ជំងឺលើសឈាម

មិន​ចង់​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ធ្វើ​ដូចម្តេច​ទើប​ល្អ​?

​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​កត្តា​ប្រឈមមុខ​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​បេះដូង តម្រង​នោម ដាច់​សរសៃឈាម​ខួរក្បាល និង​ខ្សោយបេះដូង​។ ការ​លើស​សម្ពាធ​ឈាម​គឺជា​រឿង​ដែល​គ្រោះថ្នាក់​ជាពិសេស​តែ​ម្តង ដោយសារ​តែ​វា​ច្រើន​តែ​មិន​បង្ក​ជា​រោគសញ្ញា​ប្រកាសអាសន្ន​អ្វី​ទាំងអស់​។ សំណាង​ដែល​អ្នក​អាច​ស្វែងយល់​អំពី​ជំងឺ​នេះ​បាន​តាមរយៈ​ការ​វាស់​សម្ពាធ​ឈាម​ជា​ទៀងទាត់ ជាពិសេស​នៅពេល​ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ បើសិន​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គួរតែ​ធ្វើ​រឿង​ដើម្បី​បញ្ចុះ​វា​វិញ​។ អ្វី​ដែល​កាន់តែ​សំខាន់​នោះ​គឺថា បើសិន​ជា​សម្ពាធ​ឈាម​ធម្មតា អ្នក​អាច​រៀន​អំពី​របៀប​ធ្វើឲ្យ​វា​កុំ​ឲ្យ​ឡើង​ខ្ពស់​បាន​។ 

​អ្នក​អាច​បង្ការ​កុំឲ្យ​លើស​សម្ពាធ​ឈាម​បាន​តាមរ​យៈ​៖
​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​
​ការ​ដែល​ធាត់​អាច​ធ្វើឲ្យ​អ្នក​ងាយ​នឹង​លើស​សម្ពាធ​ឈាម​ជាង​មនុស្ស​ដែល​មាន​ទម្ងន់​ធម្មតា​រហូតដល់ ពីរ​ទៅ​ប្រាំមួយ​ដង​ឯណោះ​។ ទោះបីជា​ការ​ស្រក​ទម្ងន់​តិចតួច ក៏​អាច​ជួយ​ឲ្យមាន​ការបង្ការ និង​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម​ខុស​គ្នា​ដែរ​។ 

​ហាត់ប្រាណ​ទៀងទាត់​
​អ្នក​ដែល​មាន​ភាព​សកម្ម​ខាង​រាងកាយ​អាចជួយ​បន្ថយ​ការប្រឈមមុខ​នៃ​ការ​លើស​សម្ពាធ​ឈាម​បាន​ពី ២០ ទៅ​៥០​ភាគរយ ជាង​អ្នក​ដែល​រស់នៅ​គ្មាន​ភាព​សកម្ម​ដែរ​។ អ្នក​មិន​បាច់​រត់​ដូច​កីឡា​ម៉ា​រ៉ា​តុង​ឡើយ គ្រាន់តែ​ធ្វើ​សកម្មភាព​តិចតួច រាល់​ថ្ងៃ​ក៏​អាច​ជួយ​បន្ថយ​ការប្រឈមមុខ​បានដែរ​។ 

​បន្ថយ​ការ​ញ៉ាំ​ប្រៃ​
​ជាធម្មតា នៅពេល​មនុស្ស​យើង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ គេ​តម្រូវ​ឲ្យ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ ដើម្បី​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​វិញ​។ 

​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​។ ដើម្បី​បង្ការ​ការ​លើស​សម្ពាធ​ឈាម ចូរ​កាត់បន្ថយ​ចំនួន​គ្រឿង​ស្រវឹង​ដោយ​កុំឲ្យ​ញ៉ាំ​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ 

​បន្ថយ​ស្ត្រេ​ស​
​ស្ត្រេ​ស​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន ហើយ​រយៈពេល​យូរៗ​ទៅ វា​ជា​មូលហេតុ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ទៀង​ផង​។ មាន​វិធី​ច្រើនណាស់​ដែល​យើង​អាច​បន្ថយ​ភាព​ស្ត្រេ​ស​ក្នុង​ខ្លួន​បាន​។ 

​ក្រៅពី​នេះ​ជីវជាតិ​ប្រហែល​ជា​ជួយ​ដល់​ការ​ការបង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​ដែរ​ដូចជា​៖
​ប៉ូ​តា​ស្យូម​
​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​នឹង​ជួយ​ការពារ​មនុស្ស​មួយចំនួន​ពី​ការ​លើស​សម្ពាធ​ឈាម​បាន​។ អ្នក​ប្រហែលជា​អាច​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូម​ពីរបប​អាហារ​គ្រប់គ្រាន់ ដូច្នេះ​មិន​ចាំបាច់​លេបថ្នាំ​បំប៉ន​បន្ថែម​ឡើយ​។ បន្លែ ផ្លែឈើ អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​ត្រី​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូ​តា​ស្យូម​។​

​កាលស្យូម​
​កាលណា​ញ៉ាំ​ជាតិ​កាលស្យូម​តិច វា​នឹង​ធ្វើឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្ពស់​ដែរ​។ យ៉ាងណាមិញ វា​មិន​ត្រូវបាន​គេ​អះអាង​ថា ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​នឹង​ជួយ​បង្ការ​ការ​លើស​សម្ពាធ​ឈាម​ឡើយ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រាកដថា មនុស្ស​ធំ​ញ៉ាំ​ជាតិ​កាលស្យូម ១០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ និង​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះកូន និង​មនុស្ស​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ត្រូវ​ញ៉ាំ​ជាតិ​កាលស្យូម ១២០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ប្រភព​ជាតិ​កាលស្យូម​ដ៏​ល្អ​នោះ​គឺ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ឬ​ទឹកដោះគោ​។ 

​ម៉ាញ៉េ​ស្យូម​
​របប​អាហារ​ដែល​មាន​ជាតិ​ម៉ាញ៉េស្យូ​មទាប​ប្រហែលជា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ ប៉ុន្តែ​គ្រូពេទញយ​មិន​បាន​ណែនាំ​ឲ្យ​លេបថ្នាំ​គ្រាប់​ម៉ាញ៉េស្យូម​បន្ថែម​ដើម្បី​បង្កា​រការ​លើស​សម្ពាធ​ឈាម​ឡើយ ប៉ុន្តែ​អ្នក​អាច​ទទួល​វា​បាន​គ្រប់គ្រាន់​ពី​ចំណីអាហារ​។ ជាតិ​ម៉ាញ៉េស្យូ​មមាន​នៅក្នុង​គ្រាប់ធញ្ញ​ជាតិ បន្លែ​ពណ៌​បៃតង គ្រាប់​ផ្លែឈើ និង​សណ្តែក​។ 

​ប្រេង​ត្រី​
​វា​អាច​ហៅ​ម្យ៉ាងទៀត​បាន​ថា ជា​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​មាន​នៅក្នុង​ត្រី​សម្បូរ​ខ្លាញ់​ដូចជា សាល​ម៉ុង​ជាដើម​។ ជីវជាតិ​មួយ​នេះ​អាច​ជួយ​បន្ថយ​ការ​លើស​សម្ពាធ​ឈាម ប៉ុន្តែ​របៀប​នៃ​ការបង្ការ​របស់​វា​មិន​ទាន់​យល់​ដឹង​ច្បាស់​នៅឡើយ​ទេ ហើយ​ការ​លេបថ្នាំ​ប្រេង​ត្រី​នេះ​ក៏​មិនមែន​ជា​រឿង​ដែល​ត្រូវ​ណែនាំ​ឲ្យធ្វើ​ដែរ​។ 

​ខ្ទឹម​ស​
​មាន​អំណះអំណាង​មួយចំនួន​បាន​បញ្ជាក់ថា ឥទ្ធិពល​របស់​ខ្ទឹមស​អាច​បន្ថយ​ការ​លើស​សម្ពាធ​ឈាម ពង្រឹង​ដល់កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម និង​បន្ថយ​ការកើត​ជំងឺមហារីក​មួយចំនួន​ទៀត​។ 

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​សិន​មុន​នឹង​លេបថ្នាំ​បំប៉ន​គ្រប់​ប្រភេទ ព្រោះថ្នាំ​បំប៉ន​មួយចំនួន​អាច​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​ផ្សេងៗ​ទៀត ហើយក៏​អាច​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​បានដែរ​៕ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play