សុខភាពស្ដ្រី

អ្វី​ដែល​អ្នក​គួរ​ដឹង​និង​បារម្ភ​ពេល​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​

​ការធ្លាក់​ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​កើតឡើង​ញឹកញាប់ ហើយ​វា​ច្រើន​តែ​ធ្វើឲ្យ​ស្ត្រី​ជា​ម្តាយ​បារម្ភ​ច្រើន​។ ស្ត្រី​អាច​នឹង​ឆ្ងល់​ថា តើ​គួរ​ធ្លាក់ឈាម​ច្រើន​ប៉ុណ្ណោះ​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា​។ ខណៈពេល​ដែល​ការ​ធ្លាក់ឈាម​ភ្លាមៗ​អាច​បញ្ជាក់​អំពី​វត្តមាន​នៃ​បញ្ហា​ធ្ងន់ធ្ងរ តែ​វា​មិនមែន​សុទ្ធតែ​អ៊ីចឹង​ឡើយ​។ តាមពិតទៅ ស្ត្រី​ប្រហែល ២០​ភាគរយ​ដែលមាន​ផ្ទៃពោះ​គឺ​ធ្លាប់​មាន​ការ​ធ្លាក់ឈាម​រឹមៗ​ក្នុង​ត្រីមាស​ដំបូង​។ ស្ត្រី​ភាគច្រើន​អាច​នឹង​មិន​មាន​ផលវិបាក​អ្វី​ទាំងអស់ ហើយ​សម្រាលកូន​មាន​សុខភាព​ល្អ​ទៀត​។ 

​អ្វី​ទៅ​ជា​ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក​របស់​កូន​?
​មូលហេតុ​ញឹកញាប់​មួយ​នៃ​ការ​ធ្លាក់ឈាម​ប្រហែលជា​កើតឡើង​មុនពេល​ស្ត្រី​ដឹងថា​ពួកគេ​មាន​ផ្ទៃពោះ​។ ស្ត្រី​ភាគច្រើន​ធ្លាក់​ឈាម​នៅ​ពេល​កូន​ដែល​បង្ក​កំណើត​នោះ​កាច់​សម្បុក​នៅក្នុង​ស្បូន​។ នេះ​ហៅថា​ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក​។ រឿង​នេះ​ឧស្សាហ៍​កើតឡើង​ណាស់​នៅពេល​ដែល​ជិត​ដល់​ថ្ងៃ​មក​រដូវ​បន្ទាប់​។ សញ្ញា​នៃ​ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក​គឺជា​ការ​ធ្លាក់ឈាម​រឹមៗ​នៅ​ជុំវិញ​ថ្ងៃ​ដែល​ត្រូវ​មក​រដូវ​បន្ទាប់​។ ប៉ុន្តែ​វា​មិន​កើត​ឡើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គ្នា​ឡើយ​។ 

​អ្វី​ទៅជា​មូលហេតុ​ញឹកញាប់​ផ្សេងៗ​ទៀត​នៃ​ការ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​?
​ការប្រែប្រួល​ក្នុង​មាត់ស្បូន​៖ ការផលិត​អ័រម៉ូន​ធម្មតា​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​ធ្វើឲ្យ​មាន​ការប្រែប្រួល​ដល់​មាត់ស្បូ​ន ដែល​ជាហេតុ​នាំ​ឲ្យ​វា​ងាយ​នឹង​ទន់​ជាង​មុន និង​ធ្លាក់ឈាម​បាន​។ ជាមួយគ្នានេះដែរ ការ​ដែល​មាន​ដុំ​ប៉ូ​លី​ប​នៅ​មាត់ស្បូន ក៏​អាច​ធ្វើ​ឲ្យ​ធ្លាក់​ឈាម​បាន​ដែរ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ក្នុង​ករណី​ទាំង​ពីរ​នេះ ការ​ធ្លាក់ឈាម​រឹមៗ​អាច​បង្កឡើង​ដោយ​ការ​រួមភេទ ឬ​ការ​ពិនិត្យ​ក្នុង​អាង​ត្រគាក​។​

​ការបង្ក​រោគ​៖ ការបង្ក​រោគ​នៅ​ទ្វារមាស​ក៏​ប្រហែលជា​ធ្វើឲ្យ​ធ្លាក់​ឈាម​តាម​ទ្វារមាស​ភ្លាមៗ​បានដែរ​។ ការ​ធ្លាក់ឈាម​នេះ​ប្រហែល​ជាប់​ទាក់ទង​នឹង​ការហូរ​ទឹករំអិល​ពី​ទ្វារមាស​ខុសធម្មតា​ដែរ​។ 

​តើ​អ្វី​ទៅ​ជា​មូលហេតុ​ធ្ងន់ធ្ងរ​នៃ​ការ​ធ្លាក់ឈាម​ច្រើនៗ​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ទៅ​?
​ការធ្លាក់​ឈាម​តាម​ទ្វារមាស​ក្នុងពេល​មាន​ផ្ទៃពោះ​ដំបូងៗ ពេល​ខ្លះ​អាច​បញ្ចាក់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ​បាន​។ មូលហេតុ​ធ្ងន់ធ្ងរ​នៃ​ការ​ធ្លាក់ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​មានដូចជា​៖

​ការ​រលូត​កូន​៖
•​    ​មាន​អាការៈ​ញឹកញាប់​ដូចជា ធ្លាក់ឈាម ឈឺ​ក្នុង​ពោះ និង​ឈឺ​ខ្នង​
•​    ​ការពិនិត្យ​អាច​បង្ហាញ​ថា មាត់ស្បូន​កំពុងតែ​បើក​ស្រាប់​
•​    ​ការ​រលូត​កូន​អាច​កើតឡើង​ប្រហែល ១៥ ទៅ​២០​ភាគរយ​នៃ​ការ​មាន​ផ្ទៃពោះ ដែល​វា​ច្រើនតែ​កើតឡើង​ក្នុង​រយៈពេល​ពរ​ពោះ​បាន ១២​សប្តាហ៍​ដំបូង​
•​    ​បញ្ហា​ខូច​ហ្សែ​ន​អាច​ជា​ហេតុផល​មួយ​បញ្ជាក់​អំពី​មូលហេតុ​ញឹកញាប់​នៃ​ការ​រលូត​កូន​បាន​
•​    ​មាន​ករណី​តិចតួច​ដែរ ដែល​ការ​រលូត​កូន​អាច​បង្ការ​បាន​

​ជំងឺ​កូន​ពង​៖
•​    ​ជំងឺ​កូន​ពង​គឺជា​ភាពមិនធម្មតា​មួយ​នៃ​ការ​រលាយ​ចូលគ្នា​នៃ​មេ​ជីវិត​ទាំងពីរ ដែល​នាំ​ឲ្យ​លូតលាស់​ចេញ​ជា​ជាលិកា​មិនធម្មតា​ក្នុង​ស្បូន​ទៅវិញ​
•​    ​កូន​ពង​មិនមែនជា​កូន​ទេ តែ​វា​នឹង​ចេញ​ជា​សញ្ញា​របស់​ជំងឺ​នេះ​លឿន​ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​
•​    ​កូន​ពង​មិន​អាច​សម្រាល​បាន​ដូច​កូន​ធម្មតា​ឡើយ​
•​    ​ការធ្លាក់​ឈាម​តាម​ទ្វារមាស​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​កូន​ពង​ដែរ​
•​    ​ការថត​អេកូ​អាច​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​នេះ​ដឹង​

​កូនក្រៅស្បូន​៖
•​    ​ការធ្លាក់​ឈាម​តាម​ទ្វារមាស​តិចៗ និង​ឈឺពោះ​កាន់តែខ្លាំង​ប្រហែល​ជា​បញ្ជាក់​អំពី​វត្តមាន​នៃ​ជំងឺ​កូនក្រៅស្បូន​បាន​
•​    ​កូនក្រៅស្បូន​អាច​កើតឡើង​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ៦០​នាក់​
•​    ​កូនក្រៅស្បូន​ភាគច្រើន​គឺ​កូន​ជាប់​នៅក្នុង​បំពង់​ដៃ​ស្បូន​តែម្តង ដែល​ជាហេតុ​នាំ​ឲ្យ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​បាន​បើសិនជា​មិន​ព្យាបាល​
•​    ​ករណីខ្លះ ការចាក់​បញ្ចូល​ឈាម និង​ការវះកាត់​បន្ទាន់​គឺជា​រឿង​ចាំបាច់​ដើម្បី​ព្យាបាល​ជំងឺ​កូនក្រៅស្បូន​នេះ​

​ការ​រលូត​កូន​បែប​គម្រាម​គំហែង​៖
•​    ​បើសិន​ជា​ស្ត្រី​ម្នាក់​កំពុងតែ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ធ្វើការ​ទាត់​ចោទ​ចោល​នូវ​ការ​រលូត​កូន​មួយ​ចេញ​
•​    ​រោគសញ្ញា​នៃ​ការ​រលូត​កូន​បែប​គម្រាម​គំហែង​គឺជា​ការ​ធ្លាក់ឈាម ហើយ​ឈឺពោះ​បែបរ​មួល​តិចតួច ប៉ុន្តែ​មាត់ស្បូន​នៅ​បិទ​

​ការធ្លាក់​ឈាម​ចេញពី​សុក​៖
•​    ​ក្នុងករណី​នេះ​គេ​អាច​មើលឃើញ​កំណក​ឈាម​ក្នុង​ស្បូន​តាមរយៈ​ការថត​អេកូ​
•​    ​យ៉ាងណាមិញ រាងកាយ​នឹង​អាច​បឺត​ស្រូប​យក​កំណក​ឈាម​នោះ​ទៅ​ក្នុង​ខ្លួន​វិញ តែ​ពេល​ម្តងម្កាល​ក៏​អាច​ធ្លាក់​ជា​កំណក​ឈាម​ខ្មៅៗ ឬ​តូចៗ​តាម​ទ្វារមាស​ដែរ​។ 

​ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​
​គ្រប់​ពេល​ទាំងអស់​ដែល​អ្នក​សម្គាល់​ឃើញ​មានការ​ធ្លាក់ឈាម​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ការ​មាន​ផ្ទៃពោះ វា​គឺជា​ពេលវេលា​ស័ក្តិសម​ហើយ​ក្នុង​ការទាក់ទង និង​ជួប​គ្រូពេទ្យ​។ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​បើសិនជា​ការ​ធ្លាក់ឈាម​នេះ​មាន​លក្ខណៈ​ខ្លាំងក្លា ឬ​ជាប់ទាក់ទង​នឹង​ការឈឺចាប់ ឬ​ឈឺចាប់​បែប​រមួលៗ​ក្នុង​ពោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play