សុខភាពស្ដ្រី

ស្ត្រី​ងាយ​នឹង​កើត​គ្រួស​ក្នុង​តម្រងនោម​ច្រើន​ជា​បុរស​

​យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា គ្រួស​ក្នុង​តម្រងនោម​កំពុងតែ​កើតឡើង​ជា​ញឹកញាប់​ណាស់​ហើយ ជាពិសេស​លើ​មនុស្ស​ស្រី​តែម្តង​។ បើ​តាម​អ្នកស្រាវជ្រាវ​មកពី Mayo Clinic បានឲ្យដឹងថា វិធីសាស្ត្រ​កំណត់​រោគវិនិច្ឆ័យ​កាន់តែ​ល្អ​អាច​ជា​ផ្នែក​មួយ​បញ្ជាក់ថា រឿង​នេះ​កើតឡើង​អញ្ចឹង​មែន​។ 

​តាមរយៈ​ការថត CT Scan បានឲ្យដឹងថា ឥឡូវនេះ យើង​កំពុងតែ​កំណត់​រោគវិនិច្ឆ័យ​រោគសញ្ញា​គ្រួស​ក្នុង​តម្រងនោម​ដែល​ពីមុនៗ​ធ្លាប់​តែ​រក​មិនឃើញ​ដោយសារ​តែ​វា​មិន​អាច​រកឃើញ​។ រឿង​នេះ​បានមកពី​កំណត់ត្រា​វេជ្ជសាស្ត្រ​លើ​មនុស្ស​ប្រមាណ ច្រើនជាង ៧២០០​នាក់​នៃ​តំបន់ Olmsted County, Minn ដែល​ពួកគេ​ត្រូវបាន​កំណត់​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ជា​លើកដំបូង​នៅ​ចន្លោះ​ឆ្នាំ ១៩៨៤ និង​២០១២​។ 

​អ្នកស្រាវជ្រាវ​បាន​រកឃ​៖​ញ​ថា ស្ត្រី​ជា​ពិសេស​អាយុ​ចាប់ពី ១៨ ទៅ​៣៩​ឆ្នាំ បានកើត​គ្រួស​ក្នុង​តម្រងនោម​ច្រើន​ជាង​បុរស​ទៅទៀត​។ ចំពោះ​ហេតុផល​វិញ អាច​ដោយសារ​តែ​ស្ត្រី​ងាយ​នឹង​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​រ៉ាំរ៉ៃ​។  គ្រួស​ក្នុង​ប្លោកនោម​មិនសូវ​កើត​មាន​ឡើយ​។ ប៉ុន្តែ​វា​ត្រូវបាន​គេ​រកឃើញ​ច្រើន​លើ​មនុស្ស​ប្រុស ដោយសារ​តែ​ការស្ទះ​ក្នុង​ក្រពេញប្រូ​ស្តាត​។ អ្នក​ដែល​ងាយ​នឹង​កើត​គ្រួស​ក្នុង​តម្រងនោម​គួរតែ​បង្កើត​នូវ​ការផ្លាស់ប្តូរ​របប​អាហារ​មួយ​ចំនួន​ដើម្បី​កុំឲ្យ​វា​កើត​ឡើង​ទៀត​។ វា​អាច​ជា​ការ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន បន្ថយ​ការ​ញ៉ាំ​ប្រៃ និង​ញ៉ាំ​សាច់​តិច​។ 

​អ្នកស្រាវជ្រាវ​បានកត់សម្គាល់​ឃើញ​ថា ការ​រក​ឃើញ​របស់​ពួកកេ​ប្រហែលជា​មិន​អាច​ប្រើលើ​មនុស្ស​គ្រប់​គ្នា​បានទេ ដោយសារ​តែ​អ្នក​ចូលរួម​សិក្សា​នេះ​គឺជា​ជនជាតិ​ស្បែក​ស​។ ជនជាតិ​ស្បែក​សគឺ​មានការ​ប្រឈម​នឹង​គ្រួស​ក្នុង​តម្រងនោម​ខ្ពស់​ជាង​ជនជាតិ​ដទៃ​។ អ្នកស្រាវជ្រាវ​បាន​បន្តទៀតថា វា​គួរតែ​មាន​ការសិក្សា​ទៅលើ​រឿងនេះ​ចំពោះ​ក្រុម​មនុស្ស​ផ្សេងៗ​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play