ជំងឺទូទៅ

វិធី​ងាយៗ​ដើម្បី​បំបាត់​ការឈឺ​ក្បាល​ដោយ​ខ្លួនឯង​

​សម្រាក​ក្នុង​បន្ទប់​ងងឹត និង​ស្ងាត់​
​ស្ត្រេ​ស​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ការឈឺ​ក្បាល​។ ការបំបាត់​អារម្មណ៍​តឹង​របស់​សាច់ដុំ​ប្រហែល​ជា​ជួយ​បន្ថយ​ការឈឺ​ក្បាល​បែប Tension Headache បាន ហើយ​វា​ក៏​ជា​ប្រភេទ​នៃ​ការឈឺ​ក្បាល​ដែល​កើតឡើង​ញឹកញាប់​បំផុត​ដែរ​។ បើសិន​ជា​អ្នក​មាន​អា​ការៈឈឺ​ក្បាល​បែបនេះ​មែន អ្នក​ប្រហែលជា​ងាយ​នឹង​ឈឺ​ក្បាល​ដោយសារ​តែ​ពន្លឺ និង​សម្លេង​ហើយ​។ ដូច្នេះ​ចូរ​សម្រាក ឬ​អង្គុយ​នៅក្នុង​បន្ទប់​ដែល​ងងឹត  និង​ស្ងាត់​។ ចូរ​បិទ​ភ្នែក ហើយ​ព្យាយាម​បន្ធូរ​សាច់ដុំ​នៅ​ខ្នង ក និង​ស្មា​ទៅ​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​
​រឿង​នេះ​ប្រហែលជា​ជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​បែប Tension Headache បាន តាមរយៈ​ការជួយ​ថ្នាំ​បំបាត់​ការឈឺចាប់​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ និង​លឿន​។ ហេតុដូច្នេះ​ហើយ​ទើប​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​ចំនួន​មាន​បញ្ចូល​ជាតិ​កាហ្វេ​អ៊ីន​ទៅ​ក្នុង​នោះ​ដែរ​។ 

​បន្ធូរ​អារម្មណ៍​
​ការហាត់​របៀប​ដកដង្ហើម​ជ្រៅៗ និង​តិច​និច​ស្រមើស្រមៃ​រូបភាព​ក្នុង​ផ្លូវ​អារម្មណ៍​ប្រហែលជា​ជួយ​បន្ថយ​ស្ត្រេ​ស និង​បំបាត់​ការឈឺ​ក្បាល​បាន​។ ចូរ​ដកដង្ហើម​ជ្រៅៗ​ឲ្យបាន​ច្រើន​ដង​។ ចូរ​ដកដង្ហើម​ចេញ​យឺតៗ បន្ធូរ​អារម្មណ៍​ដែល​កំពុង​តែ​តានតឹង និង​រឹង​ខ្លាំង ខណៈពេល​ដែល​អ្នក​ស្រមើស្រមៃ​ទៅលើ​រូបភាព​ដែល​ស្រស់ស្រាយ​ក្នុង​ចិត្ត​។ ចូរ​អោនក្បាល​ចុះ​ក្រោម​ឲ្យ​ចង្កា​ប៉ះ​ទ្រូង បន្ទាប់​មក​ធ្វើការ​បង្វិល​ក្បាល​ថ្នមៗ និង​តិចៗ​ជា​កន្លះរ​វ​ង្វ​ង់ ម្តង​ម្ខាងៗ​។ ចូរ​ដកដង្ហើម​ចូល​ជ្រៅៗ​ម្តងទៀត ហើយ​ដកដង្ហើម​ចេញមកក្រៅ​យឺតៗ​។ 

​ព្យាបាល​ការឈឺចាប់​ជាមួយ​ភាព​ក្តៅ ឬ​ត្រជាក់​
​ភាព​ក្តៅ និង​ត្រជាក់​ប្រហែល​ជា​ជួយ​បំបាត់​ការឈឺចាប់ និង​ភាព​តឹង​របស់​សាច់ដុំ​ដែល​កើត​ឡើង​ជាមួយ​នឹង​ការឈឺ​ក្បាល​បាន​។ អ្នក​អាច​បំបាត់​អាការៈ​នៃ​ការឈឺ​ក្បាល​ម្តង​ម្កាលបា​ន​បើសិនជា​បាន​ងូតទឹ​កក្តៅ ឬ​ដាក់​របស់​មាន​សំណើម​ក្តៅៗ​នៅ​កញ្ចឹងករ​។ ចូរ​ព្យាយាម​ស្អំ​ទឹ​កក្តៅ ឬ​កន្សែង​ក្តៅ​នៅ​កន្លែង​ដែល​កំពុងតែ​ឈឺ​។ បើសិនជា​ចង់​ស្អំ​ទឹកកក​វិញ អ្នក​អាច​ស្អំ​នៅ​ថ្ងាស សៀតថ្កា ឬ​ក៏​បាន​។ 

​ម៉ាស្សា​
​ការ​ម៉ាស្សា​អាច​ជួយ​បន្ធូរ​សាច់ដុំ​ដែល​កំពុង​តែ​តឹង​បាន ដូច្នេះ​វា​នឹង​ជួយ​បន្ថយ​ការឈឺ​ក្បាល​បែប​ស្ត្រេ​ស ឬ​Tension បាន​យ៉ាង​ល្អ​។ ចូរ​ឲ្យ​នរណា​ម្នាក់​ជួយ​ម៉ាស្សា​ថ្នមៗ​នៅលើ​ក្បាល ក និង​សាច់ដុំ​នៅ​ស្មា​។ ឬ​អ្នក​ក៏​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង​តិចៗ​បានដែរ​។ បន្ទាប់មក ចូរ​សម្រាក​ឲ្យបាន​ច្រើន​ទៅតាម​តម្រូវការ​។ 

​ហាត់ប្រាណ​ដើម្បី​បន្ថយ​ភាព​តានតឹង​
​ការ​ហាត់ប្រាណ​នៅ​កញ្ចឹងករ​ប្រហែលជា​ជួយ​បំបាត់​ការឈឺចាប់​ដោយសារតែ​ការឈឺ​ក្បាល​បែប Tension Headache បាន ជាពិសេស​ការឈឺ​ក្បាល​ដែល​បង្កឡើង​ដោយ​ការរក្សា​ជំហរ​ក្បាល​នៅ​មួយ​កន្លែង​យូរពេក​។ ចូរ​ប្រើ​បាតដៃ​ម្ខាង​សង្កត់​នៅលើ​ថ្ងាស និង​ដៃ​ម្ខាង​ទៀត​សង្កត់​នៅលើ​សាច់ដុំ​ករ ហើយ​ឈ្លី​ចុះឡើងៗ​ឲ្យបាន​ច្រើន​។ 

​ប្រើ​ថ្នាំ​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​
​ថ្នាំ​ប្រភេទ Acetaminophen, aspirin, ibuprofen និង Naproxen សុទ្ធ​តែ​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន​ទាំងអស់​។ ថ្នាំ​ដែល​ផ្សំ​ឡើង​ដោយ Acetaminophen, aspirine និង​កាហ្វេ​អ៊ី​ន ពេល​ខ្លះ​មាន​ប្រសិទ្ធភាព​ល្អ​ជាង​នៅ​ពេល​ប្រើ​តែ​មួយ​មុខៗ​។ ប៉ុន្ទែ​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺ​ក្បាល​គ្រប់​ប្រភេទ​លើស​ពី​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ប្រហែល​ជា​បង្ក​ជា​ការឈឺ​ក្បាល​ដោយសារ​តែ​លេបថ្នាំ​បានដែរ​។ 

​ពេល​ដែល​ទៅ​ជួប​ពេទ្យ​
​ចូរ​ធ្វើការ​ណាត់​ជាមួយ​គ្រូពេទ្យ​បើសិនជា​ការឈឺ​ក្បាល​របស់អ្នក​ឧស្សាហ៍​កើតឡើង ឬ​មាន​រយៈពេល​យូរ​ជាង​ពីរ​បី​ថ្ងៃ​។ ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិនជា​ការឈឺ​ក្បាល​អ្នក​ស្រាប់តែ​កើតឡើង​ភ្លាមៗ ឬ​ធ្ងន់ធ្ងរ ក្រោយពី​មាន​របួស​នៅ​ក្បាល ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ វា​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​ត្រូវ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិនជា​អ្នក​មាន​រោគសញ្ញា​ជាមួយគ្នា​នឹង​ការឈឺ​ក្បាល​ដូចជា ក្តៅខ្លួន រឹង​ករ ប្រកាច់ ស្ពឹក ភ្នែក​មើល​ឃើញ​ពីរៗ វិលមុខ ចង្អោ​ខ្លាំង ពិបាក​ដកដង្ហើម ឬ​វង្វេងវង្វាន់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play