​ថា​មហារីក​សុដន់​ដដែល ហើយក៏​មិន​ត្រូវបាន​គេ​ហៅថា​មហារីក​សួត​ទេ ហើយ​ការព្យាបាល​គឺ​នៅតែ​ធ្វើ​ដូចជា​ជំងឺមហារីក​សុដន់​ដែរ​។ ពេលខ្លះ​គ្រូពេទ្យ​ប្រើប្រាស់​ពាក្យ​ថា ជំងឺមហារីក​សុដន់​ដំណាក់កាល​ចុងក្រោយ ឬ​ដំណាក់កាល​ទី​បួន ដើម្បី​ពិពណ៌នា​អំពី​ភាព​រាលដាល​នៃ​ជំងឺមហារីក​មួយ​នេះ​។ ជំងឺមហារីក​សុដន់​ដំណាក់កាល​ចុងក្រោយ​គឺ​មិន​អាច​ព្យាបាល​ជា​ទេ តែ​អាច​ព្យាបាល​បាន​។ មាន​ការព្យាបាល​ខុសៗ​គ្នា​ច្រើន​ណាស់​ដែល​អាច​បន្ថយលក្ខណៈ​របស់​វា បន្ថយ​ការឈឺចាប់ និង​រោគសញ្ញា និង​ជួយ​ឲ្យ​រស់​បាន​យូរ​។ 

​មាន​ស្ត្រី​ប្រមាណ ៦ ទៅ​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​កើត​ជំងឺមហារីក​សុដន់ ហើយ​រកឃើញ​ដំបូង​នៅក្នុង​ដំណាក់កាល​ទី​បួន​នេះ​។ ប្រហែល ២០ ទៅ​៣០​ភាគរយ​នៃ​ស្ត្រី​ទាំងអស់​ដែល​មាន​ជំងឺ​មហារីក​សុដន់​ត្រូវបាន​គេ​រកឃើញ​ក្នុងដំណាក់កាល​ដំបូង ហើយ​ទៅ​ជា​រាលដាល​។ 

​របៀប​ដែល​មហារីក​សុដន់​រាលដាល​
​កោសិកា​មហារីក​អាច​ធ្វើដំណើរ​ចេញពី​សុដន់​ទៅ​សរីរាង្គ​ផ្សេងៗ​ទៀត​តាមរយៈ​ប្រព័ន្ធ​ទឹករងៃ ឬ​ចរន្តឈាម​។ ជាធម្មតា មហារីក​សុដន់​រាលដាល​នៅពេល​ដែល​វា​ចូលទៅ​ក្នុង​កូនកណ្តុរ​នៅក្រោម​ឃ្លៀក​។ នៅ​ទីនោះ វា​នឹង​ចូល​ដល់​ប្រព័ន្ធ​ទឹករងៃ​ដែល​ជា​បណ្តុំ​នៃ​កូនកណ្តុរ និង​សរសៃឈាម​ដែល​ជា​ផ្នែក​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​។ នៅពេល​មហារីក​ទៅដល់​សរីរាង្គ​ផ្សេង​ហើយ វា​នឹង​បង្កើត​ជា​ដុំ​សាច់​មហារីក​ថ្មី​។ 

​ជំងឺមហារីក​សុដន់​រាលដាល​ក៏​អាច​ចាប់ផ្តើម​រយៈពេល​ច្រើន​ខែ ឬ​ឆ្នាំ​ដែរ​ក្រោយពី​អ្នក​បាន​បញ្ចប់​ការព្យាបាល​លើ​ករណី​មហារីក​ដំណាក់កាល​ដំបូងៗ​ដែរ​។ នេះ​ហៅថា​ឡា​ប់​។ 

​ការព្យាបាល​ដូចជា វះកាត់ បាញ់​កាំរស្មី និង​ប្រើ​ថ្នាំ​មហារីក​គឺជា​រឿង​ល្អ​ក្នុង​ការ​កំចាត់​ចោល ឬ​លុប​បំបាត់​កោសិកា​មហារីក​។ ប៉ុន្តែ​ពេលខ្លះ វា​អាច​បន្សល់​នូវ​កោសិកា​មហារីក​ពីរ​បី​ទៀត​ដែរ​។ ទោះបីជា​កោសិកា​មហារីក​តែ​មួយ​ក៏​អាច​លូតលាស់​ក្លាយទៅជា​ដុំ​សាច់​មហារីក​ថ្មី​ដែល​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដែរ​។ 

​កន្លែង​ដែល​មហារីក​សុដន់​ងាយ​នឹង​ទៅ​
​ជំងឺមហារីក​សុដន់​ច្រើន​តែ​រាលដាល​ទៅ​សរីរាង្គ​ដូចខាងក្រោម​នេះ​៖
​ឆ្អឹង​៖ មហារីក​សុដន់​នឹង​ធ្វើដំណើរ​ទៅ​ឆ្អឹង​តាមរយៈ​ចរន្ត​ឈាម​។ ឆ្អឹងជំនី ឆ្អឹង​កង​ខ្នង ឆ្អឹង​អាង​ត្រគាក និង​ឆ្អឹង​វែងៗ​របស់​ដៃ និង​ជើង​គឺជា​កន្លែង​ដែល​មហារីក​សុដន់​ចូលចិត្ត​ទៅ​បំផុត​។ ការឈឺចាប់​នៅ​ឆ្អឹង និង​ហើម​តឹង​គឺជា​សញ្ញា​ដែល​មហារីក​ស្ថិតនៅ​ក្នុង​ឆ្អឹង​។ កោសិកា​មហារីក​សុដន់​ក៏​អាច​ចូលទៅ​ក្នុង​ខួរឆ្អឹង​បានដែរ​។ 

​ថ្លើម​៖ កោសិកា​មហារីក​អាច​ចូលទៅ​ក្នុង​ថ្លើម​តាមរយៈ​ចរន្តឈាម ដោយសារ​តែ​ថ្លើម​គឺជា​កន្លែង​ច្រោះ​ឈាម​។​

​សួត​៖ សួត​គឺជា​កន្លែង​ញឹកញាប់​មួយទៀត​សម្រាប់​មហារីក​សុដន់​រាលដាល ដោយសារ​តែ​លំហូរ​ឈាម​ត្រូវ​ឆ្លង​ចូល​ទៅ​នេះ​ដើម្បី​ផ្លាស់ប្តូរ​អុកស៊ីសែន​។ 

​ខួរក្បាល​៖ ជំងឺមហារីក​សុដន់​គ្រប់​ប្រភេទ​អាច​រាលដាល​ទៅ​ខួរក្បាល​បាន ប៉ុន្តែ​ករណី​មហារីក HER2(+) និង Triple(-) ទំនង​ជា​រាលដាល​ទៅ​កន្លែង​នេះ​ជាង​គេ​។ សញ្ញា​នៃ​ជំងឺមហារីក​ក្នុង​ខួរក្បាល​មានដូចជា ឈឺក្បាល ប្រកាច់ ស្រវាំងភ្នែក និង​វិលមុខ​ជាដើម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play